សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា សមត្ថកិច្ចនឹងមិនឃាត់អ្នកដំណើរដែលធ្វើដំណើរដោយគោរពច្បាប់ចរណ៍ ដើម្បីសួររកឯកសារនោះទេ។
សម្តេចបញ្ជាក់ផងដែរថា អ្នកធ្វើដំណើរត្រឹមត្រូវដោយគ្មានកំហុស អាចធ្វើដំណើរបានជាធម្មតា និងដោយរលូនព្រោះគ្មានសមត្ថកិច្ចណាមកស្ទាក់សួរនាំរកឯកសារទេ តែប្រសិនបើយើងបានបំពានច្បាប់ត្រង់ចំណុចណាមួយដូចជាមិនពាក់មួកសុវត្ថិភាព ឬបំពានភ្លើងសញ្ញាចរាចរណ៍ ទើបសមត្ថកិច្ចធ្វើការឃាត់ ហើយសួររកឯកសារនៅពេលឃាត់នោះ។
គួរបញ្ជាក់ថាឯកសារសំខាន់ៗដែលប្រជាពលរដ្ឋត្រូវដាក់តាមខ្លួនមានដូចជា បណ្ណបើកបរច្បាប់ដើម ឬលិខិតអនុញ្ញាតអាជីវកម្មសម្រាប់រថយន្តអាជីវកម្ម លិខិតសម្គាល់យានយន្ត (កាតគ្រី) អាចថតចម្លងដោយមានការទទួលស្គាល់ពីសមត្ថកិច្ច និងការឆៀកយានយន្តឱ្យបានត្រឹមត្រូវជាដើម៕