ភ្នំពេញ៖ នៅក្នុងឆមាសទី1 ឆ្នាំ2017នេះចំនួនទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានកើនឡើង21.8% មានចំនួនជាទឹកប្រាក់126.8ទ្រីលានរៀលដែលគាំទ្រដោយកំណើនមូលនិធិកម្ចីដើមទុនរបស់សាមីគ្រឹះស្ថាន និងប្រាក់បញ្ញើរបស់អតិថិជនដែលនេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិកម្ពុជាចេញផ្សាយកាលពីពេលថ្មីៗ។
របាយការណ៍ដែលត្រូវបានចែកផ្សាយនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆមាសទី1 និងលើកទិសដៅការងារឆមាសទី2 ឆ្នាំ2017នេះបង្ហាញថា មូលនិធិកម្ចីបានកើនឡើង29.5% ដល់12ទ្រីលានរៀល ក្នុងនោះដើមទុនមានកំណើន26%ដល់23.7ទ្រីលានរៀល ប្រាក់បញ្ញើអតិថិជនបានកើនឡើង23.4%ដល់70.8ទ្រីលានរៀល និងឥណទានបានកើនឡើង20.4% ដល់76.5ទ្រីលានរៀល។ ទន្ទឹមនឹងនេះចំនួនអ្នកដាក់ប្រាក់បញ្ញើកើនដល់ 4.8លាននាក់ ហើយចំនួនអ្នកខ្ចីប្រាក់ពីធនាគារមានចំនួនដល់ទៅ 2.6លាននាក់ឯណោះ។
ដោយសារកំណើននៃការខ្ចីប្រាក់ពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះហើយ បច្ចុប្បន្នស្ថាប័នទាំងនេះបានពង្រីកវិសាលភាពដែនសេវាកម្មតាមរយៈការបង្កើនសាខា និងបណ្តាញប្រតិបត្តិការនៅតាមរាជធានីខេត្ត-ក្រុង ការបង្កើនចំនួនម៉ាស៊ីនដក និងដាក់ប្រាក់ស្វ័យប្រវត្តិ (ATM) និងការផ្តល់សេវាទូទាត់អេឡិចត្រូនិក។ ជាក់ស្តែងសាខា និងបណ្តាញប្រតិបត្តិការ មានចំនួន 2,286 កន្លែង និងម៉ាស៊ីនដកប្រាក់ និងដាក់ប្រាក់ស្វ័យប្រវត្តិកើនដល់ 1,722កន្លែង ម៉ាស៊ីន(17.6%) ហើយសេវាផ្ទេរប្រាក់ទូទាត់សងប្រាក់អេឡិចត្រូនិកត្រូវបានប្រើប្រាស់ទូលំទូលាយ និងងាយស្រួលជាងមុន។
ជាមួយគ្នានេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក៏បានរក្សានូវភាពគ្រប់គ្រាន់នៃដើមទុន និងសន្ទនីយភាពយ៉ាងរឹងមាំដែលបង្ហាញតាមរយៈអនុបាតសាធនភាពជាមធ្យមប្រមាណ 23.6% និង22.2% និងអនុបាតសន្ទនីយភាពប្រមាណជា132.1% និង203% រៀងគ្នា។
បន្ថែមពីនេះ គ្រឹះស្ថានបានគ្រប់គ្រងឥណទានយ៉ាងមានប្រសិទ្ធភាព ដោយរក្សាបាននូវអនុបាតឥណទានមិនដំណើរការមានកម្រិតទាប ជាមធ្យមប្រមាណ2.5%សម្រាប់គ្រឹះស្ថានធនាគារ និង2%សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
គួរបញ្ជាក់ថា មកទល់បច្ចុប្បន្នកម្ពុជាមានធនាគារពាណិជ្ជចំនួន39 ធនាគារឯកទេស15 គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើសាធារណជន7 គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ66 ប្រតិបត្តិការឥណទានជនបទ267 ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ12 អ្នកដំណើរការតតិយភាគី13 ក្រុមហ៊ុនក្រេឌីតប្យូរ៉ូកម្ពុជា1 ការិយាល័យតំណាងធនាគារឯកទេស6 និងអាជីវករប្តូរប្រាក់មានចំនួន 2,437 ទីតាំង៕