រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានការតវ៉ាមួយចំនួនពីអាណាព្យាបាលសិស្សដែលមានកូនសិក្សានៅសាលាអន្តរជាតិថ្លៃៗមួយចំនួន ក្នុងគោលបំណងសុំបញ្ចុះថ្លៃសិក្សាកូននៅពេលដែលពិភពលោក ក៏ដូចជាកម្ពុជាត្រូវប្រឈមជាមួយនឹងបញ្ហាហិរញ្ញវត្ថុដែលកើតឡើងដោយវិបត្តិនៃជំងឺ Covid-19។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ចាន់ សុផល អ្នកជំនាញសេដ្ឋកិច្ច បានបញ្ហាញការយល់ឃើញរបស់លោកក្នុងបណ្តាញសង្គមថា សាលារៀនអាចនឹងបញ្ចុះថ្លៃសិក្សាដល់សិស្សបានខ្លះប្រសិនបើគាត់ព្យាយាមកាត់បន្ថយការចំណាយក្នុងរយៈពេលវែង តែក្នុងរយៈពេលខ្លី សាលាទំនងជាមិនអាចធ្វើបាននោះទេ។
លោក ចាន់ សុផល បានសរសេរថា តាមការយល់ឃើញរបស់លោក ម្ចាស់សាលារៀនគួរតែពន្យល់មាតាបិតារបស់សិស្សានុសិស្សឱ្យបានច្បាស់លាស់ និងទន់ភ្លន់។ មុខចំណាយខ្លះសាលាអាចសន្សំបាន រីឯមុខចំណាយខ្លះសន្សំមិនបាននោះទេ ហើយចំណាយលើអ៊ីនធើណិតអាចនឹងកើនឡើងក្នុងរយៈពេលខ្លីនេះ។
លោកថា មុខចំណាយដែលអាចសន្សំបានមានដូចជាថ្លៃអគ្គិសនី ថ្លៃទឹក ថ្លៃជួលរថយន្តដឹកសិស្ស ឬថ្លៃប្រេងឥន្ធនៈរថយន្ត រួមទាំងថ្លៃអាហារសម្រាប់សិស្សបានជាវនៅសាលាជាដើម តែមុខចំណាយដែលមិនអាចសន្សំបានក្នុងរយៈពេលខ្លីមានដូចជាថ្លៃឈ្នួលអគារ ប្រាក់ឈ្នួលគ្រូបង្រៀន និងបុគ្គលិក ការចំណាយលើកម្មវិធីសិក្សាអន្តរជាតិ (ប្រសិនបើមាន) និងការបង់ប្រាក់សម្រាប់ទុនវិនិយោគ។ បន្ថែមពីលើនេះ មុខចំណាយដែលត្រូវបង្កើននៅពេលនេះ គឺថ្លៃប្រើប្រាស់អ៊ីនធើណិត និងកម្មវិធី Zoom ជាដើម។
អ្នកជំនាញខាងលើបានបញ្ជាក់ផងដែរថា នៅក្នុងរយៈពេលវែង សាលាអាចកាត់បន្ថយបុគ្គលិក ជំនួយការគ្រូបង្រៀន អ្នកបើកបរ កម្មករ និងការជួលអគារប្រសិនបើសាលាបន្តការបង្រៀនអនឡាញ។ ការធ្វើដូចនេះនឹងធ្វើឱ្យសាលាអាចកាត់បន្ថយថ្លៃសិក្សាបាន ក៏ប៉ុន្តែនៅក្នុងរយៈពេលខ្លី សាលាមិនអាចធ្វើដូចនេះបានទេ។ នេះបើតាមការយល់ឃើញរបស់លោក៕