មន្ត្រីជាន់ខ្ពស់នៃក្រសួងការងារ ថ្លែងថា ការនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ នឹងរងផលប៉ះពាល់ប្រមាណ50% ទៅ60% នៅត្រីមាសទី2 ឆ្នាំ2020 នេះ។ នេះជាការថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីបច្ចុប្បន្នភាព នៃការធ្វើចត្តាឡីស័កចំពោះកម្មកររោងចក្រ ដែលឈប់សម្រាកនាអំឡុងពេលបុណ្យចូលឆ្នាំថ្មី។
ឯកឧត្តម ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងបែបនេះថា ការរងផលប៉ះពាល់ប្រមាណ50% ទៅ60% នៅត្រីមាសទី2 ឆ្នាំ2020 ក្នុងការនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ តម្រូវឱ្យភាគីពាក់ព័ន្ធរួមគ្នារិះរកដំណោះស្រាយ ពិសេសភាគីរាជរដ្ឋាភិបាល និយោជក សហជីព-កម្មករ និងអង្គការដៃគូនានា។
ឯកឧត្តម ហេង សួរ ដែលជារដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែរនោះ បានបន្តថា៖« នាពេលនេះ បណ្តាប្រទេសនៅទ្វីបអឺរ៉ុប និងអាមេរិករងផលប៉ះពាល់ ដោយសារជំងឺកូវីដ-19 ដូច្នេះគេសម្រេចបិទទីផ្សារលក់ដូរជាបន្តបន្ទាប់ រីឯប្រជាពលរដ្ឋក៏គ្មានអ្នកណាចាយវាយខ្ជីខ្ជាទៀតដែរ ដែលជាហេតុធ្វើឱ្យតម្រូវការសម្លៀកបំពាក់ ស្បែកជើង សម្ភារវាយនភណ្ឌនានា និងទំនិញផ្សេងទៀតនោះ ត្រូវបានកាត់បន្ថយយ៉ាងគំហុក»។
ឯកឧត្តម បានបន្ថែមថា រោងចក្រផលិតសម្ភារវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងមួយចំនួនធំនៅកម្ពុជា បានដាក់ពាក្យស្នើសុំព្យួរដំណើរការផលិត និងសុំបិទទ្វារជាបន្តបន្ទាប់រហូតជាង 100រោងចក្រ។ ដែលគិតមកដល់ពេលនេះ មានរោងចក្រប្រមាណជាង 130ហើយ ដែលបានដាក់ពាក្យស្នើសុំព្យួរ ក្នុងនោះមានកម្មករនិយោជិតប្រមាណជិត 10ម៉ឺននាក់ ដែលរងផលប៉ះពាល់ ពីការព្យួរនេះ។
ប៉ុន្តែដោយសារការខិតខំសម្របសម្រួលគ្នា រវាងភាគីពាក់ព័ន្ធទាំងឡាយ ទាំងភាគីរាជរដ្ឋាភិ បាល ភាគីនិយោជក និងកម្មករនិយោជិត បានសម្រួលពីការស្នើសុំបិទទ្វារ មកនៅត្រឹមការព្យួរបណ្ដោះអាសន្នសិន ហើយរាជរដ្ឋាភិបាល បានដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីរក្សានូវការងារ រក្សាប្រាក់ចំណូលខ្លះសម្រាប់កម្មករនិយោជិតទាំងនោះដែរ។
ថ្វីដ្បិតភាគីទាំងឡាយហាក់បន្ធូរបន្ថយឱ្យគ្នាទៅវិញមកក៏ពិតមែន ប៉ុន្តែចំពោះការនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងក៏កំពុងរងផលប៉ះពាល់ជាបណ្ដើរៗហើយដែរ ដោយមកដល់ត្រីមាសទី1 នៃឆ្នាំ2020 ការនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងនៅសល់ប្រមាណ 80% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ2019។
ឯកឧត្តម ហេង សួរ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី27 ខែមេសា ឆ្នាំ2020 នេះ កម្ពុជាមិនទាន់ទទួលបានការបញ្ជាទិញ ពីអ្នកបញ្ជាទិញនៅឡើយទេ សម្រាប់ខែឧសភា និងខែមិថុនា។ លោកបានថ្លែងយ៉ាងដូច្នេះថា «យើងទទួលស្គាល់ថា ការនាំចេញរបស់យើង គឺពិតជាប៉ះពាល់មែន ជាពិសេសក្នុងត្រីមាសទី2 នេះតែម្ដង ដែលយើងគិតថា អាចប្រហាក់ប្រហែល 50%ទៅ60% នៃតួលេខឆ្នាំទៅ»៕