ក្នុងដំណាក់កាលដែលពិភពលោកកំពុងប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺ Covid-19 នេះ គ្រប់ប្រទេសទាំងអស់សុទ្ធតែឆ្លងកាត់ការលំបាកទាំងអស់ ជាពិសេសបញ្ហាហិរញ្ញវត្ថុ ដោយក្នុងនោះកម្ពុជាក៏ត្រូវជួបប្រទះបញ្ហាប្រឈមជាច្រើនផងដែរ។ ដើម្បីសម្រាលបន្ទុកដល់អាណាព្យាបាល វេសឡាញនឹងបញ្ចុះតម្លៃសិក្សា ៣០% សម្រាប់វគ្គសិក្សាថ្មីថ្ងៃទី១១ ខែឧសភាសខាងមុខនេះ និងបង្កើនគុណភាពសិក្សាអនឡាញ ។
លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិនគ្រុប បានលើកឡើងថា ក្នុងស្ថានភាពប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នេះ ប្រជាពលរដ្ឋគ្រប់គ្នាសុទ្ធតែទទួលរងនូវផលប៉ះពាល់សេដ្ឋកិច្ច ដោយក្នុងនោះរួមទាំងបុគ្គលិក គ្រូបង្រៀន និងអ្នកអាណាព្យាបាលសិស្សផងដែរ។ យើងទាំងអស់គ្នាសុទ្ធតែមានក្រុមគ្រួសារ និងកាតព្វកិច្ចចំណាយត្រូវរ៉ាប់រង ចំណែកឯសាលារៀនក៏ត្រូវប្រើប្រាស់ថ្លៃសិក្សាសិស្សដែលនៅសល់ និងកម្ចីបន្ថែមពីធនាគារសម្រាប់រ៉ាប់រងចំណាយបៀវត្សគ្រូ បុគ្គលិកសិក្សា ការវិនិយោគ និងការចំណាយលើការផលិតមេរៀនអនឡាញជាដើម។ បន្ថែមពីលើនេះយើងក៏ត្រូវការចំណាយលើការទិញឧបករណ៍សម្រាប់ថត និងផ្សាយខ្លឹមសារមេរៀន ការចំណាយថ្លៃអគារ ថ្លៃភ្លើង ចំណាយរដ្ឋបាលបន្ទាប់បន្សំ និងការប្រាក់ធនាគារផងដែរ។ វាជាស្ថានភាពលំបាកទាំងអស់គ្នាដែលត្រូវការការសហការ ការយល់ពីគ្នាទៅវិញទៅមកខ្ពស់ដើម្បីយើងអាចឆ្លងផុតវិបត្តិនេះទាំងអស់គ្នា ជាពិសេសគឺដើម្បីបន្តធានាគុណភាព និងស្ថិរភាពសិក្សារបស់សិស្សទាំងអស់គ្នា។
លោក ប៉ិច បូឡែន បាននិយាយថា៖ «ក្នុងស្ថានភាពលំបាកនេះ យើងពិតជាត្រូវជួយគ្នាខ្លាំងណាស់។ សាលារៀនបានសម្រេចចិត្តលែងគិតប្រាក់ចំណេញអំឡុងពេលលំបាកនេះ ដោយយើងបានកាត់បន្ថយចំណាយដែលមិនចាំបាច់ទាំងអស់ ទុកតែចំណាយថែទាំអគារតិចតួច និងចំណាយសម្រាប់បង្រៀនអនឡាញប៉ុនណោះ។ ក្នុងដំណាក់កាលលំបាកនេះ យើងបានសុំការបញ្ចុះថ្លៃជួលទីតាំងខ្លះ ហើយបុគ្គលិកគ្រូបង្រៀនទាំងអស់ក៏ត្រូវបានសុំការយោគយល់បន្ថយបៀវត្សន៍ និងប្រាក់ឈ្នួលប្រចាំខែផងដែរ។ សាលារៀន និងបុគ្គលិកធ្វើបែបនេះក្នុងគោលបំណងធំមួយគឺអាចមានលទ្ធភាពបញ្ចុះតម្លៃ 30% ដើម្បីជួយសម្រួលបន្ទុកចំណាយជូនសិស្សានុសិស្ស និងអាណាព្យាបាលទាំងអស់ក្នុងស្ថានភាពលំបាកនេះ ជាពិសេសគឺការលៃលក និងប្រឹងប្រែងបន្តបង្រៀនសិស្សជាទីស្រឡាញ់របស់យើងក្នុងកម្រិតគុណភាពខ្ពស់មួយក្នុងស្ថានភាព Covid-19 នេះ»។
