ខ្សែប្រយុទ្ធ Neymar នឹងមិនមានវត្តមានទេ ប៉ុន្តែតារាឆ្នើម Kylian Mbappe នឹងមានវត្តមាន ខណៈដែលក្រុម
Monaco និង Paris Saint-Germain នឹងត្រូវជួបគ្នាក្នុងការប្រកួតដណ្តើមពាន Champions Trophy
ដែលជាយុទ្ធនាការបើករដូវកាលក្នុងក្របខ័ណ្ឌបារាំងនៅលើទឹកនៃប្រទេសម៉ារ៉ុកនៅរាត្រីនេះ។
កីឡាករទាំងពីរកំពុងតែស្ថិតចំកណ្តាលនៃពាក្យចចាមអារ៉ាមលើការដោះដូរកីឡាករនៅរដូវក្តៅនេះ
ស្របពេលដែលក្លិប PSG កំពុងតែត្រៀមលក្ខខណ្ឌរួចរាល់ក្នុងការទិញខ្សែប្រយុទ្ធ Neymar ពីក្លិប Barcelona
ហើយក្លិប Monaco កំពុងតែរក្សាជំហររបស់ខ្លួនទៅលើតារាឆ្នើមវ័យក្មេង Mbappe។ ប៉ុន្តែ
បើទោះបីមានការលេចឮជាច្រើនថា ក្លិប PSG កំពុងតែត្រៀមចំណាយប្រាក់ដល់ទៅ222លានអឺរ៉ូ
(ស្មើនឹង261លានដុល្លារអាមេរិក) ដើម្បីទិញរំលាយកិច្ចសន្យារបស់ខ្សែប្រយុទ្ធ Neymar ក៏ដោយ
ប៉ុន្តែតារាឆ្នើមអន្តរជាតិប្រេស៊ីលរូបនេះនៅតែស្ថិតលើទឹកដីសហរដ្ឋអាមេរិកជាមួយនឹងក្លិប Barcelona
នៅឡើយនៅពេលនេះ។ PSG នឹងធ្វើដំណើរទៅកាន់ការប្រកួតនេះ
ក្រោយពីបានចំណាយពេលប្រកួតមិត្តភាពមុនពេលបើករដូវកាលនៅលើទឹកដីសហរដ្ឋអាមេរិកហើយខ្សែការពារ Thiago Silva
ដែលត្រូវបានប្រធានក្លិបបង្ខំឲ្យឆ្លើយសំណួរជាច្រើនទាក់ទងនឹងមិត្តរួមជាតិប្រេស៊ីលរបស់គេកាលពីថ្ងៃសុក្រនោះ បានឲ្យដឹងថា៖ «ខ្ញុំដឹងថា វាពិតជាសំខាន់ណាស់ពីព្រោះខ្ញុំបានលេងជាមួយនឹងគេក្នុងកម្រិតអន្តរជាតិ។ ប៉ុន្តែ ពេលនេះវាមិនមែនជាពេលវេលាដ៏ល្អក្នុងការពិភាក្សាទៅលើបញ្ហានេះទេ។ យើងមានការប្រកួតមួយនៅថ្ងៃសៅរ៍
ហើយក្រោយពីការប្រកួតនេះ យើងនឹងអាចធ្វើការពិភាក្សាលើបញ្ហានោះបាន»។
ខ្សែការពាររូបនេះបានប្រាប់បន្តថា៖ «គ្រប់គ្នាដឹងពីអ្វីដែលខ្ញុំគិតអំពី Neymar។ រូបគេជាមិត្តភក្តិរបស់ខ្ញុំយើងបានលេងជាមួយគ្នាក្នុងកម្រិតអន្តរជាតិអស់រយៈពេល7ឆ្នាំមកហើយ។
យើងមានទំនាក់ទំនងយ៉ាងបើកចំហ។ នេះជាពេលវេលាដែលរូបគេត្រូវតែសម្រេចចិត្ត»។
ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង2ទៀបភ្លឺ (ម៉ោងនៅកម្ពុជា)៕