រោងចក្រ Dongfeng Honda ត្រូវបានគេដឹងថា គឺជារោងចក្រ ដែលរួមបង្កើតដោយ Dongfeng Motor Group និង Honda Motor Company) ដែលមានមូលដ្ឋាននៅក្នុងទីក្រុងវូហាន ប្រទេសចិន បានបើកដំណើរការឡើងវិញហើយ ដោយមានការត្រួតពិនិត្យយ៉ាងហ្មត់ចត់ដើម្បីទប់ស្កាត់ កុំឱ្យមានការផ្ទុះជំងឺកូវីដ-19ជាលើកទី2។
សេចក្ដីរាយការណ៍ក៏បានឱ្យដឹងដែរថា បុគ្គលិកដែលចូលធ្វើការវិញ គឺត្រូវមានពាក់ស្រោមដៃ និងពាក់ម៉ាស់ទាំងអស់គ្នា ហើយនៅក្នុងរោងចក្រមានបិទប្រកាសព័ត៌មានប្រាប់ឱ្យបុគ្គលិកស្ថិតនៅឆ្ងាយពីគ្នាចម្ងាយ 1ម៉ែត្រផងដែរ។
បុគ្គលិកដែលវិលត្រឡប់ចូលធ្វើការវិញ ត្រូវបានសាកសួរ និងត្រូវរាយការណ៍ប្រាប់ថា ចាប់តាំងពីការផ្ទុះជំងឺកូវីដ-19មក តើពួកគេបានទៅកាន់ទីណាខ្លះ? និងមានការដំឡើងទីតាំងសម្រាប់វាស់កម្ដៅទៀតផង។ នេះបើតាមការលើកឡើងរបស់ជំនួយការអ្នកចាត់ការនៅរោងចក្រឈ្មោះ Li Shiquan។
ក្នុង 1ថ្ងៃ បុគ្គលិកនីមួយៗត្រូវបំពេញពាក្យដែលមានសំណួរអំពីស្ថានភាពសុខភាព ដូចជាតើមានក្អក ឬមានបានប៉ះពាល់ជាមួយអ្នកដែលមានបញ្ហាសុខភាពដែរឬអត់? ដោយម្នាក់ៗអាចបំពេញពាក្យតាមរយៈការស្គែន QR Code ជាមួយទូរស័ព្ទដៃ ហើយតាមការលើកឡើងរបស់លោក Li បានឱ្យដឹងថា ចាប់តាំងពីបន្តដំណើរការឡើងវិញមក គឺមិនមានកើតមាននូវករណីជំងឺកូវីដ-19នោះទេ នៅរោងចក្ររបស់លោក៕