ពិភពលោកប្រឈមនឹងការអស់កន្លែងសម្រាប់ដាក់ប្រេងនៅចុងខែឧសភាខាងមុខ ក្នុងពេលដែលការទិញដូរប្រេងឆៅមិនមានការកំណត់តម្លៃអប្បបរមា អាចជាន់ពន្លិចតម្លៃប្រេងចុះដល់ចំណុច “ហៅលែងឮ” ថែមទៀត។
ត្រូវបានបាញ់បង្ហោះឡើងទៅកាន់គន្លងគោចរតាំងពីឆ្នាំ2014 ផ្កាយរណប Sentinel-1 មានតួនាទីថត និងផ្ញើមកកាន់ផែនដីនូវរូបភាពច្បាស់បំផុតស្ដីអំពីសកម្មភាពនៅលើផ្ទៃភពផែនដី រួមទាំងអាងដាក់ប្រេង និងបណ្ដាកប៉ាល់ដឹកប្រេងផងដែរ។ ទិន្នន័យទាំងនេះត្រូវបានគេប្រើដើម្បីគន់គូរអំពីបរិមាណប្រេងឆៅដែលត្រូវបានរក្សាទុក។ ថ្មីៗនេះ រូបភាពពី Sentinel-1 បានផ្ញើសារដ៏គួរឱ្យប្រកាសអាសន្នមួយ នោះគឺ “បណ្ដាឃ្លាំងដាក់ប្រេងបានពេញអស់ទៅហើយ”។
នេះគឺជាបញ្ហាដែលមិនធ្លាប់បានកើតឡើងពីមុនមក។ ក្រុមអ្នកជំនាញបានឱ្យដឹងថា ប្រហែលជាប៉ុន្មានសប្ដាហ៍ទៀតប៉ុណ្ណោះ ពិភពលោកនឹងអស់កន្លែងសម្រាប់ដាក់ប្រេង។ ជាលទ្ធផល តម្លៃប្រេងនៅក្នុងតំបន់ខ្លះ ត្រូវបានព្យាករថានឹងធ្លាក់ដល់0ដុល្លារ ឬទាបជាងនេះ។
Florian Thaler អ្នកជំនាញមកពីក្រុមហ៊ុន Oilx ជាក្រុមហ៊ុនស្រាវជ្រាវទិន្នន័យដែលបានពីផ្កាយរណប Sentinel-1 បានឱ្យដឹងថា “ទិន្នន័យពីផ្កាយរណប Sentinel-1 បានបង្ហាញថា នៅចុងខែឧសភា ឬដើមខែមិថុនា ពិភពលោកនឹងធ្លាក់ទៅក្នុងស្ថានភាពអស់ទីតាំងដាក់ប្រេង”។
ចំណែក Paul Sankey ដែលជាអ្នកជំនាញក្នុងការវិភាគបញ្ហាប្រេងប្រចាំ Mizuho Bank ក៏បានឱ្យដឹងដែរថា “យើងត្រូវងាកទៅប្រើយុទ្ធសាស្ត្រគ្រប់គ្រងវិបត្តិជារៀងរាល់ថ្ងៃ”។ អ្នកជំនាញរូបនេះធ្លាប់បានព្រមាន និងព្យាករដ៏ត្រឹមត្រូវអំពីតម្លៃ0ដុល្លាររបស់ប្រេងនៅក្នុងខែមីនា ហើយពេលនេះ លោកក៏បន្តព្យាករប្រកបដោយទុទិដ្ឋិនិយមខ្លាំងជាងមុនទៅទៀត។ គាត់និយាយថា “តើយើងនឹងបានឃើញតម្លៃប្រេងធ្លាក់មកនៅ-100ដុល្លារក្នុង1បារ៉ែលនៅក្នុងខែក្រោយនេះ? ប្រការនេះពិតជាអាចកើតឡើង”។
បញ្ហាសំខាន់បំផុត គឺថា តម្លៃប្រេងឆៅត្រូវបានកំណត់ដោយយោងទៅលើការផ្គត់ផ្គង់ និងការបញ្ជាទិញ ពោលគឺវាមិនមានតម្លៃអប្បបរមាដែលកំណត់ដោយរដ្ឋាភិបាលណាមួយនោះទេ។ ក្រោយហេតុការណ៍ក្នុងសប្ដាហ៍នេះ បញ្ហាអ្វីក៏អាចកើតឡើងបានដែរ។
បើទោះបីជាការព្យាករអាចមានភាពខុសគ្នាខ្លះមែន ប៉ុន្តែ ប្រការដែលប្រាកដប្រជានោះគឺថា រូបភាពពីផ្កាយរណប Sentinel-1 បានបង្ហាញថា ពិភពលោកកំពុងតែសល់ប្រេងយ៉ាងច្រើនសន្ធឹក។ ប្រេងចំនួន50លានបារ៉ែល ត្រូវបានដឹកទៅកាន់បណ្ដាឃ្លាំងជារៀងរាល់សប្ដាហ៍ ដែលតួលេខនេះ គ្រប់គ្រាន់សម្រាប់តម្រូវការប្រើប្រាស់របស់អាល្លឺម៉ង់ បារាំង អ៊ីតាលី អេស្ប៉ាញ និងអង់គ្លេសបូកចូលគ្នា។
