ភ្នំពេញៈ ការផ្តល់ឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានានៅតែរក្សាបានកំណើនល្អប្រសើរ ជាក់ស្តែងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតសម្រេចបានកំណើន11ភាគរយក្នុងដំណាច់ឆមាសទី1ឆ្នាំនេះធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត លោក ជា ផល្លារិន បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី27 កក្កដានេះថា ស្ថានភាពនៃឥណទានរបស់យើងនៅឆ្នាំនេះនៅតែរក្សាបានកំណើនល្អ ដោយទំហំទឹកប្រាក់បានកើនពី594លានដុល្លារកាលពីដំណាច់ឆ្នាំមុនដល់630លានដុល្លារនៅដំណាច់ត្រីមាសទី2ឆ្នាំនេះ ស្មើនឹងកំណើន11ភាគរយ និងប្រាក់បញ្ញើបានកើនពី283លានដុល្លារកាលពីដំណាច់ឆ្នាំមុនមកដល់330លានដុល្លារនៅដំណាច់ឆមាសទី1ឆ្នាំនេះ។
លោកបន្តថា កម្រិតនៃឥណទានរបស់យើងមិនមានបញ្ហានោះទេទោះបីជាដ្ឋាភិបាលកំណត់ពិដានការប្រាក់ក្តី ប៉ុន្តែយ៉ាងណាក៏ដោយសម្រាប់ស្ថាប័នរបស់លោកមិនប្រឈមមុខនឹងកង្វះទុនសម្រាប់ធ្វើប្រតិបត្តិការនោះទេ។
លោក ជា ផល្លារិន បានបន្តថា “ទោះជាមានបញ្ហាខ្លះក្តី ប៉ុន្តែយើងអាចយកប្រាក់ចំណេញពីផ្នែកផ្សេងទៀតមកប៉ះប៉ូវបាន ហើយយើងកំពុងពង្រឹងបុគ្គលិករបស់យើងឲ្យកាន់តែមានសមត្ថភាពដើម្បីធ្វើឲ្យប្រាកដថា ឥណទានដែលយើងបានបញ្ចេញទៅជាឥណទានមានគុណភាព។ សម្រាប់អម្រឹតមិនមានបញ្ហាទេ ប្រសិនជាស្ថិតក្នុងស្ថានភាពដូចសព្វថ្ងៃនេះ”៕