អ្នកដឹកនាំគ្រឹះស្ថានអប់រំខាងលើបានបញ្ជាក់បន្ថែមទៀតថា ទោះជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ យើងនៅតែគិតគូរពីគុណតម្លៃ និងគុណភាពសិក្សាសម្រាប់សិស្សានុសិស្សរបស់យើង។ ចំណូលដែលនៅសេសសល់ប៉ុន្មាន គឺយើងព្យាយាមធ្វើយ៉ាងណា ដើម្បីឱ្យចំណាយទទួលបានគុណភាពខ្ពស់បំផុត ដោយយើងលើកទឹកចិត្តគ្រូបង្រៀនដែលក្រាញននាលលើសមរភូមិបង្រៀនអនឡាញនេះប្រកបដោយការយកចិត្តទុកដាក់។ នៅក្នុងស្ថានភាពនេះ មនុស្សជាច្រើនយល់ថាការងាររបស់គ្រូបង្រៀន និងបុគ្គលិកប្រហែលជាមានតិចជាងមុន តែស្ថានភាពជាក់ស្តែងគឺគ្រូបង្រៀន និងបុគ្គលិកត្រូវធ្វើការច្រើនជាងមុន ព្រោះគាត់ត្រូវស្រាវជ្រាវឯកសារផង ថតមេរៀនជាវីដេអូផង ឆ្លើយសំណួរសិស្ស និងអ្នកអាណាព្យាបាលសិស្សគ្រប់ពេលផង និងត្រូវព្យាយាមបង្រៀនច្រើនលើកច្រើនសារទៅតាមក្រុមតូចៗ និងបត់បែនទៅតាមពេលវេលាទំនេររបស់សិស្ស និងអ្នកអាណាព្យាបាលផង។ ពួកគាត់ត្រូវធ្វើការងារទាំងព្រឹក រសៀល ល្ងាច និងចុងសប្តាហ៍ ដោយទទួលបានប្រាក់កម្រៃមធ្យម សម្រាប់ទ្រទ្រង់ជីវភាពក្រុមគ្រួសារ និងកាតព្វកិច្ចហិរញ្ញវត្ថុជាច្រើនផ្សេងទៀត។ ហេតុនេះហើយទើបយើងពិតជាមិនអាចបន្ទាបតម្លៃបន្ថែមទៀតបាននោះទេ ព្រោះវាអាចនឹងប៉ះពាល់បន្តគ្នាទៅដល់បៀវត្ស ប្រាក់ឈ្នួល និងជីវភាពរបស់គ្រូបង្រៀន និងបុគ្គលិកដែលគាត់ខិតខំប្រឹងប្រែងបង្រៀនកូនៗរបស់យើងទាំងអស់គ្នា។
លោកបានបញ្ជាក់ផងដែរថា សាលារៀន គណនាយក បុគ្គលិក គ្រូបង្រៀនរបស់យើងបានខិតខំប្រឹងប្រែងបន្តគិត និងព្យាយាមឱ្យអស់ពីលទ្ធភាព សមត្ថភាព និងធនធានដែលមាននៅសល់ទាំងប៉ុន្មាន ដើម្បីបន្តបង្រៀនតាមអនឡាញជូនកូនៗរបស់យើង។ ក្នុងដំណាក់កាលនេះសាលាបានធ្វើសកម្មភាពជាច្រើនដើម្បីរៀចចំបន្ថែមជូនសិស្ស និងអ្នកអាណាព្យាបាលទាំងអស់ដោយយើងបានផលិតវីដេអូបង្រៀនប្រមាណជាង 1,500បន្ថែមទៀតសម្រាប់បង្រៀនសិស្ស។ ក្រៅពីនេះក៏មានផ្តល់ជូននូវវេទិកាសិក្សាអនឡាញថ្មីមួយចាប់ពីខែឧសភាតទៅ សម្រាប់សិស្សរៀនតាមវីដេអូ មើលមេរៀន និងប្រឡងអនឡាញជាដើម។ យើងក៏បានដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រងទំនាក់ទំនងសាលារៀននៅចុងខែឧសភា ឆ្នាំ2020នេះ។ លើសពីនេះទៅទៀត យើងបានបង្កើនកម្មវិធីអប់រំតាមទូរទស្សន៍អនឡាញ ដោយមានកម្មវិធីអប់រំ ប្រឹក្សាយោបល់ និងកម្សាន្តជាច្រើនសម្រាប់សិស្សានុសិស្សរបស់យើងដែលកំពុងនៅផ្ទះផងដែរ។ ទន្ទឹមនឹងនេះដែរ វេសឡាញបានដាក់ឱ្យដំណើរការកម្មវិធីបង្រៀនដោយមានកាលវិភាគសិក្សា ម៉ោងចូល ម៉ោងចេញ ការតាមដានវត្តមាន និងស្រង់ពិន្ទុជាក់លាក់កដូចជាការរៀននៅក្នុងសាលាដែរ ដើម្បីធានាពីគុណភាពក្នុងការអប់រំ។ យើងក៏បានរៀបចំកញ្ចប់សម្ភារសិក្សា និងឧបករណ៍កម្សាន្តបែបអប់រំជូនកុមារតូច និងផ្តល់ជូននូវកម្មវិធីបណ្តុះបណ្តាល និងពិគ្រោះយោបល់ការងារ និងអាជីវកម្មជូនអ្នកអាណាព្យាបាលដោយឥតគិតថ្លៃ ដើម្បីជាការឆ្លើយតបជាមួយនឹងតម្រូវការជាក់ស្តែងទាំងសិស្ស និងអ្នកអាណាព្យាបាល។ ស្របជាមួយគ្នានេះដែរយើងបានបង្កើតវេទិកាលក់ដូរអេឡិចត្រូនិចមួយសម្រាប់ស្តា និងជំរុញមុខរបរមាតាបិតាសិស្សឱ្យបានប្រើសើរឡើងមួយកម្រិត និងបន្តគិតគូរពីយន្តការនានាបន្ថែមទៀតដើម្បីធានាឱ្យបាននូវការអប់រំពេញលេញមួយសម្រាប់សិស្ស និងអ្នកអាណាព្យាបាល។
ទន្ទឹមនឹងនេះលោក ប៉ិច បូឡែន ក៏បានសំណូមពរផងដែរឱ្យអាណាព្យាបាលសិស្សទាំងអស់សូមជួយសហការឱ្យកាន់តែជិតស្និទ្ធ ជាមួយនឹងសាលារៀននៅក្នុងការគាំទ្រការសិក្សាតាមអនឡាញ របស់បុត្រធីតា តាមរយៈការប្រាស្រ័យទាក់ទងមកសាលារៀនដើម្បីស្វែងយល់ពីបច្ចេកវិទ្យាក្នុងការអប់រំ និងកម្មវិធីសិក្សាអនឡាញ ក៏ដូចជាមាតិកាអនឡាញនានា។ សូមអាណាព្យាបាលភ្ជាប់ទំនាក់ទំនងល្អជាមួយលោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលាឱ្យបានជិតស្និទ្ធបំផុតព្រោះស្ថានភាព Covid-19 ជារឿងបណ្តោះអាសន្ន តែបច្ចេកវិទ្យាក្នុងការសិក្សាអនឡាញជារឿងអនាគត ខណៈទំនាក់ទំនងរវាងគ្រូបង្រៀន សាលារៀន និងអាណាព្យាបាលជារឿងអចិន្ត្រៃយ៍សម្រាប់ការអប់រំបុត្រ បុត្រធិតារបស់យើងទាំងអស់គ្នា៕