មហាសមុទ្រនានាត្រូវបានគេចាត់ទុកថាជាព្រំដែនចុងក្រោយរបស់ភពផែនដី។ ថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការរុករកមួយនៅឯលម្ហសមុទ្រនៃប្រទេសអូស្ត្រាលីភាគខាងលិច ហើយបានរកឃើញសត្វសមុទ្រយ៉ាងតិច30ប្រភេទ ក្នុងនោះមានសត្វខ្លះ មានដងខ្លួនវែងមិនធ្លាប់បានឃើញពីមុនមក។
ការរុញរកខាងលើនេះ ត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រមកពីសារមន្ទីរជាតិអូស្ត្រាលីខាងលិច សាកលវិទ្យាល័យ Curtin នាយកដ្ឋានភូមិសាស្ត្រអូស្ត្រាលី វិទ្យាស្ថានស្រាវជ្រាវមហាសមុទ្រ Scripps និងវិទ្យាស្ថានស្រាវជ្រាវមហាសមុទ្រ Schmidt។ ក្រុមអ្នកវិទ្យាសាស្ត្រនេះ បានប្រើពេល180ម៉ោង និងបានមុជចូលក្រោមសមុទ្រ20លើក ដើម្បីស្រាវជ្រាវតំបន់ជ្រលងភ្នំ Ningaloo នៅតំបន់មហាសមុទ្រឥណ្ឌា ដែលមានជម្រៅ4,500ម។
ដោយប្រើប្រាស់រ៉ូបូតបញ្ជាពីចម្ងាយដែលមានឈ្មោះថា ROV SuBastian ក្រុមអ្នកស្រាវជ្រាវថតបានទិដ្ឋភាពសត្វសមុទ្រចម្លែកៗជាច្រើន។ មានសត្វខ្លះ គេមិនធ្លាប់បានឃើញនៅទីនេះពីមុននោះដែរ រួមមាន មឹក Taning ដែលមានចម្រុះពណ៌ ត្រសក់សមុទ្រកន្ទុយវែង និងបណ្ដាសត្វដែលមានរូបរាងទន់ផ្សេងៗទៀត។
ក្រុមអ្នកវិទ្យាសាស្ត្រក៏បានរកឃើញសត្វ Hydra ដ៏ធំមួយ ដែលមានពណ៌ក្រហមស្រស់ និងប្រវែងជាង1ម៉ែត្រ។
នៅក្នុងចំណោមសត្វសមុទ្រថ្មីៗដែលទើបត្រូវបានរកឃើញ ក៏មានសត្វ Apolemia ថ្មី មានប្រវែងរហូតដល់47ម៉ែត្រ ជាសត្វសមុទ្រវែងជាងគេបង្អស់ក្នុងចំណោមសត្វដែលមានដងខ្លួនវែងជាងគេនៅលើភពផែនដី។ ត្រីបាឡែនពណ៌ខៀវ មានប្រវែងជិត30ម៉ែត្រ។
Apolemia មិនមែនជាសត្វទោលតែឯងនោះទេ ប៉ុន្តែវាគឺជាបណ្ដុំនៃសត្វតូចៗជាច្រើនដែលហៅថា zooids ដោយពួកវាត្រូវពឹងលើគ្នាទៅវិញទៅមក ដោយរួមគ្នាអនុវត្តភារកិច្ច ដូចជាការការពារខ្លួន ការបង្កើតកូន និងការរំលាយអាហារជាដើម។
លោក Logan Mock-Bunting អ្នកនាំពាក្យរបស់វិទ្យាស្ថានស្រាវជ្រាវមហាសមុទ្រ Schmidt បានឱ្យដឹងថា “ជាក់ស្ដែង សត្វនេះអាចមានដងខ្លួនវែងខ្លាំងណាស់។ យើងបានប៉ាន់ប្រមាណឃើញថា វាអាចមានប្រវែងដល់ទៅជាង120ម៉ែត្រឯណោះ”។
Rebecca Helm ដែលជាជំនួយការរបស់សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Carolina Asheville ខាងជើង (University of North Carolina Asheville) ឱ្យដឹងថា “ខ្ញុំធ្លាប់បានឃើញសត្វ siphonophore (Apolemia) នេះ ប៉ុន្តែ ទាំងអស់សុទ្ធតែមានប្រវែងត្រឹម20សម ហើយវែងបំផុតក៏ត្រឹមតែ1ម។ ប៉ុន្តែ លើកនេះគឺផ្សេង។ នេះគឺជា siphonophore ធំបំផុត និងស្អាតបំផុតដែលខ្ញុំធ្លាប់បានឃើញ។
លទ្ធផលនៃការរុករកខាងលើនឹងត្រូវបានដាក់តាំងនៅក្នុងសារមន្ទីរអូស្ត្រាលីខាងលិច។ ទិន្នន័យនៃការសិក្សាស្រាវជ្រាវនេះក៏នឹងប្រកាសឱ្យដឹងជាសាធារណៈដើម្បីជាជំនួយដល់ការសិក្សាស្រាវជ្រាវផ្សេងៗទៀត៕
ប្រភព៖ សារព័ត៌មានបរទេស