អ៊ីតាលី៖ ស្រ្តីម្នាក់ដែលនាំអណ្ដើកទៅដើរលេងខាងក្រៅផ្ទះ ត្រូវបានសមត្ថកិច្ចទីក្រុង Rome ចាប់ពិន័យជាទឹកប្រាក់440ដុល្លារអាមេរិក ព្រោះតែបានរលោភលើបម្រាមគោចរទប់ស្កាត់COVID-19។
យោងតាមបទបញ្ជាបម្រាមគោចរដែលត្រូវបានរដ្ឋាភិបាលអ៊ីតាលីប្រកាសជាផ្លូវការកាលពីជាង1ខែមុនដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសCOVID-19 ពលរដ្ឋទាំងអស់ត្រូវតែមានមូលហេតុសមរម្យដូចជាទៅទិញរបស់របរចាំបាច់ ឬទៅពិនិត្យសុខភាពជាដើម ទើបអាចចេញពីផ្ទះបាន។ នាំឆ្កែដើរលេងនៅខាងក្រៅផ្ទះ ត្រូវបានចាត់ទុកជាមូលហេតុសមរម្យដើម្បីចេញទៅក្រៅផ្ទះ ក៏ប៉ុន្តែការនាំអណ្ដើកដើរលេងវិញ គឺមិនអាចនោះទេ។
សមត្ថកិច្ចទីក្រុង Rome កាលពីថ្ងៃទី14មេសា បានឱ្យដឹងថា ស្ត្រីវ័យ60ឆ្នាំម្នាក់ ត្រូវបានប្រទះឃើញដើរលេងជាមួយសត្វអណ្ដើកមួយក្បាលដែលមានទំហំប៉ុននំភីហ្សា។ អ្នកនាំពាក្យនគរបាល Nunzio Carbone ឱ្យដឹងថា ស្ត្រីជាជនល្មើលនេះត្រូវបានពិន័យជាប្រាក់400អឺរ៉ូ(440ដុល្លារអាមេរិក) ព្រោះថា នេះមិនមែនជា “មូលហេតុសមរម្យ” ដើម្បីចេញទៅក្រៅផ្ទះនោះទេ នៅក្នុងបម្រាមគោចររបស់ប្រទេស។
នៅអ៊ីតាលី សមត្ថកិច្ចអ៊ីតាលី បានពិន័យមនុស្សចំនួន16,545នាក់ដែលបានរំលោភលើបម្រាមគោចរ នេះបើគិតតែក្នុងពិធីបុណ្យ Easter Sunday កាលពីថ្ងៃទី13មេសា ខណៈដែលថ្ងៃទី12មេសា អាជ្ញាធរបានពិន័យជនល្មើសដល់ទៅ13,756នាក់។ លើបណ្ដាញសង្គមនៅអ៊ីតាលី គេឃើញមានអ្នកខ្លះថែមទាំងនិយាយលេងថា ពួកគេនឹងបើកក្រុមហ៊ុនផ្ដល់សេវាកម្មឱ្យជួលឆ្កែសម្រាប់អ្នកណាដែលត្រូវការមូលហេតុសមស្របដើម្បីចេញទៅខាងក្រៅផ្ទះ។
អ៊ីតាលីនៅតែជាសម្បុកមេរោគធំជាងគេលំដាប់ទី2នៅអឺរ៉ុប និងទី3នៅទូទាំងពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងអេស្ប៉ាញ ដោយមានមនុស្សជាង162,000នាក់បានឆ្លងវីរុសCOVID-19 ក្នុងនោះមានជាង21,000នាក់បានបាត់បង់ជីវិត។ បម្រាមគោចរនៅអ៊ីតាលី នឹងត្រូវពន្យារសុពលភាពរហូតដល់ថ្ងៃទី3ឧសាភា។ ក៏ប៉ុន្តែ កាលពីម្សិលមិញ នាយករដ្ឋមន្ត្រី Giuseppe Conte បានចុះហត្ថលេខាលើបទបញ្ជាថ្មីមួយដែលអនុញ្ញាតឱ្យអាជីវកម្មមួយចំនួនអាចបើកដំណើរការឡើងវិញបាន៕
ប្រភព៖ សារព័ត៌មានបរទេស