មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន (the free-trade agreement ឬ FTA) ទទួលបានជោគជ័យប្រមាណ 70% ហើយហើយគេរំពឹងថា កិច្ចព្រមព្រៀងនេះ នឹងត្រូវចុះហត្ថលេខានៅចុងឆ្នាំនេះ។
ឯកឧត្តម សុខ សុភ័ក្ត្ររដ្ឋ លេខាធិការក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ក្នុងអំឡុង ពេលនៃកិច្ចចរចា FTA លើកទី2 ភាគីទាំង2 ទទួលបានលទ្ធផលល្អពីក្រុមការងារចរចាចំនួន 10 ចំណុចតាមរយៈវេទិកាអនឡាញ ដែលត្រូវបានប្រើដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ មេរោគCOVID-19 ។ ជុំទី1 បានធ្វើឡើងនៅទីក្រុងប៉េកាំង កាលពីថ្ងៃទី20 និង 21 ខែមករា ឆ្នាំ2020។
ឯកឧត្តមបន្ថែមថា៖«ក្រុមចរចាទាំង2 បានឯកភាពគ្នាលើជំពូកជាច្រើនក្នុងជុំទី2 រួមមានកិច្ចសហប្រតិបត្តិការវិនិយោគ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស កិច្ចសហប្រតិបត្តិការគំនិត ផ្តួចផ្តើមខ្សែក្រវាត់1 ផ្លូវខ្សែ1 និងប្រព័ន្ធពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ យើងសម្រេចបានច្រើនសម្រាប់ការចរចាជុំទី2 ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។ ទោះយ៉ាងណាយើងមិនអាចបង្ហាញព័ត៌មានលម្អិតជាសាធារណៈបានទេ ពីព្រោះកិច្ចការមួយចំនួនកំពុងស្ថិតក្នុងការពិភាក្សាផ្ទៃក្នុងនៅឡើយ»។
ឯកឧត្តមបានឱ្យដឹងដែរថា ក្រុមចរចា ក៏បានឯកភាពជាគោលការណ៍លើបញ្ហាដែលមិនទាន់បានដោះស្រាយ ហើយបានឯកភាព និងប្រគល់ភារកិច្ចមួយចំនួនដល់ក្រុមតូចៗ ដើម្បីនាំបញ្ហាទាំងនោះមកពិភាក្សាបន្តទៀត ហើយរាយការណ៍ជូនប្រធានក្រុមអ្នកចរចា នៅមុនដល់ខែឧសភា ឆ្នាំ 2020 ហើយក៏សង្ឃឹមថា ការចរចារនៅក្នុងលក្ខខណ្ឌនៃក្រុមបច្ចេកទេស នឹងត្រូវបញ្ចប់នៅក្នុងខែមិថុនាឆ្នាំនេះដែរ។ ជំពូកខ្លះ យើងបានបញ្ចប់ជាគោលការណ៍ហើយ ប៉ុន្តែជំពូកទាំងនោះត្រូវឆ្លងកាត់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងទាំងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ជាមុនសិន។
ឯកឧត្តមបន្ថែមថា៖«រហូតមកដល់ថ្ងៃនេះជំងឺរាតត្បាតរ៉ាំរ៉ៃ វីរុសកូវីដ-19 បានកាត់បន្ថយខ្សែចង្វាក់ផ្គត់ផ្គង់ និងខ្សែចង្វាក់តម្លៃ។ ការដឹកជញ្ជូន និងការបញ្ជាទិញទំនិញត្រូវបានលុបចោល ពីព្រោះប្រទេសមួយចំនួន ស្ថិតក្នុងស្ថានភាពអាសន្ន ដូច្នេះវាប៉ះពាល់ដល់ពាណិជ្ជកម្ម។ យើងកំពុងធ្វើការចរចាតាមរយៈវីដេអូ ដូច្នេះនៅពេលដែលវីរុសកូវីដ-19 បញ្ចប់ យើងអាចធ្វើសកម្មភាពសេដ្ឋកិច្ចរបស់យើងឡើងវិញយ៉ាងឆាប់រហ័សជាមួយប្រទេសចិន»។
