ស្ថាបនិក Twitter លោក Jack Dorsey បានបរិច្ចាគថវិកាចំនួន 1ពាន់លានដុល្លារ ដើម្បីផ្គត់ផ្គង់ដល់ការប្រយុទ្ធប្រឆាំងមេរោគកូវីដ-19 នៅជុំវិញពិភពលោក និងដើម្បីផ្តល់ជាជំនួយសង្គ្រោះលើកិច្ចខិតខំប្រឹងប្រែងនានាប្រឆាំងនឹងកូវីដ-19។
លោកបាននិយាយថា “ខ្ញុំរកបានលុយ 1ពាន់លាននេះ និងសម្រេចចិត្តផ្តល់ជូនជាសាធារណៈ ព្រោះខ្ញុំយល់ថា ជីវិតមនុ្សយើង គឺខ្លីណាស់! យើងមិនដឹងពីអ្វី ដែលប្រុងនឹងកើតមានឡើងទេ! ដូច្នេះសូមធ្វើអ្វីគ្រប់យ៉ាង ដែលយើងអាចធ្វើបាននៅថ្ងៃនេះតែម្តង ដើម្បីជួយមនុស្សជាតិ! ធ្វើឥឡូវនេះភ្លាម កុំរង់ចាំយូរ!”។
នៅក្នុងការបង្ហោះមួយ នៅលើបណ្តាញសង្គម Twitter លោក Jack Dorsey (@Jack) បាននិយាយថា មូលនិធិនេះ ប្រមូលបានមកពីភាគហ៊ុនមួយចំនួននៅក្នុងក្រុមហ៊ុន។ អ្វីដែលលោក បានបរិច្ចាគ គឺស្មើនឹង 28% នៃទ្រព្យសម្បត្តិនាពេលបច្ចុប្បន្នប្រមាណ (3.6ពាន់លានដុល្លារ)។
បុរសមហាសេដ្ឋីវ័យ 43ឆ្នាំនេះ បាននិយាយថា ការបរិច្ចាគនេះ គឺទៅដល់មូលនិធិ Start Small ដែលអាចឱ្យមហាជនតាមដានបានថា ទឹកប្រាក់នេះ នឹងជួយដល់ផ្នែកណាខ្លះ? ដោយរូបលោកថែមទាំងបានបង្ហាញនូវ Google Sheets ដែលតាមដានលើការចំណាយនៃការបរិច្ចាគនេះទៀតផង៕