“Social distancing” ជាពាក្យមួយដែលសក្តិសមបំផុត ក្នុងអំឡុងស្ថានការណ៍បែបនេះ នោះគឺការដែលយើងត្រូវនៅឱ្យឆ្ងាយៗពីគ្នាយ៉ាងតិច 1-2ម៉ែត្រ ដើម្បីការពារការឆ្លងមេរោគកូវីដ-19 ដែលធ្វើឱ្យមនុស្សជាច្រើនត្រូវធ្វើការនៅផ្ទះ។ សម្រាប់អ្នកណាដែលនៅជាមួយក្រុមគ្រួសារ ក៏អាចនឹងមិនសូវជាអផ្សុកប៉ុន្មានទេ តែសម្រាប់អ្នកណាដែលនៅតែម្នាក់ឯង ប្រហែលជាមានអារម្មណ៍អផ្សុកមិនស្ទើរឡើយ តែចូរកុំភ្លេចឱ្យសោះថា ទោះជាយ៉ាងណា យើងគួរតែទូរស័ព្ទ ឬVDO Call ទៅបុគ្គលទាំងឡាយ ដូចខាងក្រោមនេះ ដែលទោះជាមិនបានជួបមុខគ្នាមែន តែការបាននិយាយជជែកគ្នា ការបានឃើញមុខគ្នា ប្រហែលជាអាចជួយកាត់បន្ថយក្ដីអផ្សុកបានខ្លះៗដែរ…។
មនុស្សក្នុងក្រុមគ្រួសារ
ប្រាកដណាស់ ក្នុងអំឡុងហេតុការណ៍វិបត្តិកូវីដ-19 នេះ ប្រហែលជាមានមនុស្សជាច្រើនត្រូវស្ថិតនៅឆ្ងាយពីផ្ទះ ឬមិនបានត្រឡប់មកផ្ទះវិញ ដូច្នេះការទូរស័ព្ទទៅមនុស្សនៅក្នុងក្រុមគ្រួសារ ដើម្បីជជែកគ្នា អាប់ឌែតស្ថានការណ៍ គឺជារឿងមួយដែលយើងគួរធ្វើជាទៅបំផុត ព្រោះក្រៅពីយើងបានអាប់ឌែតដំណឹងព័ត៌មានអំពីគ្នាហើយ វាថែមទាំងជាការរឹតចំណងសម្ព័ន្ធភាពរវាងឪពុកម្ដាយបងប្អូនឱ្យកាន់តែល្អឡើងទៀតផង។
ចៅហ្វាយនាយ ឬមេក្រុមការងារ
បុគ្គលមួយទៀតដែលយើងមិនគួរខ្វះការទំនាក់ទំនងនោះគឺ ចៅហ្វាយនាយរបស់យើងហ្នឹងឯង ព្រោះការធ្វើការងារបែប Work from home អាចធ្វើឱ្យការធ្វើការងារមានភាពខ្វះចន្លោះបាន ព្រោះយើងមិនបានជជែកពិភាក្សាទល់មុខគ្នា ដូច្នេះការដែលយើងបានជជែកនិយាយជាមួយចៅហ្វាយនាយជាប់ជានិច្ចនោះ គឺដើម្បីអាប់ឌែតអំពីការងារឱ្យវាដំណើរការឆ្ពោះទៅរកទិសដៅតែមួយដូចគ្នា និងពេលកើតមានបញ្ហាអ្វីមួយឡើង យើងអាចកែខៃស្ថានការណ៍បានទាន់ពេលវេលា។
មិត្តរួមការងារ
សម្រាប់មនុស្ស 1ក្រុមទៀតដែលសំខាន់មិនចាញ់គ្នាប៉ុន្មានដែរនោះ គឺមិត្តរួមការងារហ្នឹងឯង…រឹតតែអ្នកណាដែលត្រូវធ្វើការងារជាក្រុមផងនោះ ការបានជជែកពិភាក្សាគ្នាឱ្យបានយល់ពីសេចក្ដីលម្អិតរបស់ការងារ ការបែងចែកតួនាទីឱ្យច្បាស់លាស់ថា អ្នកណាធ្វើអី មានតួនាទីទទួលខុសត្រូវអ្វីខ្លះ ហើយត្រូវបញ្ជូនការងារទៅឱ្យនរណានោះ គឺជារឿងសំខាន់បំផុត…។