ទាក់ទងនឹងរយៈពេលកំណត់ ឯកឧត្តមបាននិយាយថា លោកកំពុងសម្លឹងមើលខែមិថុនាដើម្បីចែកចាយឯកសារស្នើសុំជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ។ ប្រសិនបើមិនមានបញ្ហាអ្វីទេ រដ្ឋាភិបាលនៃប្រទេសទាំង2 គួរតែស្ថិតនៅលើគោលដៅ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅពេលណាមួយនៅចុងឆ្នាំ2020នេះ។
ប្រទេសខ្លះត្រូវការពេលយ៉ាងតិច 3ឆ្នាំសម្រាប់ការចរចា ប៉ុន្តែយើងបានធ្វើការចរចានៅខែធ្នូ ឆ្នាំ2019 ខែមករា ឆ្នាំ2020 និងខែមេសា ឆ្នាំ2020 ទាំងអស់នេះ គឺដោយសារកម្ពុជាស្ថិតនៅក្នុងសមាជិកអាស៊ាន ដែលមានទំនាក់ទំនងរួចហើយ។ យើងគ្រាន់តែត្រូវការកែទម្រង់ច្បាប់ និងនីតិវិធីនៃច្បាប់ ដើម្បីសម្រួលដល់ការវិនិយោគពាណិជ្ជកម្ម ការនាំចូល និងការនាំចេញតែប៉ុណ្ណោះ។
យោងតាមឯកឧត្តម បានមានប្រសាសន៍ថា ប្រសិនបើបញ្ចប់ដោយជោគជ័យនោះ FTA នឹង ក្លាយជាយន្តការថ្មីមួយដែលនឹងជំរុញ និងបង្វែរសក្តានុពលសេដ្ឋកិច្ច និងទស្សនវិស័យរបស់ប្រទេស ទាំង2។ គោលបំណងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ គឺដើម្បីពង្រីកពាណិជ្ជកម្ម វិនិយោគ សេវា កម្ម និងកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅរវាងប្រទេសទាំង2។ សំខាន់វាក៏នឹងជួយឱ្យប្រទេសកម្ពុជានាំចេញនូវផលិតផលដ៏ច្រើនរបស់ខ្លួនទៅកាន់ទីផ្សារប្រទេសចិន។
ឯកឧត្តមបានបន្ថែមថា៖«ទាក់ទងនឹងការវិនិយោគ FTA នឹងរួមចំណែកដល់ភាពងាយស្រួលរបស់វិនិយោគិនដែលមានស្រាប់ ឱ្យពង្រីកអាជីវកម្មរបស់ពួកគេ និងទាក់ទាញការវិនិយោគបន្ថែមទៀតមកកម្ពុជា។ វានឹងមានឱកាសដ៏ធំមួយសម្រាប់ព្រះរាជាណាចក្រ នៅពេលនិយាយអំពីការបង្កើនបរិមាណផលិតផលរបស់ខ្លួន ដែលត្រូវបានបញ្ជូនទៅកាន់ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី2 នៅលើពិភពលោក និងមានប្រជាជនធំជាងគេនៅលើពិភពលោក។
ឯកឧត្តមបានបញ្ជាក់ថា៖«តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ប្រទេសកម្ពុជានឹងអាចជំរុញការនាំចេញ ជាពិសេសផលិតផលកសិកម្មទៅកាន់ទីផ្សារ ហើយវាក៏នឹងពង្រឹងខ្សែចង្វាក់តម្លៃផលិតផលរបស់ប្រទេសកម្ពុជាផងដែរ» ។
សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង2 បានកើនឡើងជាលំដាប់ពី 5.16ពាន់លានដុល្លារក្នុងឆ្នាំ2016 ដល់ 7.4ពាន់លានដុល្លារ ក្នុងឆ្នាំ2018 នេះបើយោងតាមតួលេខរបស់រដ្ឋាភិបាល។ គោលបំណង គឺដើម្បីឈានដល់ទំហំពាណិជ្ជកម្មទ្វេភាគីចំនួន 10ពាន់លានដុល្លារនៅឆ្នាំ 2023។
ប្រធានក្រុមចរចានៃប្រទេសទាំង2 បានណែនាំឱ្យអនុក្រុមការងារ ពន្លឿនការពិភាក្សា និង ដោះស្រាយបញ្ហាសំខាន់ៗដែលនៅសេសសល់ទាំងនេះ ទោះជាតាមប្រព័ន្ធអនឡាញក៏ដោយ សំដៅបញ្ចប់ជំពូកថ្មីៗ បន្ថែមឱ្យបានមុនកិច្ចប្រជុំបន្ទាប់ ដែលគ្រោងធ្វើនៅខែមិថុនា ខាងមុខនេះ៕