ប្រទេសអាល្លឺម៉ង់ កំពុងតែរងការរាតត្បាតយ៉ាងខ្លាំងក្លា ពីមេរោគវីរុសកូវីដ-19 ដែលចំនួនអ្នកឆ្លងមេរោគកំណាចនេះ បានកើនឡើងលើសប្រទេសអ៊ីតាលីទៅទៀត តែប្រទេសនេះបានធ្វើការសម្រេចចិត្តដ៏ពិបាកមួយដើម្បីកុំឱ្យខាតបង់ដល់សេដ្ឋកិច្ចខ្លាំងក្លាពេក ដោយការសម្រេចថា នឹងបើកការប្រកួតបាល់ទាត់លីគរបស់ខ្លួនជាធម្មតាឡើងវិញ នៅខែ5 ខាងមុខនេះ។
ដើម្បីទប់ទល់កុំឱ្យខាតបង់ច្រើនក្នុងវិស័យសេដ្ឋកិច្ច សហព័ន្ធបាល់ទាត់អាល្លីម៉ង់ បានបង្ហើបពីគម្រោងបើកការប្រកួតរបស់ខ្លួនបន្តនៅក្នុងខែឧសភាខាងមុខនេះ។ មិនតែប៉ុណ្ណោះការប្រកួតនេះ ត្រូវបានគេសម្រេចធ្វើឱ្យលឿនជាទីបំផុត ដោយនឹងត្រូវបញ្ចប់ការប្រកួត និងលើកពាននានាឱ្យបានក្នុងអំឡុងចុងខែមិថុនា ខាងមុខនេះ។
សម្រាប់អ្នកគាំទ្រដែលមិនអាចទៅចូលរួមទស្សនាដោយផ្ទាល់បាន អាចតាមដានបានតាមកញ្ចក់ទូរទស្សន៍នៅផ្ទះជំនួសវិញ។ សម្រាប់ការប្រកួតនីមួយៗ Bundesliga អនុញ្ញាតឱ្យមនុស្សចូលរួមត្រឹមតែ 240នាក់ រួមមាន កីឡាករ គ្រូ បុគ្គលិកពេទ្យ មន្ត្រីអាជ្ញាកណ្ដាល និងក្រុមការងារថតប៉ុណ្ណោះ ដែលអាចចូលក្នុងកីឡដ្ឋានបាន៕