មហាសេដ្ឋី Seo Jung-jin ដែលជាសហស្ថាបនិកក្រុមហ៊ុនឱសថ Celltrion បានក្លាយជាមហាសេដ្ឋីមួយរូបក្នុងចំណោមមហាសេដ្ឋីតិចតួចបំផុតដែលទ្រព្យបានកើនឡើងយ៉ាងឆាប់រហ័សនៅក្នុង “សម័យ COVID-19 ដោយសារតម្លៃមូលបត្ររបស់ក្រុមហ៊ុននេះ ស្ថិតក្នុងលំដាប់ “មហាលោតផ្លោះ”។
Celltrion គឺជាក្រុមហ៊ុនឱសថបច្ចេកវិទ្យាជីវសាស្ត្រ ប៉ុន្តែ នៅពេល COVID-19 បានកើតឡើង តម្រូវការផ្នែកសម្ភារសុខាភិបាលក៏បានកើនឡើងខ្ពស់ ដូច្នេះ ក្រុមហ៊ុននេះក៏បានងាកទៅផលិតសម្ភារសុខាភិបាល និងអភិវឌ្ឍថ្នាំព្យាបាល COVID-19។
ក្ដីសង្ឃឹមរបស់ទីផ្សារទាក់ទិននឹងឈុតឧបករណ៍ធ្វើតេស្តថ្មី និងថ្នាំព្យាបាល COVID-19 ដែលផលិតដោយក្រុមហ៊ុនកូរ៉េខាងត្បូង Celltrion បានជួយឱ្យទ្រព្យរបស់ស្ថាបនិក Seo Jung-jin កើនឡើងយ៉ាងឆាប់រហ័សដែលនឹកស្មានមិនដល់។
ចាប់តាំងពី Forbes បានចេញផ្សាយបញ្ជីរាយនាមនៃបណ្ដាអ្នកមានបំផុតនៅក្នុងពិភពលោកកាលពីថ្ងៃទី18មីនា ទ្រព្យរបស់អ្នកជំនួញ Seo Jung-jin អាយុ62ឆ្នាំ ក៏បានកើនបន្ថែម2.2ពាន់លានដុល្លារ ធ្វើឱ្យទ្រព្យសរុបរបស់លោកកើនឡើងដល់8.3ពាន់លានដុល្លារ ខណៈដែលតម្លៃមូលបត្ររបស់ Celltrion បានឡើង37.6%។
ភាគហ៊ុនិកនានាដែលកំពុងវិនិយោគទៅលើ Celltrion សង្ឃឹម និងជឿជាក់ថា ក្រុមហ៊ុននេះនឹងទទួលបានជោគជ័យក្នុងការអភិវឌ្ឍ និងផលិតថ្នាំព្យាបាល COVID-19 នាពេលឆាប់ៗខាងមុខ។
លោក Kwon Ki-sung ដែលជានាយកផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ក្រុមហ៊់ុន Celltrion បានឱ្យដឹងថា “ជាមួយនឹងដំណាក់កាលនៃការអភិវឌ្ឍអង្គបដិប្រាណប្រឆាំងនឹងវីរុស COVID-19 យ៉ាងឆាប់រហ័ស យើងនឹងចាប់ផ្ដើមធ្វើតេស្តថ្នាំនៅលើមនុស្សក្នុងខែកក្កដាខាងមុខ”។
លោក Kwon Ki-sung បន្តថា “យើងខ្ញុំក៏កំពុងតែស្ថិតក្នុងដំណាក់កាលអភិវឌ្ឍអង្គបដិប្រាណដ៏អស្ចារ្យមួយ ដែលត្រូវបានហៅថា cocktail អង្គបដិប្រាណ ហើយតាមគម្រោង យើងនឹងបញ្ចេញឧបករណ៍ធ្វើតេស្តលឿនដោយស្វ័យប្រវត្ត នៅក្នុងរដូវក្ដៅនេះ”។ លោកបញ្ជាក់ថា ឧបករណ៍ធ្វើតេស្តរកមេរោគ COVID-19 របស់ Celltrion អាចឱ្យដឹងលទ្ធផលដោយប្រើពេលត្រឹមតែពី15-20នាទីប៉ុណ្ណោះ។
ពីកម្មកររោងចក្រ ក្លាយជាមហាសេដ្ឋីពិភពលោក
មហាសេដ្ឋី Seo ធ្លាប់ជាកម្មករធ្វើការនៅក្នុងរោងចក្រផលិតគ្រឿងបន្លាស់អេឡិចត្រូនិចរបស់ក្រុមហ៊ុន Samsung ក្នុងអំឡុងទសវត្សរ៍ឆ្នាំ1980។ ក្រោយមក លោកក៏បានក្លាយជានាយកប្រតិបត្តិជាន់ខ្ពស់នៃរោងចក្រផលិតរថយន្តកូរ៉េខាងត្បូង Daewoo Motor ប៉ុន្តែ លោកបានចាកចេញពីក្រុមហ៊ុននេះ ក្នុងវិបត្តិហិរញ្ញវត្ថុអាស៊ីកាលពីឆ្នាំ1999។
លោក Seo បានរៀបរាប់អំពីអតីតកាលរបស់លោកថា “ម្ដាយក្មេករបស់ខ្ញុំបានហៅទូរស័ព្ទមកខ្ញុំ ដោយសួរខ្ញុំថា តើខ្ញុំនឹងធ្វើអ្វីដើម្បីរកប្រាក់? ពេលនោះ ខ្ញុំមានអារម្មណ៍ថា ហត់នឿយ ធុញទ្រាន់ជាមួយនឹងសម្ដីរអ៊ូរទាំរបស់គាត់ខ្លាំងណាស់ ដូច្នេះ ខ្ញុំក៏បានសម្រេចចិត្តបើកក្រុមហ៊ុនផ្ទាល់ខ្លួនមួយ”។
ជាមួយនឹងមិត្តភក្ដិមួយចំនួននៅឯក្រុមហ៊ុន Daewoo លោក Seo បានបង្កើត Celltrion កាលពីឆ្នាំ2020 ហើយបច្ចុប្បន្ន លោកបានក្លាយជាអ្នកមានបំផុតលំដាប់ទី2នៅប្រទេសកូរ៉េខាងត្បូង។
Celltrion ដែលមានទីស្នាក់ការធំនៅទីក្រុង Incheon បានចូលទីផ្សារភាគហ៊ុនកាលពីឆ្នាំ2008។ ក្រោយរកស៊ីរយៈពេល10ឆ្នាំ តម្លៃទីផ្សាររបស់ក្រុមហ៊ុននេះ បានកើនដល់ 27.7លានលានវ៉ុន(ប្រមាណជា 22.8ពាន់លានដុល្លារអាមេរិក)។
Celltrion មិនមែនជាក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រតែមួយគត់នៅកូរ៉េខាងត្បូងនោះទេ ដែលកំពុងចូលរួមប្រកួតក្នុងការអភិវឌ្ឍ និងផលិតថ្នាំព្យាបាល COVID-19។ គូប្រជែងដ៏សំខាន់របស់ពួកគេនោះគឺ Samsung BioLogics ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Samsung ដែលបានប្រកាសកាលពីថ្ងៃទី10មេសាថា ខ្លួនកំពុងសហការជាមួយ Vir Technology របស់សហរដ្ឋអាមេរិក តាមរយៈកិច្ចព្រមព្រៀងដែលមានតម្លៃ 362លានដុល្លារដើម្បីផលិតថ្នាំប្រឆាំងនឹងវីរុស COVID-19៕
ប្រភព៖ Forbes