មិនថាក្រុមហ៊ុនផលិតកម្ម ឬសេវាកម្មនោះទេ ដើម្បីសាងកេរ្ត៍ឈ្មោះឱ្យទទួលបានការគាំទ្រពីអតិថិជនច្រើន ចាំបាច់បំផុតគឺត្រូវពង្រឹងគុណភាព និងការផ្តល់សេវាកម្មល្អ និងឆាប់រហ័សប្រកបដោយជំនឿចិត្តខ្ពស់នៅលើទីផ្សារ។ ឧទាហរណ៍ដូចជាមន្ទីរព្យាបាលធ្មេញឯកទេស ដោយសារឈរលើគោលការណ៍ទាំងនេះបានធ្វើឱ្យអតិថិជនមានការគាំទ្រយ៉ាងខ្លាំងទាំងក្នុងនិងក្រៅប្រទេសទៀតផង។
ទន្តបណ្ឌិត ហ៊ុយ ប៉ូលីន ប្រធានមន្ទីរព្យាបាលពេទ្យធ្មេញឯកទេសមានប្រសាសន៍ថា ក្រោយពេលលោកបានបញ្ចប់ការសិក្សានៅឆ្នាំ2003 ពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលលើឯកទេសពេទ្យធ្មេញនេះ លោកនៅមិនទាន់បើកគ្លីនិកផ្ទាល់ខ្លួននៅឡើយទេ តែលោកខិតខំប្រឹងប្រែងប្រឡងយកអាហារូបករណ៍ជំនាញឯកទេសធ្មេញទៅសិក្សាបន្តនៅសាកលវិទ្យាល័យម៉ាហ៊ីដុល (Mahidol) ប្រទេសថៃទៀត រហូតទទួលបានជំនាញច្បាស់លាស់ហើយទើបលោកត្រឡប់មកប្រទេសកម្ពុជាវិញដើម្បីបើកដំណើរការមន្ទីរពេទ្យព្យាបាលមាត់ធ្មេញដំបូងឡើងនៅជិតផ្សារអូឡាំពិកក្នុងអំឡុងឆ្នាំ2009។ ដោយសារតែគុណភាព ការផ្តល់សេវាលឿនប្រកបដោយភាពជឿជាក់ និងការស្មោះត្រង់ជាមួយអតិថិជនទើបធ្វើឱ្យមន្ទីរពេទ្យព្យាបាលមាត់ធ្មេញមួយនេះទទួលបានការគាំទ្រពីអតិថិជនកាន់តែច្រើនឡើងៗ ហើយក៍បន្តបើកសាខាក្នុងក្រុងភ្នំពេញមួយទៀត នៅជិតផ្សារអូរឫស្សីក្នុងឆ្នាំបន្ទាប់គ្នាគឺឆ្នាំ2010តែម្តង។
លោកថា ដោយសារតែគុណភាពនៃការព្យាបាលមាត់ធ្មេញ ជាពិសេសការដាំបង្គោលធ្មេញប្រកបដោយគុណភាពទុកចិត្តបាន និងតម្លៃសមរម្យផងនោះបានធ្វើឱ្យអតិថិជនស្គាល់តៗគ្នាពីមាត់មួយទៅមាត់មួយ ហើយមានភ្ញៀវមកទទួលយកសេវាឥតដាច់នោះទេពីមួយថ្ងៃទៅមួយ សូម្បីតែជនបរទេសដែលមកធ្វើការរកស៊ី ឬមកលម្ហែកាយនៅក្នុងប្រទេសកម្ពុជាក៏ពួកគេបានប្រាប់តៗគ្នា ហើយមកទទួលយកសេវាព្យាបាលមាត់ធ្មេញនៅទីនេះជាបន្តបន្ទាប់ដែរ បើគិតជាភាគរយគឺប្រមាណជាជាង 30% ឯណោះបើធៀបជាមួយអតិថិជនដែលជាប្រជាជនខ្មែរនៅក្នុងស្រុករបស់យើង។
ដោយមើលឃើញពីតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅតាមទីជនបទ ពិសេសនៅមានកង្វះខាតមន្ទីរពេទ្យព្យាបាលមាត់ធ្មេញនេះ លោកក៏បានសម្រេចចិត្តពង្រីកសាខាថ្មីមួយទៀត ទៅខេត្តក្រចេះដែលជាស្រុកកំណើតរបស់លោកនៅឆ្នាំ2012។ លោកបានបញ្ជាក់ដូច្នេះថា «អ្វីដែលធ្វើឱ្យខ្ញុំសម្រេចចិត្តទៅបើកសាខានៅតាមបណ្តាខេត្តឆ្ងាយដូចជាខេត្តក្រចេះនេះ គឺដោយសារខ្ញុំមើលឃើញថា ទីនោះពុំមានគ្លីនិក ឬមន្ទីរពេទ្យព្យាបាលមាត់ធ្មេញនៅឡើយ ហើយពេលមានបញ្ហាជំងឺឈឺថ្កាត់កើតឡើងពួកគាត់ជួបការលំបាកក្នុងការរកសេវាព្យាបាល ត្រូវធ្វើដំណើរមកភ្នំពេញចំណាយលុយកាក់ច្រើន ដូច្នេះដើម្បីជួយផ្តល់ភាពងាយស្រួលដល់ពលរដ្ឋដែលរស់នៅជនបទឆ្ងាយៗទើបខ្ញុំសម្រេចចិត្តទៅបើកនៅទីនោះតែម្តង»។
