ខ្សែប្រយុទ្ធ Wayne Rooney បានធ្វើការបង្ហាញខ្លួនជាលើកទី2របស់គេសម្រាប់ក្លិប Evertonកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលខ្សែការពារ Leighton Baines បានជួយឲ្យក្រុមពួកគេទទួលជ័យជម្នះក្នុងលទ្ធផល1-0 លើក្រុម MFK Ruzomberok របស់ស្លូវ៉ាគី ក្នុងការប្រកួតជម្រុះនៃក្របខ័ណ្ឌ Europa League ជុំទី3។
អតីតតារាឆ្នើមរបស់ក្រុម Manchester United និងក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសរូបនេះបានបញ្ជាក់នៅមុនពេលការប្រកួតនៅកីឡដ្ឋាន Goodison Park ថាវាបានក្លាយជាមហិច្ឆតាយូរមកហើយក្នុងការលេងឲ្យក្រុម Everton ក្នុងក្របខ័ណ្ឌអឺរ៉ុបនេះ។ រយៈពេល13ឆ្នាំក្រោយចាកចេញពី Everton ដើម្បីទៅចូលរួមជាមួយនឹង Man United ទីបំផុតខ្សែប្រយុទ្ធ Rooneyបានបំពេញមហិច្ឆតារបស់ខ្លួន បើទោះបីវាបានក្លាយជាថ្ងៃដ៏ខកចិត្តសម្រាប់អ្នកចាត់ការទូទៅលោកRonald Koeman និងក្រុម Everton ក៏ដោយ។ Rooney វ័យ31ឆ្នាំ បានប្រាប់ថា៖«វាជាអ្វីមួយដែលខ្ញុំបានរង់ចាំសម្រាប់រយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។វាពិតជាអស្ចារ្យណាស់សម្រាប់ការស្ថិតនៅក្នុងកីឡដ្ឋាន Goodison ដោយពាក់អាវពណ៌ខៀវ។វាជាអារម្មណ៍ដ៏អស្ចារ្យមួយ។ ប៉ុន្តែ វាជាការប្រកួតដ៏សំខាន់មួយសម្រាប់យើងហេតុនេះខ្ញុំត្រូវតែទុកការរំជួលចិត្តមួយឡែកសិនដើម្បីខ្ញុំអាចផ្តោតអារម្មណ៍ទៅលើការប្រកួតបានច្រើនជាងមុន»។
ការលែងខ្សែប្រយុទ្ធ Romelu Lukaku ក្នុងតម្លៃខ្លួន75លានផោន (ស្មើនឹង98លានដុល្លារអាមេរិក) ទៅឲ្យក្លិបMan United បានផ្តល់មូលនិធិដល់ក្លិប Everton ក្នុងការទិញចូលកីឡាករបានជាច្រើន ហើយ Rooney
បានចូលរួមជាមួយនឹងខ្សែការពារ Michael Keane ខ្សែបម្រើ Davy Klaassen និងខ្សែការពារ Cuco Martinaដើម្បីបង្ហាញខ្លួនជាលើកទី1របស់ពួកគេ៕
ប្រភពពី៖ Sport24