រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា ការព្យាបាលអ្នកមានផ្ទុកវីរុសកូវីដ-19 ម្នាក់ត្រូវការចំណាយទឹកប្រាក់ចន្លោះពី 2,000ដុល្លារ ទៅ 2,500ដុល្លារអាមេរិក នេះបើតាមការថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពវីរុសកូវីដ-19 នៅថ្ងៃទី20 ខែមេសា ឆ្នាំ2020។
លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងឱ្យដឹងថា៖«ថវិកាដែលនឹងចំណាយពាក់ព័ន្ធនឹងរឿងនេះគឺ ជាង 1ពាន់ដុល្លារ សម្រាប់ចំណាយទៅលើការធ្វើតេស្តរកមេរោគ។ ដោយឡែកជាង 1ពាន់ដុល្លារទៀត ចំណាយទៅលើថ្លៃថ្នាំ អាហារហូបចុក ថែទាំ និងការស្នាក់នៅជាដើម»។
លោកជំទាវបានបន្ថែមថា ការចំណាយនេះអាស្រ័យទៅលើរយៈពេលនៃការព្យាបាល ពោលបើការព្យាបាលចំណាយពេលយូរ ការចំណាយក៏ច្រើនឡើងដែរ ហើយបើការព្យាបាលមានរយៈពេលខ្លី ការចំណាយក៏តិចទៅតាមហ្នឹងដែរ ហើយតម្លៃនេះ ក៏ប្រែប្រួលទៅតាមការព្យាបាលរវាងមន្ទីរពេទ្យរដ្ឋ និងឯកជនផងដែរ។ ការចំណាយនេះ មិនទាន់បូករួមការឧបត្ថម្ភដល់គ្រូពេទ្យអ្នកព្យាបាល 1ថ្ងៃម្នាក់ 20ម៉ឺនរៀល(50ដុល្លារ)ថែមពីលើប្រាក់បៀវត្សរ៍នៅឡើយផង។
មិនទាន់មានការបញ្ជាក់ពីការចំណាយសរុបក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងវីរុសកូវីដ-19 ក៏ដូចជាព្យាបាលអ្នកជំងឺនៅឡើយនោះទេ។ ប៉ុន្តែលោកស្រីរដ្ឋលេខាធិការ បានឱ្យដឹងថា ក្រសួងបានចំណាយថវិកាប្រមាណ 4.5លានដុល្លារអាមេរិក ជាថវិការបស់រដ្ឋ និងថវិកាសប្បុរសជន 5លានដុល្លារទៀត ដើម្បីទិញសម្ភារនានា សម្រាប់ក្រុមគ្រូពេទ្យប្រើប្រាស់។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានបញ្ជាក់ថា ការព្យាបាលអ្នកជំងឺកូវីដ-19 ទាំងជនបរទេស និងពលរដ្ឋខ្មែរ មិនត្រូវបានគិតថ្លៃពីអ្នកជំងឺនោះទេ។ ការសម្រេចនេះ បានបង្ហាញពីការទទួលខុសត្រូវខ្ពស់ និងទឹកចិត្តសប្បុរសធម៌ដ៏ជ្រាលជ្រៅរបស់រាជរដ្ឋាភិបាលកម្ពុជាទៅលើអ្នកជំងឺ ខណៈបណ្តាប្រទេសជាច្រើនទៀត សុទ្ធតែបានយកថ្លៃព្យាបាលពីជនបរទេស។
អ្នកមានវីរុសCovid-19 ជាជនជាតិខ្មែរ និងជនបរទេស ដែលនៅក្នុងកម្ពុជា អាចចាត់ទុកថា ជាអ្នកមានសំណាងធំណាស់ ដោយសារតែពួកគេមិនតម្រូវឱ្យបង់ប្រាក់ឡើយ ព្រោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល បានបង្ហាញពីការទទួលបន្ទុក និងមានភាពទទួលខុសត្រូវយ៉ាងខ្ពស់ ដោយបានចំណាយថវិកាទាំងស្រុង ទៅលើថ្លៃព្យាបាលអ្នកមានវីរុសCovid-19 ចម្រុះជាតិសាសន៍ទាំងនោះ។
