ទីរួមស្រុកតូចមួយនៅប្រទេសអ៊ីតាលី បានបោះពុម្ភក្រដាសប្រាក់ដោយឡែករបស់ខ្លួន ដើម្បីរួមចំណែកជួយដល់ប្រជាជនក្នុងតំបន់នេះ ដែលពួកគេកំពុងជួបការលំបាកដោយសារផលប៉ះពាល់ពីមេរោគCOVID-19។
ការបោះពុម្ភក្រដាសប្រាក់ដោយឡែកបែបនេះ ជួយឱ្យប្រជាជនប្រមាណជា550នាក់នៅទីរួមស្រុក Castellino del Biferno នៅភាគត្បូងប្រទេសអ៊ីតាលី មានភាពងាយស្រួលក្នុងការទិញដូរសម្ភារសំខាន់ៗក្នុងបណ្ដាហាងទំនិញនៅក្នុងមូលដ្ឋាន។
អភិបាលទីរួមស្រុក Castellino del Biferno លោក Enrico Fratangelo ថ្លែងថា “យើងសម្រេចចិត្តបោះពុម្ភក្រដាសប្រាក់នេះគឺដើម្បីធានាឱ្យសេដ្ឋកិច្ចក្នុងមូលដ្ឋាន អាចទប់ទល់ជាមួយនឹងឥទ្ធិពលរបស់ស្ថានភាពនេះ(វិបត្តិសុខភាព COVID-19)។
ក្រដាសប្រាក់ Ducati ត្រូវបានប្រើប្រាស់ដើម្បីទិញដូរស្បៀងអាហារ និងរបស់របរប្រើប្រាស់ចាំបាច់ផ្សេងទៀតនៅក្នុងហាងទំនិញដែលស្ថិតក្នុងទីរួមស្រុក។ តម្លៃនៃក្រដាសប្រាក់ Ducati នេះ គឺស្មើនឹងតម្លៃក្រដាសប្រាក់ EUR ក្នុងនោះក្រដាសប្រាក់ដែលមានតម្លៃទាបបំផុតគឺ 5Ducati ដែលស្មើនឹង5 EUR។
ក្រដាសប្រាក់ Ducati ត្រូវបានបោះពុម្ភនៅក្នុងហាងថតចម្លង(photocopy) ក្នុងទីរួមស្រុក បន្ទាប់មកត្រូវបានក្រុមប្រឹក្សាទីរួមស្រុកបោះត្រាពីលើដើម្បីធានាអំពីតម្លៃរបស់វា។ ការបោះពុម្ភក្រដាសប្រាក់នេះ ពិតជាមានភាពស្របច្បាប់ ព្រោះវាគោរពទៅតាមការកំណត់ដែលត្រូវបានរដ្ឋាភិបាលអ៊ីតាលីអនុម័តយល់ព្រមកាលពីឆ្នាំ2018។
គិតមកដល់បច្ចុប្បន្ន ក្រដាសប្រាក់ Ducati រាប់ពាន់សន្លឹកត្រូវបានបោះពុម្ភ និងចែកចាយដល់ប្រជាជន និងអាជីវករនៅក្នុងទីរួមស្រុក។ រៀងរាល់2សប្ដាហ៍ម្ដង ក្រុមអ្នករកស៊ី និងប្រជាជននឹងយកក្រដាសប្រាក់ Ducati ដែលពួកគេរកបានតាមរយៈការជួញ មកប្រគល់ជូនក្រុមប្រឹក្សាទីរួមស្រុក ហើយពួកគេនឹងទទួលបានក្រដាសប្រាក់ EUR ដែលមានតម្លៃដូចគ្នាត្រឡប់ទៅវិញ។
ទីរួមស្រុក Castellino del Biferno ទទួលបានជំនួយជាថវិកា5,500 EUR ពីរដ្ឋាភិបាលដើម្បីចែកប័ណ្ណទទួលអាហារដល់គ្រួសារក្រីក្រ និងគ្រួសារដែលរងគ្រោះដោយសារ COVID-19។ ទីរួមស្រុកនេះត្រូវប្រើប្រាស់ខ្ទង់ប្រាក់សន្សំ និងបោះពុម្ភក្រដាសប្រាក់ Ducati សម្រាប់ជួយដល់គ្រួសារជាង200 នៅក្នុងទីរួមស្រុក Castellino del Biferno នេះ។
អភិបាលទីរួមស្រុកCastellino del Biferno យល់ថា ក្រៅពីការជួយដល់ពលរដ្ឋក្នុងការទិញដូររបស់របរប្រើប្រាស់ប្រចាំថ្ងៃ ក្រដាសប្រាក់ Ducati នេះ ក៏អាចជួយឱ្យប្រជាជនក្នុងតំបន់មានអារម្មណ៍ល្អ និងស្និទ្ធស្នាលជាមួយនឹងទីកន្លែងដែលពួកគេកំពុងរស់នៅ ដោយអាជ្ញាធរទីរួមស្រុកនេះ បានបោះពុម្ភរូបភាពនានាដែលជានិមិត្តរូបរបស់ទីរួមស្រុក នៅលើក្រដាសប្រាក់ Ducati៕
ប្រភព៖ សារព័ត៌មានបរទេស