ខ្សែប្រយុទ្ធ Tammy Abraham កំពុងតែប្តេជ្ញាចិត្តក្នុងការបង្ហាញពីសមត្ថភាពរបស់គេក្នុងក្របខ័ណ្ឌ Premier League និងបានបញ្ជាក់ថា រូបគេនឹងធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលក្នុងរដូវកាលខាងមុខនេះ ក្នុងអំឡុងការចំណាយពេលខ្ចីជើងរបស់គេជាមួយនឹងក្លិប Swansea City។
Abraham ដែលធ្លាប់បានបង្ហាញខ្លួនក្នុងក្របខ័ណ្ឌកំពូលត្រឹមតែ2លើកគត់ ជាមួយនឹងម្ចាស់កម្មសិទ្ធិរបស់គេគឺ Chelsea នោះបាននិយាយថា រូបគេសង្ឃឹមថា នឹងបង្កើតភាពអស្ចារ្យ ក្រោយពីបានរកគ្រាប់បាល់បញ្ចូលទី26គ្រាប់ ក្នុងក្របខ័ណ្ឌ Championship កាលពីរដូវកាលមុន ជាមួយនឹងក្លិប Bristol City។ Abraham បានប្រាប់គេហទំព័ររបស់ក្លិប Swansea ថា៖ «ខ្ញុំពិតជាស្រេកឃ្លានក្នុងការធ្វើឲ្យកាន់តែល្អប្រសើរជាងរដូវកាលមុន និងធ្វើឲ្យបានក្នុងកម្រិតកំពូល។
គ្រប់គ្នាបានឃើញខ្ញុំធ្វើរួចមកហើយក្នុងក្របខ័ណ្ឌ Championship ប៉ុន្តែ ខ្ញុំពិតជាចង់ធ្វើវាក្នុងក្របខ័ណ្ឌ Premier League ទៀត»។ កីឡាកររូបនេះបានបន្ថែមទៀតថា៖ «គ្រប់គ្នានឹងមានការភ្ញាក់ផ្អើល ពីព្រោះខ្ញុំមានរូបរាងខ្ពស់ ប៉ុន្តែ ខ្ញុំពិតជាធ្វើចលនាបានរហ័ស ហើយខ្ញុំមានល្បឿនដ៏ល្អក្នុងការផ្តល់ការភិតភ័យដល់ខ្សែការពាររបស់គូប្រកួត។ បើទោះបីខ្ញុំខ្ពស់ តែខ្ញុំក៏ចូលចិត្តគ្រប់គ្រងបាល់ចុះឡើងផងដែរ»។ Abraham ជឿជាក់ថា រូបគេអាចធ្វើការសម្របខ្លួនបានយ៉ាងឆាប់រហ័សទៅនឹងរបៀបលេងរបស់ក្រុម Swansea ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Paul Clement ដែលធ្លាប់បានធ្វើការជាមួយនឹងកីឡាករវ័យ19ឆ្នាំរូបនេះរួចមកហើយ ក្នុងពេលដែលលោកធ្វើការនៅឯក្លិប Chelsea ចន្លោះឆ្នាំ2007 និងឆ្នាំ2011៕
ប្រភពពី៖ BBC