អ្នកជំងឺដែលផ្ទុកវីរុសកូវីដ-19 ដែលសម្រាកព្យាបាលនៅក្នុងប្រទេសកម្ពុជា ភាគច្រើន គឺជាជនជាតិបរទេស ហើយមានការប្រែប្រួលទៅតាមអាការ និងការធ្វើតេស្តនៅក្នុងរង្វង់10 ទៅ11ដង។
លោកជំទាវបានលើកឧទាហរណ៍ថា ដូចជា ជនជាតិបារាំង 2នាក់ប្ដីប្រពន្ធ រួមជាមួយនឹងកូនតូចអាយុ 4ខែ ដែលសម្រាកនៅមន្ទីរពេទ្យកុមារជាតិ គឺពួកគាត់ឈ្លោះគ្នា ពេលពិនិត្យឃើញឪពុកវិជ្ជមាន ម្តាយអវិជ្ជមាន ពេលម្ដាយវិជ្ជមាន ឪពុកអវិជ្ជមានម្ដង អ៊ីចឹងមានន័យថា វាមានការប្រែប្រួលអាស្រ័យទៅលើកត្តានៃការរស់នៅប្រចាំថ្ងៃផងដែរ។
លោកជំទាវបានបញ្ជាក់ថា៖«ក្រោយពេលយើងធ្វើតេស្តម្ដងឃើញមានវិជ្ជមាន គឺតម្រូវឱ្យគាត់សម្រាកនៅពេទ្យពី 5-7ថ្ងៃ បានយើងកុងត្រូល (គ្រប់គ្រងជំងឺ)គាត់។ អ៊ីចឹងពេលដែលកុងត្រូលអវិជ្ជមានលើកទី1 ក្រោយរយៈពេល 48ម៉ោង យើងធ្វើកុងត្រូលលើកទី2»។
ជាមួយនឹងការទទួលបន្ទុកការចំណាយទាំងស្រុង ទៅលើការព្យាបាលអ្នកជំងឺ Covid-19 របស់រដ្ឋាភិបាលកម្ពុជា គឺជាទង្វើមនុស្សធម៌ដ៏ថ្លៃថ្លា ដែលបច្ចុប្បន្ននេះ រដ្ឋាភិបាលបានត្រៀមថវិកាបម្រុងជាច្រើនលានដុល្លារ សម្រាប់ចំណាយរួចជាស្រេច បន្ថែមពីលើការចូលរួមបរិច្ចាគថវិកា និងធនធានផ្ទាល់ខ្លួនរបស់មន្ត្រីរាជការ និងបណ្តាសប្បុរសជននានានៅទូទាំងប្រទេស។
ដោយឡែកនៅបណ្តាប្រទេសមួយចំនួន ដូចជាប្រទេសសិង្ហបុរី ត្រូវបានប្រកាស នៅលើគេហទំព័ររបស់ក្រសួងសុខាភិបាល ឱ្យដឹងថា៖«ចាប់ពីខែមីនា ការព្យាបាលការឆ្លងមេរោគ ផ្លូវដង្ហើមធ្ងន់ធ្ងរនៅក្នុងមន្ទីរពេទ្យរដ្ឋរបស់ប្រទេសសិង្ហបុរី ត្រូវបានអនុវត្តលើជនបរទេស ដែលជាធម្មតាមានតម្លៃចន្លោះពី 4,300 ទៅ 4,800ដុល្លារអាមេរិក»។
ចំណែក នៅឯសហរដ្ឋអាមេរិកវិញ សម្រាប់តម្លៃការព្យាបាល ការឆ្លងមេរោគផ្លូវដង្ហើមធ្ងន់ធ្ងរនៅក្នុងមន្ទីរពេទ្យរដ្ឋ ចំពោះប្រជាជនអាមេរិកទូទៅ គឺមានតម្លៃចន្លោះពីជាង 40,000 ទៅ 70,000ដុល្លារអាមេរិក។
សូមបញ្ជាក់ថា មកដល់ត្រឹមថ្ងៃទី22 ខែមេសា ឆ្នាំ2020 កម្ពុជារកឃើញអ្នកឆ្លងវីរុសកូវីដ-19 ចំនួន 122នាក់ ពលរដ្ឋខ្មែរ 51នាក់ ជនបរទេស71នាក់។ មកដល់បច្ចុប្បន្នព្យាបាលជា 110នាក់ ហើយកំពុងព្យាបាល 12នាក់៕