ស្របពេលដែលមានការរីករាលដាលយ៉ាងខ្លាំងនៃមេរោគកូវីដ-19 គេសង្កេតឃើញមានកម្មវិធីជាច្រើន ត្រូវបានគេយកមកប្រើប្រាស់ក្នុងការទំនាក់ទំនង និងជួបប្រជុំគ្នាតាមរយៈ Video Conferencing ជំនួសឱ្យការជួបមុខគ្នាដោយផ្ទាល់ ដែលមានដូចជា Facebook Messenger, Skype, Zoom និង Microsoft Teams ជាដើម។
ដោយឡែកក្រុមហ៊ុន ហ្វេសប៊ុក ក៏បានធ្វើបច្ចុប្បន្នភាព(Update)ទៅលើកម្មវិធី WhatsApp ផងដែរ។ ការធ្វើបច្ចុប្បន្នភាពថ្មីនេះ គឺអាចធ្វើឱ្យមានចំនួនអ្នកចូលរួមបានកាន់តែច្រើន ពោលគឺអាចធ្វើការចូលរួមក្នុង Video Conferencing បានដល់ទៅ 8នាក់ ដែលពីមុនបានត្រឹមតែ 4នាក់ប៉ុណ្ណោះ។
ចំពោះសមាជិកដែលចង់ចូលរួមក្នុងក្រុម គឺត្រូវតែធ្វើបច្ចុប្បន្នភាពទៅលើកម្មវិធី WhatsApp ទៅជំនាន់ថ្មីចុងក្រោយបង្អស់ ទើបអាចធ្វើការចូលរួមបាន។
ខាងក្រោមនេះគឺជារបៀបដើម្បីចាប់ផ្ដើម Video Conferencing៖
- បើកកម្មវិធី WhatsApp ហើយចុចលើប៊ូតុង Call ដែលនៅផ្នែកខាងក្រោមអេក្រង់
- បន្ទាប់មកចុចលើរូបសញ្ញា “Call+” ដែលនៅផ្នែកខាងលើ និងខាងស្ដាំអេក្រង់
- ចុចលើពាក្យ “New Group Call” ហើយជ្រើសរើសសមាជិកដើម្បីបញ្ចូល (បានដល់ 7នាក់)
- ចុចលើរូបសញ្ញា វីដេអូ ដើម្បីចាប់ផ្ដើម Video Conferencing៕