ក្រុមហ៊ុនថៃ Stark បានជោគជ័យក្នុងការទិញក្រុមហ៊ុនផលិតខ្សែកាបចំនួន2របស់វៀតណាម ជាមួយនឹងទឹកប្រាក់សរុប 240លានដុល្លារអាមេរិក។
ក្រុមហ៊ុនផលិតខ្សែកាបរបស់វៀតណាមដែលត្រូវបានក្រុមហ៊ុនថៃ Stark ទិញនេះ គឺទី1 ក្រុមហ៊ុន Thipha Cable និងទី2គឺក្រុមហ៊ុន Dovina។ ក្រុមហ៊ុនទាំង2នេះត្រូវបានលក់ក្នុងតម្លៃសរុប 240លានដុល្លារ។ ការទិញដូរនេះ ត្រូវបានធ្វើឡើងដោយក្រុមហ៊ុន Phelps Dodge International (Thailand) Co Ltd ដែលជាអ្នកផលិតខ្សែភ្លើង និងខ្សែកាបលំដាប់កំពូលនៅប្រទេសថៃ និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Stark Corporation។
ជាមួយនឹងការព្រមព្រៀងនេះ ក្រុមហ៊ុន Stark មានគោលដៅបង្កើនផលិតកម្មរបស់ខ្លួន ក៏ដូចជាពង្រីកទីផ្សារដើម្បីក្លាយជាអ្នកផលិតខ្សែកាប ខ្សែភ្លើងនាំមុខគេក្នុងតំបន់។
Stark Corporation បានឱ្យដឹងថា “វិស័យជំនួញជារួម និងគោលដៅរបស់ក្រុមហ៊ុនទាំង2នេះ គឺដូចគ្នា ហើយវានឹងជួយគ្នាទៅវិញទៅមកទៅលើមុខជំនួញស្នូលរបស់ក្រុមហ៊ុន ក៏ដូចជាជួយបង្កើនគុណសម្បត្តិក្នុងការប្រកួតប្រជែងដល់Phelps Dodge នៅលើទីផ្សារអន្តរជាតិ”។
យោងតាម Mergermarket ការទិញដូរខាងលើនេះ គឺជាតំណាងនៃការជួញដូរក្នុងវិស័យឧស្សាហកម្មឯកជនធំបំផុតនៅវៀតណាមក្នុងអំឡុង3ឆ្នាំមកនេះ។ ករណីនេះក៏បង្ហាញអំពីភាពទាក់ទាញនៃទីផ្សារក្នុងស្រុកវៀតណាម និងឥទ្ធិពលក្នុងការប្រកួតប្រជែងដ៏ខ្លាំងក្លារបស់វៀតណាមក្នុងបណ្ដាប្រទេសជាសមាជិកសមាគមន៍អាស៊ានផងដែរ។
ក្រុមហ៊ុន Stark បានឱ្យដឹងថា ពួកគេនឹងបើកកិច្ចប្រជុំអនឡាញមួយដើម្បីបង្ហើយការទិញដូរនេះ ដោយសារតែផលប៉ះពាល់ពីវីរុសCOVID-19។
ក្រុមហ៊ុន ThiPha ត្រូវបានបង្កើតឡើងកាលពីឆ្នាំ1987 នៅទីក្រុងសៃហ្គន(ហូជីមិញ) គឺជាអ្នកផលិតខ្សែកាប និងខ្សែភ្លើងធំជាងគេលំដាប់ទី2នៅប្រទេសវៀតណាម។ ThiPha ក៏ធ្លាប់ផ្គត់ផ្គង់ទំនិញសម្រាប់សាងសង់អាគារវឌ្ឍនៈ និងហុងកុងឡែន នៅភ្នំពេញផងដែរ។
ចំណែកក្រុមហ៊ុន Dovina វិញ ត្រូវបានបង្កើតឡើងដោយភាគហ៊ុនិកនៃក្រុមហ៊ុន Thinh Phat ដើម្បីនាំចូលនិងកែច្នៃស្ពាន់ និងអាលុយមីញ៉ូមសម្រាប់ផលិតខ្សែកាប និងខ្សែភ្លើង។ Dovina លក់ស្ពាន់ និងអាលុយមីញ៉ូមទៅឱ្យ ThiPha និងរោងចក្រជាច្រើនទៀតនៅវៀតណាម និងនៅបរទេស។
ThiPha និង Dovina សុទ្ធតែស្ថិតក្នុងបញ្ជីនៃកំពូលក្រុមហ៊ុនឯកជនទាំង100 ដែលធំជាងគេនៅប្រទេសវៀតណាម។ គិតមកដល់ខែកញ្ញា ឆ្នាំ2019 ទ្រព្យសរុបរបស់ Thipha និង Dovina បានឡើងដល់201លានដុល្លារអាមេរិក៕
ប្រភព៖ សារព័ត៌មានបរទេស