ក្រោយពីបើកដំណើរការសាខាតាមខេត្តភ្លាមក៏មានអតិថិជនមកទទួលសេវាច្រើនជាបន្តបន្ទាប់មិនចាញ់នៅតាមទីប្រជុំជន ឬនៅក្នុងរាជធានីភ្នំពេញនោះទេ។ រួចក៏បន្តបើកសាខាមួយទៀតនៅក្នុងខេត្តរតនគិរីដែលជាខេត្តដាច់ស្រយាលដូចគ្នានេះនៅឆ្នាំ2014។ បន្ទាប់ពីបានបើកសាខាជាច្រើនជាបន្តបន្ទាប់មក ធ្វើឱ្យលោកមានការមមាញឹកជាខ្លាំងក្នុងការគ្រប់គ្រង និងចុះពិនិត្យមើលសកម្មភាពការងារនៅតាមសាខាមន្ទីរពេទ្យនីមួយៗ ដូច្នេះលោកក៏បានផ្អាកបើកសាខាមួយរយៈសិន ហើយឆ្លៀតទៅសិក្សាជំនាញដាំបង្គោលធ្មេញបន្តទៀតនៅប្រទេសអាហ្វ្រិកខាងត្បូងក្នុងឆ្នាំ2014 រួចបន្តទៅសិក្សាជំនាញដាំបង្គោលធ្មេញដដែលនេះនៅទីក្រុងឡុងដ៍ (London) ប្រទេសអង់គ្លេសនៅឆ្នាំ2015 និងសិក្សាជំនាញនេះបន្ថែមទៀតនៅទីក្រុងបាសេឡូណា (Barcelona) ប្រទេសអេស្ប៉ាញ។ ហើយទើបត្រឡប់មកកម្ពុជាវិញរហូតដល់ឆ្នាំ2016 ទើបលោកសម្រេចចិត្តបើកសាខាថ្មីមួយទៀតនៅខេត្តចំប៉ាសាក់ ប្រទេសឡាវ។
សម្រាប់ការបើកបម្រើសេវាកម្មមាត់ធ្មេញនៅប្រទេសឡាវក៏មានការគាំទ្រច្រើនដូចនៅប្រទេសខ្មែរដែរ ដោយសារនៅទីនោះសេវាសុខាភិបាលហាក់នៅមានកម្រិតទាបជាងនៅកម្ពុជាយើងឆ្ងាយណាស់ ពិសេសសេវាព្យាបាលមាត់ធ្មេញនេះតែម្តង។ គោលបំណងនៃការពង្រីកសាខានេះ គឺលោកចង់បង្ហាញថា កូនខ្មែរក៏មានសមត្ថភាពមិនចាញ់បរទេសដែរ «ក្នុងនាមជាកូនខ្មែរម្នាក់ខ្ញុំចង់បង្ហាញថា យើងក៏មានសមត្ថភាពមិនចាញ់បរទេសនោះដែរ មិនឱ្យបរទេសវាយតម្លៃមកលើគ្រួសារខ្មែរយើងដែលធ្លាប់តែមានវប្បធម៌អរិយធម៌រុងរឿងតាំងពីសម័យដើមមកម្ល៉េះ»។
ទោះបីជាមានការពង្រីកសាខាច្រើនក្នុងរយៈពេលដ៏ខ្លីបែបនេះក៏ដោយ ប៉ុន្តែក៏កិច្ចការអាជីវកម្មមួយនេះមិនមែនសំដៅគិតទៅលើតែប្រាក់ចំណេញតែមួយមុខនោះទេ ប៉ុន្តែអ្វីដែលសំខាន់គឺការបានចូលរួមជួយព្យាបាលប្រជាពលរដ្ឋខ្មែរទូទៅ មិនថាទីក្រុងឬជនបទដាច់ស្រយាលនោះទេ ពិសេសគឺបានចូលរួមជាមួយរាជរដ្ឋាភិបាល ជួយផ្តល់ការងារមួយចំនួនដល់យុវជនខ្មែរផងដែរ ដែលគិតមកទល់ពេលនេះមានបុគ្គលិកសរុបប្រមាណជាង60នាក់ហើយ។ ជាការរួមចំណែកលើកកម្ពស់ការសិក្សារអប់រំ លោករួមនឹងគ្រូពេទ្យស្ម័គ្រចិត្តជាច្រើនទៀតក៏តែងចុះព្យាបាលជំងឺទូទៅ និងជំងឺមាត់ធ្មេញនេះជូនពលរដ្ឋ និងបានចែកសម្ភារសិក្សាផ្សេងៗទៅដល់សិស្សនៅតាមទីជនបទនានាផងដែរ៕