រដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ19នៅកម្ពុជា។ សេចក្ដីសម្រេចនេះ ធ្វើឡើងតាមរយៈបទបញ្ជាចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅថ្ងៃទី9 មេសា។ នៅលើទំព័រហ្វេសប៊ុក លោកនាយករដ្ឋមន្ដ្រីហ៊ុន សែន ពន្យល់ថា ដើម្បីសុវត្ថិភាពរបស់ជាតិនិងប្រជាជន លោកគ្មានជម្រើសអ្វីក្រៅតែពីដាក់ចេញនូវបទបញ្ជាហាមឃាត់ការធ្វើដំណើរនេះឡើយ។
ការដាក់កំហិតលើការធ្វើដំណើរនៅផ្ទៃក្នុងប្រទេសកម្ពុជា ចាប់មានសុពលភាពពីពាក់កណ្ដាលអាធ្រាតថ្ងៃព្រហស្បតិ៍ទី9 ខែមេសា រហូតដល់ពាក់កណ្ដាលអាធ្រាតថ្ងៃព្រហស្បតិ៍ទី16 មេសា សប្ដាហ៍ក្រោយ។ បើតាមបទបញ្ជារបស់រដ្ឋាភិបាល ការធ្វើដំណើរនៅផ្ទៃក្នុងប្រទេសដែលហាមឃាត់ រួមមានការធ្វើដំណើរឆ្លងកាត់ចេញចូលរាជធានី ការធ្វើដំណើរឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយ និងការឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀត។ រដ្ឋាភិបាលគូសបញ្ជាក់ថា ការហាមឃាត់ការធ្វើដំណើរនេះ ធ្វើឡើងក្នុងគោលបំណងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ19 នៅក្នុងកាលៈទេសៈពិសេសនាពេលបច្ចុប្បន្ន ដើម្បីមិនឲ្យជំងឺនេះរាលដាលឈានចេញពីដំណាក់កាលនាំចូលជំងឺពីប្រភពខាងក្រៅ ទៅជាការឆ្លងរាលដាលនៅក្នុងសហគមន៍។
សូមជម្រាបជូនថា បទបញ្ជាដែលរដ្ឋាភិបាលដាក់ចេញនេះ សំដៅដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋទូទៅ លើកលែងតែចំពោះករណីបន្ទាន់ត្រូវធ្វើដំណើរទៅមន្ទីរពេទ្យដែលនៅជិតបំផុតដោយដាក់កម្រិតត្រឹមមនុស្ស 4នាក់។ ការលើកលែងក៏មានផងដែរចំពោះការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ព្រមទាំងរថយន្តនិងមធ្យោបាយធ្វើដំណើររបស់មន្ដ្រីរាជការក៏ដូចជាកងកម្លាំងប្រដាប់អាវុធ ក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃ។ ចំណែកការធ្វើចរាចរណ៍របស់រថយន្តបម្រើសេវាសាធារណៈចាំបាច់ ដូចជារថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គីភ័យ រថយន្តដឹកសម្រាម និងរថយន្តដឹកកម្មករទៅធ្វើការ ត្រូវអនុញ្ញាតឲ្យធ្វើចរាចរណ៍តាមធម្មតា។
ជាការកត់សម្គាល់ បទបញ្ជារបស់រដ្ឋាភិបាលកម្ពុជានាពេលនេះ ធ្លាក់មកតែបួនថ្ងៃប៉ុណ្ណោះមុនពេលពិធីបុណ្យចូលឆ្នាំខ្មែរឈានចូលមកដល់នៅថ្ងៃទី13 ខែមេសា។ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ ប្រជាពលរដ្ឋមួយចំនួន ជាពិសេសអ្នករស់នៅរាជធានីភ្នំពេញ កំពុងតែត្រៀមខ្លួនចេញដំណើរទៅកាន់ស្រុកកំណើតដើម្បីជួបជុំក្រុមគ្រួសារ បើទោះបីជាឆ្នាំនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រកាសលុបចោលថ្ងៃឈប់សម្រាកចូលឆ្នាំខ្មែររួចទៅហើយក៏ដោយ៕