ប្រព័ន្ធមួយដែលមានឈ្មោះថា Contact Tracing ត្រូវបាន Apple និង Google រួមគ្នាបង្កើតឡើង សម្រាប់តាមដានការរាតត្បាតនៃមេរោគកូវីដ-19 ដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចែករំលែកព័ត៌មានផ្ទាល់ខ្លួន តាមរយៈ Bluetooth រយៈចម្ងាយជិត និងតាមរយៈកម្មវិធីដែលទទួលបានការអនុញ្ញាតពីស្ថាប័នសុខាភិបាល។
មុខងារនៃបច្ចេកវិទ្យានេះ ត្រួសៗ ដែលត្រូវបានគេដឹងពីក្រុមហ៊ុនបច្ចេកវិទ្យាទាំង2 គឺ វាប្រើប្រាស់នូវ Bluetooth ចម្ងាយជិត ដើម្បីតាមដាន និងចែករំលែកទិន្នន័យ រវាងស្មាតហ្វូនដែលស្ថិតនៅជិតៗគ្នា នៅពេលណា ដែលដឹងថា ខ្លួនមានមេរោគកូវីដ-19 អ្នកប្រើប្រាស់អាចរាយការណ៍បានតាមរយៈកម្មវិធី ដើម្បីឱ្យអ្នកប្រើប្រាស់ដទៃទៀតបានដឹងថា ពួកគេធ្លាប់មានទំនាក់ទំនងជិតស្និទ្ធនឹងអ្នកជំងឺនោះ ឬអត់?។
ក្រុមហ៊ុនទាំង2 នឹងរួមគ្នាបញ្ចេញនូវ API ដែលនឹងអនុញ្ញាតឱ្យឧបករណ៍ iOS និង Android អាចធ្វើការទំនាក់ទំនងនឹងគ្នាដោយផ្ទាល់ តាមរយៈ Bluetooth នៅពាក់កណ្ដាលខែឧសភាខាងមុខ ។
នៅត្រឹមដំណាក់កាលនេះ អ្នកប្រើប្រាស់ត្រូវធ្វើការទាញយកកម្មវិធី ដើម្បីចូលរួមក្នុង Contact Tracing នេះ ប៉ុន្តែក្នុងប៉ុន្មានខែក្រោយ បន្ទាប់ពី API សម្រេចរួចរាល់ ក្រុមហ៊ុនទាំង2 នឹងធ្វើការបង្កើតមុខងារ Tracing នេះទៅក្នុងប្រព័ន្ធប្រតិបត្តិការរបស់ខ្លួនតែម្ដង ដោយមិនចាំបាច់ធ្វើការទាញយកឡើយ។
រំឭកផងដែរថា Apple និង Google នៅកំពុងពិភាក្សាជាមួយអាជ្ញាធរសុខភាព និងម្ចាស់ភាគហ៊ុនដទៃទៀតអំពីការដំណើរការប្រព័ន្ធនេះ ព្រោះថា វាជាប្រព័ន្ធថ្មីមួយដែលមានភាពស្មុគស្មាញបំផុត៕