ក្រោយពីជួបគ្នាសងសឹកចំនួន 2 លើក រវាងក្រុមតារាសម្ដែងក្នុងផលិតកម្មមហាហង្ស និង ក្រុមកីឡាករបាល់ទាត់បុរីរិទ្ធិដែលទទួលបានលទ្ធផលស្មើគ្នាទាំងពីរលើករួចមក កាលពីថ្ងៃទី26 ខែកក្កដាកន្លងទៅនេះក្រុមទាំងពីរនេះបានជួបគ្នាជាលើកទី3 ដោយក្រុមតារាសម្តែងរបស់ផលិតកម្មមហាហង្សបានទទួលជ័យជម្នះក្នុងលទ្ធផលទទួល 4 – 3 ដែលធ្វើឱ្យលោក អ៉ិន សុភិន លោតកញ្ជ្រោលដោយក្តីត្រេកអរយ៉ាងខ្លាំងក្រោយពេលបញ្ចប់ការប្រកួត។
វាពិតជាគួរឱ្យចាប់អារម្មណ៍ជាខ្លាំងក្នុងការប្រកួតពេញរយៈពេល 90នាទីនៅលើទីលានពហុកីឡដ្ឋានវេស្ទើននៅម្ដុំទួលគោកដែលកីឡាករទាំងអស់បានប្រឹងបញ្ចេញសមត្ថភាពរៀងៗខ្លួនខណៈក្រុមទាំងពីរនេះជួបធ្វើការសងសឹកគ្នា។
លោក អ៉ិន សុភិន ជាអ្នកដឹកនាំក្រុមតំណាងឱ្យផលិតកម្មមហាហង្ស ដែលត្រូវគេឃើញលោតកញ្ជ្រោលសម្ដែងនូវអារម្មណ៍រីករាយជាខ្លាំងគ្រាដែលក្រុមរបស់លោកយកឈ្នះលើក្រុមបុរីរិទ្ធិ 1គ្រាប់នៅតង់ទីពីរបានថ្លែងប្រាប់ដោយក្តីរំភើបថា លោកបានរៀបចំក្រុមតារាសម្ដែងត្រៀមចូលរួមប្រកួតបាល់ទាត់លើកនេះប្រមាណជា 3 ខែមកហើយ។
លោកបានអះអាងថា ក្រុមទាំងពីរជួបប្រកួតគ្នា 2លើកមកហើយ ដោយទទួលបានលទ្ធផលស្មើគ្នាទាំង 2 លើក ដោយលើកទី 1ទទួលបានលទ្ធផល 1ស្មើ ទើបធ្វើឱ្យក្រុមទាំង 2 មិនអស់ចិត្ត និងបានសុំជួបសងសឹកជាលើកទី 2 ហើយលទ្ធផលនៅតែរក្សាការស្មើដូចមុនដដែល គឺ 2ទល់នឹង2 អ៊ីចឹងហើយទើបធ្វើឱ្យក្រុមបុរីរិទ្ធិរឹតតែមិនអស់ចិត្ត ហើយសុំប្រកួតសងសឹកជាថ្មីម្ដងទៀត ដោយកំណត់យកថ្ងៃទី26 ខែកក្កដា នេះឯង។
ចាងហ្វាងផលិតកម្មរូបនេះបញ្ជាក់ថា ទោះបីជាទទួលបានលទ្ធផល 4ទល់នឹង 3ក៏ដោយ តែខ្ញុំចាត់ទុកថា ជាមោទនភាពរបស់ក្រុមយើង ព្រោះក្រុមបុរីរិទ្ធិជាក្រុមមួយដែលខ្លាំង យើងអាចដឹងសមត្ថភាពពួកគាត់តាមរយៈការប្រកួតកន្លងមក។ ម្យ៉ាងលទ្ធផលនេះយើងទទួលបានមកដោយការខំប្រឹងប្រែង និងការប្រកួតដ៏ស្វិតស្វាញបំផុត»។ លោកបន្ដថា ជ័យជម្នះនេះនឹងធ្វើឱ្យក្រុមរបស់លោកកាន់តែមានមុខមាត់ក្នុងការត្រៀមប្រកួតមិត្តភាពជាមួយក្រុមផ្សេងៗដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន និងសហគ្រាសដូចគ្នា បន្ទាប់ពីបានយកឈ្នះលើក្រុមសប្បាយដែលជាក្រុមល្អមួយផងដែរ។
ការប្រកួតនាថ្ងៃទី26 កក្កដា ម្សិលមិញនេះមានកីឡាករចូលប្រកួត ដូចជាលោក អ៉ិន សុភិន លោក ភឹម តារាវិបុល លោកហេង នរៈកក្កដា លោកហ៊ូ ប៉ូសេង លោកជា សុវណ្ណនរាហ៍ និង លោកប៉ែន តុលា ជាដើម ដោយក្រៅពីនោះក៏មានតារាសិល្បៈច្រើននាក់ទៀតចូលរួមទស្សនា និងលើកទឹកចិត្តផងដែរ។
លោក អ៉ិន សុភិន បញ្ជាក់ថា៖ «ទោះបីជាមានការសងសឹកគ្នាដើម្បីយកជ័យជម្នះដែលជាកិត្ដិយសរបស់ក្រុមក៏ដោយ ប៉ុន្ដែការបង្កើតក្រុមកីឡានេះ ខ្ញុំធ្វើឡើងដើម្បីជំរុញទឹកចិត្ដយុវជនឱ្យចូលរួមលេងកីឡាដើម្បីសុខភាពតែប៉ុណ្ណោះ»។ លោកបន្ដថា ក្រៅពីទេពកោសល្យ និងរូបសម្រស់ហើយ កាយសម្បទា និងសុខភាពល្អក៏ជាកត្តាសំខាន់ដែលជំរុញឱ្យតារាសិល្បៈទទួលបានប្រជាប្រិយភាពខ្លាំងដែរ។
ដូច្នេះក្នុងនាមលោកជាថ្នាក់ដឹកនាំផលិតកម្មមួយរូបលោកត្រូវតែពង្រឹងសមត្ថភាព និងជំរុញតារាសម្ដែងទាំងអស់ឱ្យចេះថែរក្សាសម្រស់ឱ្យបានស្រស់ស្អាត សង្ហា និងជាពិសេសមានសុខភាពល្អ៕