វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (Institut Pasteur du Cambodge) ត្រូវបានទទួលការតែងតាំងដោយអង្គការសុខភាពពិភពលោក ជាមន្ទីរពិសោធន៍យោងអន្ដរជាតិ សម្រាប់ការធ្វើតេស្តរកវីរុសឆ្លង Covid-19។ នេះបើយោងតាមសារបង្ហោះដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាលើបណ្ដាញសង្គមហ្វេសប៊ុក។
បណ្ដាញមន្ទីរពិសោធន៍យោងរបស់អង្គការសុខភាពពិភពលោក គឺមានមន្ទីរពិសោធន៍ក្នុងប្រទេសនានាដែលអាចផ្ដល់នូវការធ្វើតេស្ដ ដើម្បីបញ្ជាក់ពីមេរោគ Covid-19។
លើសពីនេះទៀត មន្ទីរពិសោធន៍ទាំងនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការដោះស្រាយ និងឆ្លើយតបនឹងហានិភ័យសុខភាពសាធារណៈដែលបណ្ដាលមកពីជំងឺរាតត្បាត។
ជាមួយគ្នានេះដែរ មន្ទីរពិសោធន៍ទាំងនេះ មានសារៈសំខាន់ក្នុងការអភិវឌ្ឍ និងធ្វើតេស្ដការរកឃើញថ្មី ផ្ដល់ព័ត៌មានបឋម និងទាន់ពេលវេលា និងជួយជំរុញសមត្ថភាពឆ្លើយតបទៅនឹងជំងឺទូទាំងពិភពលោក។
ការទទួលស្គាល់នេះ ផ្តើមចេញពីការមានកម្រិតខ្ពស់នៃសមត្ថភាពបច្ចេកទេស និងសមត្ថភាពធ្វើតេស្តវិនិច្ឆ័យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រួមជាមួយនឹងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការធ្វើតេស្តសុពលភាព និងការកសាងសមត្ថភាពដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-19 នៅទូទាំងពិភពលោក។
ក្រៅពីអាចទទួលបាន និងបញ្ជាក់ពីសំណាកមេរោគកូវីដ-19 ពីទូទាំងពិភពលោកហើយ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជានឹងបន្ដផ្ដល់ជូននូវការធ្វើរោគវិនិច្ឆ័យ ការធ្វើតេស្ដ និងធ្វើឱ្យមានសុពលភាពនៃការរកឃើញថ្មី និងបច្ចេកវិទ្យា ដើម្បីបង្កើនសមត្ថភាពបន្ថែមទៀតក្នុងការធ្វើតេស្ដនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ក៏ដូចជាផ្ដល់នូវទិន្នន័យ និងព័ត៌មានសំខាន់ៗ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-19 នៅទូទាំងពិភពលោក។
គួរបញ្ជាក់ថា ក្នុងចំណោមមន្ទីរពិសោធន៍ទាំង17 វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺជាវិទ្យាស្ថានទី4 នៃបណ្ដាញវិទ្យាស្ថានប៉ាស្ទ័រអន្ដរជាតិ បន្ទាប់ពីវិទ្យាស្ថានប៉ាស្ទ័រ (បារាំង) វិទ្យាស្ថានប៉ាស្ទ័រហុងកុង Research Pole និង វិទ្យាស្ថានប៉ាស្ទ័រដាកា (សេណាហ្គាល់)៕