បច្ចុប្បន្ននេះកម្ពុជាបានតម្លើង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអគ្គីសនីជាច្រើនដែលផ្លាស់ប្តូរពីការប្រើប្រាស់ប្រេងទាំងស្រុងមកប្រើប្រាស់វារីគ្គិសនី ប្រើប្រាស់ធ្យូងថ្ម និងប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យជាដើម។ ហេតុនេះហើយទើបធ្វើឱ្យអគ្គិសនីអាចរក្សាបាននូវតម្លៃធូរថ្លៃជាងមុន សម្រាប់ផ្គត់ផ្គង់ដល់ប្រជាជននៅទូទាំងប្រទេស តែទោះជាយ៉ាងនេះក្តីបើប្រៀបធៀបជាមួយនឹងប្រទេសជិតខាងដូចជាថៃ និងវៀតណាម ជាដើម យើងឃើញថា តម្លៃអគ្គិសនីនៅកម្ពុជាហាក់នៅមានតម្លៃថ្លៃជាងបណ្តាប្រទេសទាំងអស់នោះនៅឡើយ។
ឆ្លើយតបនឹងបញ្ហានេះ ឯកឧត្តម វិចទ័រ ហ្សូនា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានលើកឡើងថា មូលហេតុដែលនៅប្រទេសវៀតណាម និងប្រទេសថៃ មានតម្លៃអគ្គិសនីធូរថ្លៃជាងនៅកម្ពុជា ព្រោះនៅប្រទេសនោះមានទំហំនៃការផលិត (Scale) ធំជាងនៅប្រទេសកម្ពុជា។ ឯកឧត្តមបញ្ជាក់ថា នៅកម្ពុជា ប្រសិនបើយើងប្រមូលឱ្យអស់ពីការផ្គត់ផ្គង់អគ្គីសនីតាមរយៈវារីអគ្គីសនី ធ្យូងថ្ម និងថាមពលផ្សេងៗទៀត យើអាចផលិតបានប្រមាណត្រឹមតែប្រហាក់ប្រហែល 3,000មេកាវ៉ាត់ប៉ុណ្ណោះ តែសម្រាប់នៅវៀតណាម និងនៅប្រទេសថៃ គឺគេផលិតដល់ទៅប្រមាណ 5ម៉ឺនមេកាវ៉ាត់ឯណោះ។
ហេតុនេះមានន័យថាចំនួននៃការផលិតអគ្គីសនីនៅថៃ និងនៅវៀតណាម មានទំហំធំជាងនៅកម្ពុជាឆ្ងាយណាស់។ ចំណែកឯតម្លៃវិញ គឺផ្អែកលើចំនួន មានន័យថាប្រសិនបើចំនួននៃការផលិតជារួមមានទំហំធំ នោះតម្លៃលក់រាយនឹងធូរថ្លៃ តែប្រសិនបើការផលិតសម្រាប់ផ្គត់ផ្គង់តិច តម្លៃអគ្គិសនីរាយប្រាកដជាមានតម្លៃខ្ពស់។
ម្យ៉ាងវិញទៀត បើសម្រាប់ប្រទេសវៀតណាមវិញ ក្រុមហ៊ុនផលិតធ្យូងថ្មនៅប្រទេសគេគឺមានការឧបត្ថម្ភធន ដោយក្រុមហ៊ុនផលិតធ្យូងថ្មលក់ជូនក្រុមហ៊ុនអគ្គិសនីរដ្ឋក្នុងតម្លៃធូរថ្លៃ។ ឧទាហរណ៍ប្រសិនបើធ្យូងថ្ម មានតម្លៃ 100ដុល្លារក្នុងមួយតោន គេលក់ឱ្យរដ្ឋត្រឹមតែ 40ដុល្លារតែប៉ុណ្ណោះ តែសម្រាប់យើងវិញគឺំមិនមានការឧបត្ថម្ភធនបែបនេះនោះទេ។ ក្រុមហ៊ុនអគ្គីសនីរដ្ឋ ចរចារជាមួយក្រុមហ៊ុនឯកជនក្នុងលក្ខខណ្ឌឯកភាពស្រុះស្រួលគ្នា ដែលអាចឱ្យក្រុមហ៊ុនផ្គត់ផ្គង់ផលិតធ្យូងថ្មចំណេញ ឬអាចទៅរួចសម្រាប់ការលក់ឱ្យរដ្ឋ៕