ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឱ្យតែដល់រដូចក្តៅ ប្រទេសកម្ពុជាយើងត្រូវប្រឈមជាមួយនឹងបញ្ហាកង្វះខាតអគ្គិសនីប្រើប្រាស់ ដែលបណ្តាលឱ្យអគ្គិសនីនៅក្នុងប្រទេសត្រូវដាច់ជាញឹកញាប់ ព្រោះត្រូវផ្លាស់ប្តូរតំបន់គ្នាប្រើប្រាស់។
បញ្ហាកង្វះភ្លើងប្រើប្រាស់នៅរដូវក្តៅនេះ ដោយសារតែឆ្នាំមុនៗវារីអគ្គីសនីនៅកម្ពុជាមានបញ្ហាខ្វះទឹក ដែលធ្វើឱ្យមានភាពរាំងស្ទះ និងគ្មានចរន្តអគ្គិសនីប្រើប្រាស់។ ក្រោយមកដើម្បីជាដំណោះស្រាយ រដ្ឋាភិបាលបានទិញម៉ាស៊ីនផលិតអគ្គិសនីធំៗចំនួន 2 ពីបរទេសដើម្បីផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់សម្រាប់ប្រជាជនដែលត្រូវការអគ្គិសនីទូទាំងប្រទេស តែម៉ាស៊ីនទាំង2គ្រឿនោះមិនទាន់បានតម្លើងរួចរាល់នៅឡើយទេសម្រាប់ការដាក់ឱ្យដំណើរការផលិតអគ្គិសនី។
ទោះជាយ៉ាងនេះក្តីនៅឆ្នាំនេះកម្ពុជាយើងទំនងជាមិនមានបញ្ហាខ្វះអគ្គិសនីប្រើប្រាស់នោះទេ ព្រោះថ្មីៗនេះថ្លែងក្នុងវេទិកាអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម វិចទ័រ ហ្សូនា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា៖ «ខ្ញុំគិតថា ឆ្នាំនេះយើងមិនមានការខ្វះខាតថាមពលទេ ហើយវារីអគ្គិសនីរបស់យើងក៏មានទឹកក្នុងបរិមាណខ្ទង់ 70% សម្រាប់ការផ្គត់ផ្គង់។ ហើយបើតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧត្តុនិមយ យើងអាចនឹងមានភ្លៀងឆាប់ជាងឆ្នាំកន្លងមក»។
ចំពោះបញ្ហាម៉ាស៊ីនដែលទិញពីបរទេសវិញ ឯកឧត្តមបានលើកឡើងថាយើងបានទិញម៉ាស៊ីនភ្លើង 200មេកាវ៉ាត់ពីអាលឺម៉ង់ និង200ម៉េកាវ៉ាត់ពីហ្វាំងឡង់ សរុបទាំងអស់ 400មេកាវ៉ាត់ដើម្បីផលិតអគ្គិសនី។ ម៉ាស៊ីនទាំងនេះត្រូវបានសាងសង់នៅល្វាឯម ហើយបានតាមការបញ្ជាក់របស់អគ្គិសនីកម្ពុជា បានឱ្យដឹងថាការសាងសង់សម្រេចបាន 80% ហើយ តែយើងនៅមានឧបសគ្គខ្លះដោយសារអ្នកជំនាញរបស់ប្រទេសទាំងពីរខាងលើមានឧបសគ្គក្នុងការធ្វើដំណើរព្រោះដំណាក់កាល covid-19 នេះការធ្វើដំណើរឆ្លងប្រទេសត្រូវបានរឹតត្បិត។ ក្រោយពេលស្ងប់ស្ងាត់ covid-19 យើងនឹងអាចដោះស្រាយបញ្ហាទាំងអស់នេះ ដោយមានអ្នកជំនាញមកពិនិត្យឱ្យបានច្បាស់លាស់៕