ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់សមាគមរោងចក្រកាត់ដេរកម្ពុជាបានថ្លែងថា ការដំ ឡើងប្រាក់ឈ្នួលកម្មករក្នុងវិស័យវាយនភណ្ឌកាត់ដេរ និងស្បែកជើងបានធ្វើឲ្យប៉ះពាល់ដល់ភាពប្រកួតប្រជែងរបស់កម្ពុជា។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរកម្ពុជាហៅកាត់ GMAC បានថ្លែងឲ្យដឹងកាលពីដើមសប្តាហ៍នេះថា ការដំឡើងប្រាក់ឈ្នួលអប្បបរមាក្នុងឧស្សាហកម្មនេះជាច្រើនឆ្នាំកន្លងមក និងការបន្តដំឡើងជារៀងរាល់ឆ្នាំនឹងមានផលប៉ះពាល់ធំមួយទៅលើសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា និងភាពរីកចម្រើននៃឧស្សាហកម្មនេះ។
លោកបន្តថា «ច្បាស់ណាស់ ការដំឡើងប្រាក់ឈ្នួលអប្បបរមាក៏ជាបន្ទុកផងដែរសម្រាប់និយោជកដែលកំពុងបាត់បង់សមត្ថភាពប្រកួតប្រជែងរបស់ខ្លួនបន្តិចម្តងៗ ប៉ុន្តែប្រសិនបើយើងអាចទទួលបានGSPសម្រាប់ស្បែកជើងដោយរួចពន្ធ និងកូតានោះ វានឹងក្លាយជាការជួយធំមួយសម្រាប់សមត្ថភាពប្រកួតប្រជែងរបស់យើងនៅក្នុងឧស្សាហកម្មស្បែកជើង»។
កាលពីខែកក្កដាឆ្នាំមុន សមាគមរោងចក្រកាត់ដេរកម្ពុជាក៏បានធ្វើការខិតខំប្រឹងប្រែងក្នុងការស្នើសុំការទទួលបានការអនុគ្រោះពន្ធ (GSP) លើប្រភេទទំនិញកាបូបយួរអ្នកដំណើរផងដែរ។ ទោះជាយ៉ាងណាលោក កាំង ម៉ូនីកា បានសម្តែងសុទិដ្ឋិនិយមផងដែរ ដោយលោកបានថ្លែងថា កម្ពុជានៅមានក្តីសង្ឃឹម និងនៅមានពេលច្រើនទៀតដោយសាររដ្ឋាភិបាលអាមេរិកនឹងបញ្ចប់ការពិនិត្យរបស់ខ្លួនរហូតដល់ចុងខែធ្នូឆ្នាំនេះ។
លោកបានថ្លែងបន្តថា ខ្ញុំមិនដឹងទេថា តើនៅពេលណារដ្ឋាភិបាលអាមេរិកនឹងពិនិត្យវាទាំងស្រុងនោះទេ ប៉ុន្តែតាមផែនការពួកគេនឹងបញ្ចប់ការពិនិត្យនៅត្រឹមចុងខែធ្នូឆ្នាំនេះ យើងនៅមានរយៈពេលច្រើនខែទៀតដើម្បីរៀបចំខ្លួន និងរួមកម្លាំងគ្នាទាំងឯកជន និងរដ្ឋាភិបាលដើម្បីដាក់ញត្តិទៅពួកគេ ហើយយើងពិតជាសង្ឃឹមថា យើងនឹងទទួលបានការគាំទ្រពីរដ្ឋាភិបាល។
លោកបានបន្ថែមថា យើងសង្ឃឹមថា ជាមួយនឹងការអនុវត្តល្អរបស់យើងពាក់ព័ន្ធនឹងអនុលោមភាពល្អលើផ្នែកការងារ រដ្ឋាភិបាលអាមេរិកនឹងពិចារណា ផ្តល់ឲ្យកម្ពុជានូវការអនុគ្រោះពាណិជ្ជកម្មដើម្បីជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសដើម្បីជួយដល់ការដំឡើងប្រាក់ឈ្នួលអប្បបរមាដែលកំពុងធ្វើឲ្យកម្ពុជាកំពុងបាត់បង់សមត្ថភាពប្រកួតប្រជែងរបស់ខ្លួនបន្តិចម្តងៗ»។
សមាគមរោងចក្រកាត់ដេរកម្ពុជា ហៅកាត់ថា GMAC ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ1996 ហើយមកទល់នឹងបច្ចុប្បន្នសមាគមនេះមានសមាជិកទាំងអស់ប្រមាណជា512 ជារោងចក្រកាត់ដេរ និង59ជារោងចក្រស្បែកជើង និងបានស្រូបទាញកម្លាំងពលកម្មប្រមាណជាជាង70ម៉ឺននាក់៕