ភ្នំពេញៈ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Amanah Ikhtiyar របស់ប្រទេសម៉ាឡេស៊ី នឹងបើកដំណើរការនៅកម្ពុជាក្នុងពេលឆាប់ៗនេះ ដោយផ្តល់មូលនិធិមិនយកការប្រាក់សម្រាប់សាសនិកជនមូស្លីមនៅកម្ពុជា។
តំណាងស្ថាប័នមីក្រូហិរញ្ញវត្ថុ Amanah Ikhtiyar បានលើកឡើងក្នុងជំនួបជាមួយលោកអូស្មាន់ ហាស្សាន់ រដ្ឋមន្រ្តីអមប្រតិភូនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថា ទោះបីក្នុងជំហានដំបូងស្ថាប័ននេះចាប់ផ្តើមពីការផ្តល់កម្ចីខ្នាតតូចក្តី តែគ្រឹះស្ថានយើងនឹងវិវឌ្ឍជាបណ្តើរៗដើម្បីទទួលបានបទពិសោធផង និងប្រើពេលវេលាដើម្បីស្វែងរកដៃគូវិនិយោគឱ្យកាន់តែមានទំហំដើមទុនច្រើនឡើងបន្ថែមទៀតផង។
Amanah Ikhtiyar Microfinance ក៏បានចាប់ផ្តើមឱ្យភាគីដៃគូនៅកម្ពុជា គឺអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជាជ្រើសរើសបុគ្គលិកបម្រុង10រូប ជាជំហានដំបូង ដើម្បីត្រៀមខ្លួនចេញទៅសិក្សាជំនាញមីក្រូហិរញ្ញវត្ថុអ៊ិស្លាមនៅប្រទេសម៉ាឡេស៊ី ដែលគ្រោងនឹងចេញដំណើរនៅខែតុលា ឆ្នាំ2017ខាងមុខនេះ។
លោក អូស្មាន់ ហាស្សាន់ បានមានប្រសាសន៍ថា មីក្រូហិរញ្ញវត្ថុ Amanah Ikhtiyar កំពុងសហការជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជាដែលស្ថាប័នទាំងពីរនេះនឹងចូលរួមក្នុងការទ្រទ្រង់ការផ្តល់ហិរញ្ញប្បទានលក្ខណៈជាទ្រង់ទ្រាយតូចសិន ហើយការផ្តល់ហិរញ្ញប្បទាននេះនឹងផ្អែកទៅលើក្របខ័ណ្ឌសាសនាអ៊ិស្លាមដោយមិនមានយកការប្រាក់ឡើយ គឺគ្រាន់តែបង់ថ្លៃសេវាដំបូងប៉ុណ្ណោះ។ ឯកឧត្តមបានបន្តថា គ្រឹះស្ថានបែបនេះពិតជានឹងដំណើរការល្អប្រសើរជាមិនខាន ព្រោះវាជាផ្នែកមួយនៃការលើកស្ទួយ និងទ្រទ្រង់ដល់សហគ្រិនធុនតូចដែលពុំសូវមានដើមទុន អាចមានគំនិតចាប់ផ្តើមការវិនិយោគរបស់ខ្លួនក្នុងទំហំដើមទុនតូចល្មម ព្រមទាំងមិនមានហានិភ័យខ្ពស់ស្តីពីបញ្ហាសងប្រាក់បំណុលឡើយ ព្រោះកម្ចីមិនត្រូវបានគិតពីការប្រាក់ទេ៕