ម៉ៃ ថៃសាន់ អ្នកប្រយុទ្ធលើសង្វៀនដ៏ល្បីល្បាញ អតីតជើងឯកប្រដាល់ពិភពលោកទម្ងន់ធ្ងន់ បានបង្ហើបឱ្យដឹងថា ខ្លួនធ្លាប់ចំណាយលុយទៅឱ្យបុគ្គលិកសួនសត្វ ដើម្បីសុំវាយ 1ទល់1 ជាមួយ ហ្គូរីឡា។
ក្នុងអំឡុងពេលនៃការឆ្លងរាលដាលរបស់មេរោគវីរុសកូវីដ-19 នេះ ថៃសាន់ អតីតម្ចាស់តំណែងជើងឯកប្រដាល់ពិភពលោកទម្ងន់ធ្ងន់ ដែលកាលនោះនៅមានអាយុតិចបំផុតក្នុងឆ្នាំ1986 មានឱកាសបានបង្ហើបប្រាប់អ្នកយកព័ត៌មាន អំពីអំឡុងពេលដ៏រុងរឿងរបស់ខ្លួនកាលពីអតីតកាល រួមទាំងឡៃហ្វ៍ស្តាយ៍ដ៏ទាក់ទាញដែលគ្មាននរណាដូចទៀតផង។
ដោយក្នុងអំឡុងឆ្នាំ1980 ជាអំឡុងពេលដែល “ពេជ្ឈឃាតខ្មៅ” រុងរឿងផុតកំពូលក្នុងពិភពកីឡាប្រដាល់សកលនោះ បាននិយាយថា គេធ្លាប់ព្យាយាមចំណាយប្រាក់សូកបុគ្គលិកសួនសត្វ ដើម្បីឱ្យរូបគេបានផ្លោះរបងចូលទៅដាល់ជាមួយនឹង សត្វហ្គូរីឡាខ្នង-ស ដែលល្បីថា ជាសត្វគីងកុងព្រៃភ្នំកំពូលអ្នកប្រយុទ្ធ។
អតីតជើងឯកប្រដាល់ពិភពលោក វ័យ 53ឆ្នាំ បានរំឭកអតីតកាលថា “ខ្ញុំបានស្នើចាយលុយឱ្យទៅបុគ្គលិកសួនសត្វនៅទីក្រុងនីវយ៉ក ដើម្បីបើកទ្វារឱ្យខ្ញុំ ជាមួយរ៉ូប៊ីន(អតីតភរិយា) ចូលទៅខាងក្នុងពេលយើងដើរមកដល់ទ្រុងហ្គូរីឡា ដែលមានអាខ្នង-ស មាឌធំមួយនៅខាងក្នុង ដែលមើលទៅដូចជាកំពុងធ្វើបាបគ្នាវា ពួកវាមើលទៅដូចជាមានកម្លាំងខ្លាំងណាស់ តែកែវភ្នែកហាក់ដូចជាស្លូត…”
“ខ្ញុំស្នើលុយ 10,000ដុល្លារ ឱ្យគេបើកទ្រុង ហើយទុកឱ្យខ្ញុំដាល់ច្រមុះអាខ្នង-ស 1ក្បាលនោះ តែបុគ្គលិកម្នាក់នោះបដិសេធ”
ទាំងអស់នេះ ម៉ៃក៍ ថៃសាន់ អាចហៅបានថា ជាអ្នកស្រឡាញ់សត្វចិញ្ចឹមខ្លាំងណាស់ ព្រោះនៅឯផ្ទះរបស់គេ គេចិញ្ចឹមសត្វព្រាបជាង 1,000ក្បាល រួមទាំងសត្វខ្លាបេងហ្គូល 2ក្បាលទៀតផង នៅក្នុងភូមិគ្រឹះដ៏ធំមួយនៅក្នុងទីក្រុងឡាស់ វេហ្គាស់ កាលពីចុងឆ្នាំកន្លងទៅ៕
ប្រភព៖ សារព័ត៌មានបរទេស