គូស្នេហ៍ ឬមនុស្សសំខាន់
ផ្ដល់ភាពសំខាន់ជាមួយមនុស្សគ្រប់គ្នាហើយ នៅមានមនុស្សម្នាក់ទៀតដែលយើងមិនអាចខ្វះបានឡើយ នោះគឺគូស្នេហ៍ ឬមនុស្សដែលយើងផ្ដល់ភាពសំខាន់ឱ្យគេហ្នឹងឯង ព្រោះស្ថិតក្នុងពេលវេលាបែបនេះ មានគូសង្សារជាច្រើន ត្រូវរស់នៅឆ្ងាយពីគ្នា ហើយប្រាកដណាស់ ច្បាស់ជាកើតការនឹករឭកគ្នាទៅវិញទៅមកជារឿងធម្មតា។ ដូច្នេះ រឿងដែលអាចធ្វើបាននៅពេលនេះ គឺការនិយាយគ្នាតាមរយៈប្រព័ន្ធបណ្ដាញសង្គម ផ្ដល់កម្លាំងចិត្តគ្នា ស្ដាប់ពីបញ្ហារបស់គ្នាទៅវិញទៅមក និងដែលសំខាន់បំផុត បើមិនចាំបាច់ទេ ក្នុងអំឡុងពេលនេះ ចូរកុំឈ្លោះគ្នាឱ្យសោះ…អ្នកគ្រូ ឆវី សូមណែនាំថា គួរនិយាយដោយហេតុផល យល់ចិត្តគ្នា និងទទួលស្ដាប់គ្នាទៅវិញទៅមក ព្រោះវាជារឿងដែលសំខាន់បំផុតសម្រាប់គូស្នេហ៍ទាំងឡាយក្នុងអំឡុងពេលនេះ។
អ្នកជំនាញការក្នុងផ្នែកផ្សេងៗ
មិនអាចបដិសេធបានទេថា ក្នុងអំឡុងស្ថានការណ៍បែបនេះ វាប្រហែលជាធ្វើឱ្យមនុស្សជាច្រើន ត្រូវជួបនឹងបញ្ហាផ្សេងៗ បើមិនច្រើន ក៏តិចដែរ ទាំងរឿងការងារ រឿងលុយកាក់ រឿងការរស់នៅ រួមទាំងរឿងសុខភាពរាងកាយ និងសុខភាពផ្លូវចិត្តផងដែរ ដូច្នេះ ការដែលយើងបានជជែកនិយាយជាមួយនរណាម្នាក់ដែលជាអ្នកជំនាញការក្នុងផ្នែកនោះដោយផ្ទាល់ នឹងធ្វើឱ្យយើងបានរកឃើញចម្លើយ ឬដំណោះស្រាយដែលច្បាស់លាស់ខ្លាំងឡើង និងជួយឱ្យយើងអាចសម្រេចចិត្តចំពោះរឿងអ្វីមួយបានកាន់ងាយស្រួលឡើងទៀតផង។
កុំភ្លេចណា៎ ស្ថានការណ៍តឹងតែងដែលកើតឡើងនេះ បន្តិចទៀត វានឹងកន្លងផុតទៅដោយសុវត្ថិភាពមិនខាន ដូច្នេះអ្វីដែលសំខាន់នៅពេលនេះ គឺការផ្ដល់ភាពសំខាន់ និងកម្លាំងចិត្តចំពោះមនុស្សសំខាន់របស់យើង ហើយនៅទីបំផុត យើងនឹងអាចឆ្លងកាត់ឧបសគ្គនេះទៅបានទាំងអស់គ្នាយ៉ាងពិតប្រាកដ៕
បំណងល្អពីអ្នកគ្រូ ឆវី នៃទស្សនាវដ្តី ឡារ៉ែន