នៅក្នុងផ្សារហ៊ុនកាលពីថ្ងៃទី21មេសា ប្រេងត្រូវបាន “លក់ឡាយឡុង”។ កិច្ចសន្យាប្រេង Brent ដែលនឹងផ្គត់ផ្គង់ក្នុងខែមិថុនា បានថយចុះ15% នៅសល់តែ16ដុល្លារក្នុង1បារ៉ែល ដែលជាតម្លៃទាបបំផុតក្នុងអំឡុងជិត21ឆ្នាំមកនេះ។ ប្រេងឆៅដែលមានប្រភពពីអឺរ៉ុប និងអាហ្វ្រីក ដែលធ្លាប់តែមានតម្លៃទាបជាងប្រេង Brent ក៏ត្រូវបានលក់ក្នុងតម្លៃក្រោម10ដុល្លារក្នុង1បារ៉ែល ហើយមានកន្លែងខ្លះ តម្លៃរបស់វាត្រូវបានគេលក់ក្រោម5ដុល្លារទៀតផង។
នៅឥណ្ឌា ឃ្លាំងដាក់ប្រេងនៅក្នុងបណ្ដារោងចក្រចម្រាញ់ប្រេង បច្ចុប្បន្នបានពេញរហូតដល់95%ទៅហើយ។ ក្រុមហ៊ុនចម្រាញ់ប្រេងក៏មិនអាចទិញប្រេងបន្ថែមទៀតដែរ ព្រោះតម្រូវការប្រើប្រាស់បានថយចុះយ៉ាងគំហុក។
ក្រុមហ៊ុនផលិតប្រេងមួយចំនួនបានផ្អាកដំណើរការ ប៉ុន្តែក៏នៅតែមានក្រុមហ៊ុនខ្លះ ត្រូវបូមប្រេងឡើងផងដែរ។ ជាមួយនឹងបណ្ដាក្រុមហ៊ុនដែលពោរពេញទៅដោយបំណុល សូម្បីតែតម្លៃ4-10ដុល្លារក្នុង1បារ៉ែល ក៏ពួកគេចាត់ទុកថាគ្រាន់បើជាងមិនមានអ្វីសោះ។ មិនមានកន្លែងសម្រាប់លក់ចេញ ប្រេងឆៅមានតែនៅសម្ងំក្នុងឃ្លាំង។ ទិន្នន័យពី Sentinel-1 នៅតែត្រូវបានគេយល់ថា នៅមានសង្ឃឹម។ មានឃ្លាំងដាក់ប្រេងជាច្រើននៅទំនេរ ក៏ប៉ុន្តែ ទាំងនោះត្រូវបានគេជួលតាំងពីមុនអស់ទៅហើយ វាគ្រាន់តែរង់ចាំគេចាក់ប្រេងបំពេញតែប៉ុណ្ណោះ។
Pierre Andurand ដែលជាស្ថាបនិកនៃមូលនិធិការពារប្រេង បានឱ្យដឹងថា “យើងយល់ថា តម្លៃប្រេងនឹងធ្លាក់ចុះដល់កម្រិត0ដុល្លារ ឬទាបជាងកម្រិត0ដុល្លារទៅទៀត។ ទីផ្សារបច្ចុប្បន្នកំពុងគ្រោះថ្នាក់ខ្លាំងណាស់ក្នុងការទិញដូរ”។
នៅទីផ្សារសហរដ្ឋអាមេរិក អ្នកវិនិយោគបានងាកទៅរក Cushing ដែលជាមជ្ឈមណ្ឌលជួញដូរប្រេងដ៏ធំប្រចាំរដ្ឋ Oklahoma។ នៅទីនេះអាចដាក់ប្រេងបានដល់ទៅជិត80លានបារ៉ែល។ ក៏ប៉ុន្តែ ព័ត៌មានមុននេះបានឱ្យដឹងថា ទីនេះអស់កន្លែងសម្រាប់ដាក់ប្រេងទៅហើយដែរ។
បញ្ហានៅមានបន្តទៀត៖ Plains All American Pipelines ដែលជាក្រុមហ៊ុនដឹកជញ្ជូនប្រេងដ៏ធំបំផុតមួយនៅសហរដ្ឋអាមេរិក បានស្នើឱ្យក្រុមហ៊ុន Eastern Kansas Common ចំណាយឱ្យខ្លួន55ដុល្លារសម្រាប់1បារ៉ែល បើសិនជាចង់លក់ប្រេងឆៅដែលក្រុមហ៊ុននេះផលិត។
បណ្ដាឃ្លាំងប្រេងនៅ Rotterdam ដែលជាមជ្ឈមណ្ឌលចម្រាញ់ប្រេងរបស់អឺរ៉ុបខាងលិច រួមនឹងឃ្លាំងប្រេងនៅលើកោះមួយចំនួននៅតំបន់ Caribbean និងនៅសិង្ហបុរី នឹងអស់កន្លែងដាក់ប្រេងនាពេលដ៏ខ្លីខាងមុខ។ បណ្ដាកប៉ាល់ដឹកប្រេងដែលត្រូវបានយកមកធ្វើជាឃ្លាំងដាក់ប្រេងបណ្ដោះអាសន្ន ក៏នឹងលែងមានកន្លែងដាក់ទៀតដែរ។
Royal Vopak ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មជួលឃ្លាំងដាក់ប្រេងឯករាជ្យធំបំផុតក្នុងពិភពលោក បានឱ្យដឹងថា ពិភពលោកទាំងមូលកំពុងស្វែងរកកន្លែងសម្រាប់ដាក់ប្រេង។ “សមត្ថភាពផ្ទុកដែលអាចរកបាននៅទូទាំងពិភពលោក ពេលនេះត្រូវបានគេទិញស្ទើរតែទាំងអស់ទាំងស្រុងទៅហើយ” នេះបើតាម Gerard Paulides ដែលជានាយកផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Royal Vopak៕
ប្រភព៖ សារព័ត៌មានបរទេស