បច្ចុប្បន្ននេះ នៅក្នុងទីក្រុងភ្នំពេញនៅតំបន់មួយចំនួនជាពិសេសតំបន់ជាយក្រុង តែងតែមានបញ្ហាខ្វះខាតទឹកស្អាតប្រើប្រាស់ដោយតំបន់ខ្លះមានទឹកចេញខ្សោយខ្លាំង ខណៈផ្ទះខ្លះបានដាច់ទឹកជាញឹកញាប់។
ឆ្លើយតបនឹងបញ្ហានេះឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា បញ្ហាខ្វះទឹកប្រើប្រាស់នេះដោយសារតែរាជធានីភ្នំពេញ មានកំណើនសំណង់អគារខ្ពស់ៗយ៉ាងកំហុកទើបធ្វើឱ្យចរន្តទឹកនៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញត្រូវខ្វះទឹករាល់ថ្ងៃ តែទោះជាយ៉ាងនេះក្តី រដ្ឋាករទឹកស្វយ័តរាជធានភ្នំពេញ កំពុងតែពិនិត្យពិចារណាលើចំណុចនេះដើម្បីរិះរកវិធានការដើម្បីដោះស្រាយជូនប្រជាជន។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក សោម សិទ្ធ ប្រធាននាយកដ្ឋានបញ្ញត្តកម្មទឹកស្អាតនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថារដ្ឋាករស្វយ័តរាជធានីភ្នំពេញនឹងសាងសង់ជាបន្តបន្ទាប់នូវអាងប្រព្រឹត្តកម្មទឹកស្អាតដើម្បីសម្រេចគោលដៅឱ្យបាន 1លានម៉ែត្រគូបនៅឆ្នាំ 2030 សម្រាប់ផ្គត់ផ្គង់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ និងឆ្លើយតបជាមួយនឹងការអភិវឌ្ឍទីក្រុង៕