ក្លិប Monaco បានបញ្ជាក់កាលពីថ្ងៃពុធថា មិនមានការព្រមព្រៀងគ្នាណាមួយជាមួយនឹងក្លិប Real Madrid ត្រូវបានឈានដល់ទីបញ្ចប់ សម្រាប់ការលក់ខ្សែប្រយុទ្ធអន្តរជាតិបារាំង Kylian Mbappe ឡើយ។
លោក Vadim Vasilyev អនុប្រធានក្លិប Monaco បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានមួយថា ក្លិបនេះ កំពុងតែធ្វើការពិភាក្សាជាមួយនឹង Mbappe ជុំវិញការបន្តកុងត្រាថ្មីមួយ។
ខ្សែប្រយុទ្ធដ៏ឆ្នើមវ័យ18ឆ្នាំរូបនេះកំពុងតែក្លាយជាប្រធានបទនៃពាក្យចចាមអារ៉ាមផ្សេងៗទាក់ទងនឹងរូបគេចំពោះការផ្ទេរក្នុងតម្លៃខ្លួន180លានអឺរ៉ូ (ស្មើនឹង211.4លានដុល្លារអាមេរិក) ខណៈដែលកាសែតកីឡាប្រចាំថ្ងៃរបស់អេស្ប៉ាញ Marca បានចេញផ្សាយកាលពីថ្ងៃអង្គារថា តម្លៃខ្លួនមួយត្រូវបានព្រមព្រៀងរវាងក្លិប Real និង Monaco ដែលជាម្ចាស់ជើងឯកក្របខ័ណ្ឌ Ligue 1។ លោក Vasilyev បានឲ្យដឹងថា៖ «ខ្ញុំបានអានព័ត៌មានជាច្រើននៅលើកាសែត។ មកទល់ពេលនេះ យើងមិនទាន់បានចុះកិច្ចព្រមព្រៀងគ្នាណាមួយជាមួយនឹងក្លិប Real ឬក៏ក្លិបផ្សេងឡើយ។
រាល់ក្លិបធំៗទាំងអស់ ចង់បានរូបគេ ព្រោះរូបគេជាកីឡាករដ៏អស្ចារ្យម្នាក់ក្នុងកីឡាបាល់ទាត់អឺរ៉ុប»។ លោក Vasilyev បានបន្ថែមទៀតថា៖ «យើងកំពុងតែស្ថិតក្នុងការពិភាក្សាផ្សេងៗជុំវិញការបន្តកុងត្រាជាមួយនឹង Kylian ហើយយើងសង្ឃឹមថា នឹងឈានដល់ការព្រមព្រៀងគ្នាមួយ»។ Mbappe បានបង្កើតឲ្យមានការចាប់អារម្មណ៍ផ្សេងៗកាលពីរដូវកាលមុន ខណៈដែលរូបគេបានជួយឲ្យក្រុមរបស់លោក Leonardo Jardim ឈ្នះពានក្របខ័ណ្ឌលីករបស់បារាំងជាលើកទី1 បើគិតចាប់តាំងពីឆ្នាំ2000មក និងបានឈានទៅប្រកួតក្របខ័ណ្ឌ Champions League ដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទៀត។ ខ្សែប្រយុទ្ធរូបនេះបានស៊ុតបាល់បញ្ចូលទី15គ្រាប់ក្នុងក្របខ័ណ្ឌ Ligue 1 និងបានរកគ្រាប់បាល់បញ្ចូលទី6គ្រាប់ក្នុងក្របខ័ណ្ឌ Champions League៕
ប្រភពពី៖ Sport24