ក្រុមហ៊ុន Facebook បានចំណាយប្រាក់សរុប23.4លានដុល្លារអាមេរិកសម្រាប់សេវាកម្មសន្តិសុខ និងសេវាកម្មយន្តហោះឯកជនរបស់ CEO Mark Zuckerberg ក្នុងឆ្នាំ2019។
យោងតាម CNBC ការចំណាយសម្រាប់ការពារសន្តិសុខជូនលោក Zuckerberg កាលពីឆ្នាំទៅ បានកើន3លានដុល្លារ បើធៀបនឹង20លានដុល្លារកាលពីឆ្នាំ2018 និងច្រើនជាងទ្វេដងបើធៀបនឹងឆ្នាំ2017 ដែលមានត្រឹមតែ 9.1លានដុល្លារ។ ខ្ទង់ចំណាយនេះ រួមមាន10.4លានដុល្លារសម្រាប់សេវាកម្មការពារសន្តិសុខឯកជនរបស់ម្ចាស់ Facebook នៅឯផ្ទះរបស់គាត់ និងដំណើរបំពេញបេសកកម្ម រួមនឹងជិត10លានដុល្លារសម្រាប់ការពារសន្តិសុខគ្រួសារទាំងមូលរបស់ Zuckerberg។
របាយការណ៍ហិរញ្ញវត្ថុរបស់ Facebook កាលពីថ្ងៃទី10មេសា បានបង្ហាញថា អគ្គនាយកប្រតិបត្តិ(CEO) Zuckerberg បានស្នើខ្ទង់ប្រាក់2.95លានដុល្លារដើម្បីជួលយន្តហោះសម្រាប់បំពេញការងារ។ តួលេខនេះក្នុងឆ្នាំ2018គឺត្រឹមតែ2.59លានដុល្លារ និងឆ្នាំ2017គឺត្រឹម1.52លានដុល្លារប៉ុណ្ណោះ។ ប្រាក់ខែប្រចាំឆ្នាំរបស់ Zuckerberg ត្រូវបានរក្សានៅត្រឹម1ដុល្លារ។
ឆ្នាំ2016 ក្រុមហ៊ុន Facebook បានបកស្រាយថា ខ្ទង់ចំណាយសម្រាប់ជួលយន្តហោះមកប្រើតែឯងសម្រាប់ Zuckerberg គឺជារឿងចាំបាច់ ដោយសារការគំរាមកំហែងនានាមកលើសុវត្ថិភាពរបស់លោក។
ដោយឡែក ប្រាក់បៀវត្សគោលប្រចាំឆ្នាំរបស់ Sheryl Sandberg ដែលជានាយកប្រតិបត្តិ (Chief Operating Officer) របស់ Facebook គឺ875,000ដុល្លារសម្រាប់ឆ្នាំ2019 (ខណៈឆ្នាំ2018គឺ 843,000ដុល្លារ)។ ក្រៅពីនេះ អ្នកស្រីក៏ទទួលបានប្រាក់រង្វាន់ 902,740ដុល្លារក្នុងឆ្នាំ2019 (ឆ្នាំ2018គឺ 638,000ដុល្លារ) ជាមួយនឹងរង្វាន់ជាមូលបត្រដែលមានតម្លៃដល់ទៅ19.67លានដុល្លារឯណោះ។
Sandberg ក៏មានកញ្ចប់ថវិកាសន្តិសុខឯកជនប្រមាណជា 4.37លានដុល្លារ។ ចំណែកសេវាយន្តហោះឯកជនរបស់អ្នកស្រី ក៏ចំណាយប្រាក់របស់ក្រុមហ៊ុន Facebook អស់1.3លានដុល្លារបន្ថែមទៀតផងដែរសម្រាប់ឆ្នាំ2019។
ឆ្នាំ2019 ត្រូវបានវាយតម្លៃថាជាឆ្នាំជោគជ័យរបស់ក្រុមហ៊ុន Facebook ដោយមានកំណើន30%។ មូលបត្ររបស់ក្រុមហ៊ុននេះ មានតម្លៃខ្ពស់មិនធ្លាប់មានពីមុនមក ពោលគឺឡើងដល់224.2ដុល្លារ/ហ៊ុន កាលពីថ្ងៃទី29មករា ឆ្នាំ2020 មុនពេលវាធ្លាក់មកនៅត្រឹម137.1ដុល្លារកាលពីខែមុន ដែលជាតម្លៃទាបបំផុតក្នុងអំឡុងជាង1ឆ្នាំមកនេះ៕
ប្រភព៖ សារព័ត៌មានបរទេស