ប្រធានាធិបតីសហរដ្ឋអាមេរិក មានទ្រព្យ2.1ពាន់លានដុល្លារ ថយចុះ1ពាន់លានដុល្លារបើធៀបជាមួយនឹង1ខែមុន ហើយពេលនេះ លោក Trump ក៏បានបាត់ឈ្មោះចេញពីបញ្ជី Top 1.000 នៃអ្នកមានបំផុតក្នុងពិភព លោករបស់ទស្សនាវដ្ដី Forbes ផងដែរ។
នៅក្នុងបញ្ជីឈ្មោះនៃមហាសេដ្ឋីពិភពលោកដែលទើបត្រូវបានចេញផ្សាយ ទស្សនាវដ្ដី Forbes បានពិនិត្យទៅលើការប្រែប្រួលនៃតម្លៃភាគហ៊ុនទៅតាមវិស័យជំនួញនីមួយៗរបស់លោក Trump ដើម្បីគន់គូរអំពីកម្រិតនៃផលប៉ះពាល់ពីវីរុសCOVID-19 ដល់ទ្រព្យសម្បត្តិរបស់ប្រធានាធិបតីអាមេរិករូបនេះ។
ក្នុងនោះ អចលនទ្រព្យប្រភេទពាណិជ្ជកម្ម បានថយចុះដែលគេអាចដឹងយ៉ាងច្បាស់។ មូលបត្ររបស់ក្រុមហ៊ុនមួយចំនួន ក្នុងនោះមាន Boston Properties និង Vornado Realty Trust ក៏បានថយចុះជាមធ្យម37% ចាប់ពីថ្ងៃទី1មីនា ដល់ថ្ងៃដែល Forbes ត្រូវគន់គូរអំពីទ្រព្យរបស់មហាសេដ្ឋីនានានៅក្នុងបញ្ជីឈ្មោះ។ តម្លៃមូលបត្ររបស់បណ្ដាក្រុមហ៊ុនក្នុងវិស័យសណ្ឋាគារ ខុនដូ និងអាជីវកម្មទីលានវាយកូនគោល (golf) ក៏ធ្លាក់ចុះច្រើន។
ទ្រព្យសម្បត្តិរបស់ប្រធានាធិបតីអាមេរិក កាលពីខែមីនា គឺមាន3.1ពាន់លានដុល្លារ។ បន្ទាប់ពីបានពិនិត្យ និងវាយតម្លៃគ្រប់ជ្រុងជ្រោយ ទស្សនាវដ្ដី Forbes បានរកឃើញថា ទ្រព្យសរុបរបស់លោក Trump បានបាត់បង់1ពាន់លានដុល្លារ ដោយសារតែវីរុសCOVID-19 ដូច្នេះ ទ្រព្យរបស់លោក Trump នៅសល់តែ2.1ពាន់លានដុល្លារប៉ុណ្ណោះ។
តម្លៃនៃអចលនទ្រព្យប្រភេទផ្ទះសម្រាប់រស់នៅរបស់លោក Trump ក៏បានថយចុះ87លានដុល្លារ នៅសល់ត្រឹម148លានដុល្លារ។ បច្ចុប្បន្ន ប្រធានាធិបតីអាមេរិក មានផ្ទះប្រមាណជា500ខ្នង នៅពាសពេញសហរដ្ឋអាមេរិក។
ក្នុងដំណាក់កាលនៃវិបត្តិសុខភាពនេះ ក្រុមហ៊ុនអចលនទ្រព្យ Trump Organization បានព្យាយាមលក់សណ្ឋាគារមួយនៅ Washington ប៉ុន្តែ គម្រោងការនេះត្រូវបានពន្យារពេល។ សារព័ត៌មាន Wall Street Journal បានចុះផ្សាយថា បណ្ដាក្រុមហ៊ុនរបស់លោកប្រធានាធិបតីអាមេរិក បានបញ្ឈប់បុគ្គលិកជាង550នាក់។ បើធៀបនឹងអំឡុងពេលមុនវិបត្តិសុខភាពCOVID-19 សណ្ឋាគាររបស់លោក Trump ពេលនេះបានបាត់បង់តម្លៃជិត70លានដុល្លារ នៅសល់ត្រឹម38លានដុល្លារប៉ុណ្ណោះ។
យីហោ Hotel Management & Licensing របស់លោក Trump ក៏បានបាត់បង់តម្លៃ32លានដុល្លារផងដែរ។ ចាប់ពីដើមខែមីនា តម្លៃរបស់ទីលានវាយកូនគោលរបស់ប្រធានាធិបតីអាមេរិក ក៏បានធ្លាក់ចុះ20% នៅសល់ត្រឹម217លានដុល្លារ។
ក្រៅពីទ្រព្យសម្បត្តិខាងលើ លោក Trump ក៏មានសាច់ប្រាក់សុទ្ធសរុប160លានដុល្លារ និងមូលបត្រតម្លៃ295លានដុល្លារ រួមនឹងទ្រព្យប្រភេទផ្សេងៗជាច្រើនទៀតផងដែរ។ ឆ្នាំនេះ ប្រធានាធិបតីអាមេរិក ឈរលំដាប់លេខរៀងទី1,001 នៅក្នុងបញ្ជីឈ្មោះនៃអ្នកមានទ្រព្យច្រើនបំផុតក្នុងពិភពលោករបស់ទស្សនាវដ្ដី Forbes ដោយបានធ្លាក់ចុះជិត300ថ្នាក់ បើធៀងនឹងឆ្នាំ2019៕
ប្រភព៖ សារព័ត៌មានបរទេស