តើទារកទើបនឹងកើតអាចញ៉ាំថ្នាំបានឬទេ? អ្នកម្តាយថ្មោងថ្មីជាច្រើននាក់ប្រហែលជានឹកកង្វល់ចំពោះរឿងនេះមិនតិចឡើយមែនទេ? ចំពោះចម្ងល់នេះ គ្រូពេទ្យជំនាញបានប្រាប់ថា ទារកទើបនឹងកើតអាចញ៉ាំថ្នាំបានយ៉ាងគ្មានបញ្ហាអ្វីឡើយ ព្រោះក្នុងពេលបច្ចុប្បន្ននេះក៏មានថ្នាំសម្រាប់ក្មេងទើបនឹងកើតជាច្រើនដែរ តែអ្វីដែលសំខាន់បំផុតនោះគឺ ការមើលថៃទាំ និងរក្សាសុខភាពរាងកាយរបស់កូនឱ្យរឹងប៉ឹង មាំមួន និងចាក់វ៉ាក់សាងការពារឱ្យគ្រប់ ដើម្បីចៀសវាងមិនឱ្យទារកញ៉ាំថ្នាំដោយមិនចាំបាច់។ អាការបន្តិចបន្តួច ក៏យើងអាចមើលថែទាំ និងចាត់ការដោយខ្លួនឯងបានដែរ ដូច្នេះសូមអ្នកម្តាយថ្មោងថ្មីមកមើលថា តើមានអាការអ្វីខ្លះរបស់កូនតូចដែលលោកឪពុកអ្នកម្តាយអាចមើលថែទាំឱ្យបាត់ទៅវិញបានដោយខ្លួនឯង ដោយមិនចាំបាច់ពឹងថ្នាំ និងគ្រូពេទ្យឡើយ។
1 – នៅពេលកូនត្អើក ៈ ដោយសារតែទារកប្រញាប់បៅទឹកដោះ ឬបៅច្រើនជ្រុលពេក ធ្វើឱ្យក្រពះពង្រីកខ្លួនទៅរុញក្បាំងខ្យល់ធ្វើឱ្យកូនកើតអាការត្អើក ដូច្នេះចូរដាក់កូនឱ្យអង្គុយ ឬពដោយពាក់ខ្លួនកូនលើស្មារប្រមាណ 5 – 10 នាទី អាការត្អើកនោះនឹងថយចុះ រហូតដល់បាត់ដូចប្រក្រតីឡើងវិញ។
2 – នៅពេលកូនក្អែរទឹកដោះចេញមកវិញ ៈ លោកឪពុកអ្នកម្តាយត្រូវបែងចែកឱ្យច្បាស់ថា តើជាអាការក្អួត ឬក៏ជាការក្អែរទឹកដោះ ព្រោះទារកជាង 90% សុទ្ធតែធ្លាប់ក្អែរទឹកដោះចេញមកទាំងអស់ មិនថាទឹកដោះម្តាយ ឬទឹកដោះគោនោះឡើយ។ អាការក្អែរទឹកដោះកើតឡើងដោយសារប្រព័ន្ធរំលាយអាហាររបស់ទារកនៅមិនទាន់រឹងមាំល្អឥតខ្ចោះ ធ្វើឱ្យកូនតូចក្អែរទឹកដោះចេញមកវិញ តែអាការក្អួតវិញកើតឡើងដោយសារក្មេងតូចបៅទឹកដោះ ឬញ៉ាំអាហារច្រើនពេកហួសនឹងក្រពះទប់ទល់រួចហ្នឹងឯង។
3 – កូនមានអាការភ្ញាក់ៗ ឬភ័យ រួចស្រែកយំវ៉ា ៈ ទារកតូចៗច្រើនតែរហ័សចំពោះសំឡេង និងការប៉ះពាល់ ព្រោះប្រព័ន្ធប្រសាទទាំង 5 កំពុងចម្រើនធំធាត់ធ្វើឱ្យគេបានឮសូរសំឡេងអ្វីថ្មីៗគ្រប់ពេលវេលា ទើបក្មេងតូចច្រើនតែភ្ញាក់ៗភ័យៗ ឬឆ្លើយតបនឹងសំឡេងទាំងនោះ មិនមែនជាអាការខូលិក ដូចដែលឪពុកម្តាយយល់ច្រឡំនោះទេ។
4 – កូនមិនបន្ទោបង់ រួមទាំងឆ្អល់ហើមពោះ និងក្អួត ៈ អាការខុសប្រក្រតីរបស់ក្មេងតូចអាចសង្កេតឃើញបានតាមរយៈការបន្ទោបង់ ទារកទើបកើតដំបូងរយៈពេល 2 – 3 ថ្ងៃ លាមកដែលជុះចេញមកមានពណ៌ប្រផេះ ឬបៃតងលាយលឿង រួចហើយទើបចាប់ផ្តើមក្លាយជាពណ៌លឿងទាំងអស់។ ជាប្រក្រតី បើទារកដែលបៅទឹកដោះម្តាយ នឹងជុះចេញមកមានលាយពពុះ ខ្លះជាគ្រាប់លាយសាច់ល្អិតៗ ដែលនឹងជុះមួយថ្ងៃ 6 – 10 ដង គឺជារឿងប្រក្រតីមិនមែនជាអាការរាករូសនោះទេ តែបើបៅទឹកដោះម្តាយគួបផ្សំជាមួយទឹកដោះគោម្សៅវិញ នឹងជុះក្នុងមួយថ្ងៃ 2 – 3 ដង។ យ៉ាងណាក៏ដោយ បើក្មេងតូចមិនជុះមក 2 – 3 ថ្ងៃ និងមានអាការហើមខ្លួន រួមទាំងមានអាការក្អួតផងនោះ គួរនាំទៅជួបលោកគ្រូពេទ្យ ព្រោះអាចមានសភាវឆ្លងមេរោគ ប្រតិកម្មចាញ់ប្រូតេអុីនក្នុងទឹកដោះគោ ឬសភាវពោះវៀនស្ទះណែន។
ចូចាំទុកថា ថ្នាំមិនមែនជានំ ឬចំណីអាហារនោះទេ បើអាចទៅរួច សម្រាប់ទារកទើបនឹងកើតរហូតដល់ 2 ឆ្នាំ បើចៀសវាងក្នុងការឱ្យញ៉ាំថ្នាំបាននោះ ចូរចៀសវាង ព្រោះជំងឺខ្លះមិនខ្លាំងក្លាដូចដែលយើងគិតនោះទេ និងអាចធ្វើឱ្យធូរស្រាលបានដោយខ្លួនឯងដោយមិនចាំបាច់ពឹងថ្នាំឡើយ តែបើមិនប្រាកដក្នុងចិត្តលើអាការ ឬអាការមិនធូរស្រាលក្នុងអំឡុងពេល 2 ថ្ងៃទេនោះ គួរប្រញាប់នាំកុនតូចទៅមន្ទីរពេទ្យកុមារជាបន្ទាន់៕