ការលក់ឡាយឡុងនៅលើទីផ្សារមូលបត្រដោយសារតែCOVID-19 បានធ្វើឱ្យក្រុមហ៊ុន Berkshire Hattaway របស់មហាសេដ្ឋី Warren Buffett ខាតបង់អស់50ពាន់លានដុល្លារនៅក្នុងត្រីមាសទី1 ឆ្នាំ2020នេះ។
ក្រុមហ៊ុន Berkshire Hattaway ល្បីឈ្មោះខ្លាំងនៅក្នុងការវិនិយោគទៅលើ Goldman Sachs នៅក្នុងអំឡុងវិបត្តិហិរញ្ញវត្ថុ។ ប៉ុន្តែ នៅក្នុងត្រីមាសកន្លង ផ្សារហ៊ុន S&P 500 Index (S&P 500) បានធ្លាក់ចុះ 20% ហើយភាគហ៊ុនដែលក្រុមហ៊ុន Berkshire កំពុងកាន់កាប់មួយចំនួនធំ ក៏បានដាំក្បាលចុះលឿនជាងគេ ក្នុងនោះមាន American Express, Bank of America, Wells Fargo និងក្រុមហ៊ុនអាកាសចរណ៍ចំនួន4ផ្សេងទៀត (American, Delta, Southwest និង United)។ បិទការជួញដូរកាលពីថ្ងៃទី1ឧសភា Berkshire បានធ្លាក់ចុះប្រមាណជា19%។
ការខាតបង់ដ៏ធ្ងន់ធ្ងររបស់ក្រុមហ៊ុន Berkshire គឺដោយសារមូលបត្រដែលនៅជួរមុខក្នុងតារាងវិនិយោគ ទទួលរងផលប៉ះពាល់ពីវិបត្តិសុខភាព(COVID-19)។ បណ្ដាក្រុមហ៊ុនដែលមានភាគហ៊ុនរបស់ Berkshire សុទ្ធតែរងផលវិបាកពីវីរុសនេះ ដោយមានការធ្លាក់ថ្លៃចាប់ពី 5.2-34%។ ក្នុងនោះ ក្រុមហ៊ុនសាងសង់ផ្លូវដែក BNSF ដែលត្រូវបាន Berkshire បានទិញកាលពីឆ្នាំ2010 និងបណ្ដាក្រុមហ៊ុនលក់រាយ សុទ្ធតែត្រូវផ្អាកសកម្មភាព។
នេះគឺជាលើកទីពីរហើយដែលក្រុមហ៊ុនរបស់មហាសេដ្ឋី Warren Buffett បានប្រកាសខាតបង់ បើគិតចាប់ពីត្រីមាសទី4 ឆ្នាំ2018។ ប៉ុន្តែ ក្រុមហ៊ុនរបស់មហាសេដ្ឋីនេះក៏នៅមានចំណេញពីវិស័យធានារ៉ាប់រងផងដែរ ដោយរកបានប្រាក់ចំណេញ5.9ពាន់លានដុល្លារ ដោយសារតម្លៃមូលបត្រវិស័យនេះកើន6%។
Warren Buffett គិតមកដល់បច្ចុប្បន្ន មានទ្រព្យសរុប 72ពាន់លានដុល្លារអាមេរិក។ បុរសវ័យ89ឆ្នាំរូបនេះ គឺជាមហាសេដ្ឋីលំដាប់ទី4 នៅក្នុងពិភពលោក៕
ប្រភព៖ Bloomberg