ធនាគារជាតិនៃកម្ពុជា បានចេញលិខិតស្នើរសុំឱ្យមានការអនុគ្រោះបន្ធូបន្ថយការយកកម្រៃសេវារផ្សេងៗពាក់ព័ន្ធនឹងឥណទាន និងលើកលែងការផាកពិន័យផ្សេងៗចំពោះអតិថិជន ចំពោះមុខការរីករាលដាលនៃជំងឺ Covid-19។
នៅក្នុងលិខិតរបស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា សូមជម្រាបជូនដល់គ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុឱ្យបានជ្រាបថា ធនាគារជាតិនៃកម្ពុជាសូមធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរបស់គ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលបាន និងកំពុងអនុវត្តវិធានការនានាដែលបានដាក់ចេញកន្លងមក។ ក្នុងស្ថានភាពដែលពិភពលោក ក៏ដូចជាកម្ពុជាកំពុងប្រឈមនឹងការរីករាលដាលនៃមេរោគ Covid-19 ធនាគារជាតិនៃកម្ពុជាស្នើរសុំការយោគយល់ពីគ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្តល់ការអនុគ្រោះបន្ថែមដល់អតិថិជនដើម្បីសម្រាលបន្ទុករបស់គាត់មួយកម្រិតទៀតក្នុងគ្រាលំបាកនេះ ដូចជាការបន្ធូរបន្ថយកម្រៃសេវាផ្សេងៗពាក់ព័ន្ធនឹងឥណទាន និង/ឬ លើកលែងការផាកពិន័យផ្សេងៗចំពោះអតិថិជនរបស់ខ្លួនចាប់ពីកាលបរិច្ឆេទនៃលិខិតនេះ រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ 2020៕