ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-19 សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានផ្តួចផ្តើមកៀរគរធនធានហិរញ្ញវត្ថុ និងសម្ភារបរិក្ខារពេទ្យ និងទឹកប្រាក់មួយចំនួនក្នុងចំណោមសមាជិករបស់ខ្លួន។
នៅក្នុងដំណាក់កាលដំបូងនេះ សមាគមទាំង2 បានប្រមូលថវិកា និងសម្ភារដូចជា៖
1-ទឹកប្រាក់ចំនួន 280,350,000រៀល និងប្រាក់ដុល្លារចំនួន 48,545ដុល្លារអាមេរិក។
2-សម្ភារបរិក្ខារពេទ្យរួមមាន៖ ទឹកអាល់កុលចំនួន 50ប៊ីដុង ទឹកលាងដៃសម្លាប់មេរោគ(ជែល) ចំនួន30ប៊ីដុង ព្រមទាំងម៉ាស់ចំនួន 3,700សន្លឹក ដែលមានទឹកប្រាក់សរុបចំនួន 6,356 ដុល្លារ អាមេរិក។
កាលពីថ្ងៃទី7 ខែមេសា ឆ្នាំ2020 សមាគមទាំង2 បានយកថវិកា និងសម្ភារខាងលើទៅ ប្រគល់ជូនរាជរដ្ឋាភិបាលតាមរយៈឯកឧត្តម សេង ទៀង នាយករងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី។ ថវិកា និងសម្ភារទាំងអស់នោះទទួលបានមកពីការចូលរួមវិភាគទានរបស់សមាគមទាំង2 រួមជាមួយសមាជិករបស់ខ្លួន។
សមាជិកទាំងនោះរួមមានចំនួន 16គ្រឹះស្ថានធនាគារ និង 31គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ។ សមាគមទាំង2 បានថ្លែងអំណរគុណដល់សមាជិករបស់ខ្លួន ដែលបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល តាមរយៈការបរិច្ចាគជាថវិកា ឬជាសម្ភារ ដោយផ្ទាល់ ឬតាមរយៈសមាគម។
ជាមួយគ្រាដ៏លំបាកមួយសម្រាប់ប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល សមាគមទាំង2 រួមជាមួយសមាជិកជាគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បាននិងកំពុងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ដើម្បីជួយប្រជាជនកម្ពុជាយើងឆ្លងកាត់ឧបសគ្គមួយនេះ ហើយសមាគមក៏បានជឿជាក់ថា នឹងអាចយកឈ្នះការលំបាកជាមួយគ្នា ក្នុងពេលឆាប់ៗ។
សូមបញ្ជាក់ផងដែរថា ស្របពេលដែលប្រទេសកម្ពុជាកំពុងជួបប្រទះនូវការលំបាក ដែលបង្កឡើង ដោយវីរុសកូវីដ-19 សមាជិកសមាគមទាំង2 កន្លងមកក៏បានចូលរួមបរិច្ចាគថវិកាសប្បុរសធម៌តាម ស្ថាប័នរៀងៗខ្លួនផងដែរ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-19នេះ។ សមាគមទាំង2 ក៏នឹងបន្តសម្របសម្រួល និងទទួលការបរិច្ចាគ ពីសំណាក់សមាជិករបស់ខ្លួន ដើម្បីយកទៅជូនរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធនឹងវីរុសកូវីដ-19៕