Robot ដែលត្រូវបានបង្កើតឡើងដោយវិទ្យាស្ថានបច្ចេកទេសយោធារបស់ក្រសួងការពារជាតិវៀតណាម អាចប្រើដើម្បីដឹកជញ្ជូនអាហារ ថ្នាំពេទ្យ សំរាមជាដើម នៅជុំវិញកន្លែងព្យាបាលអ្នកជំងឺ COVID-19។
រ៉ូបូតដែលមានឈ្មោះថា Vibot នេះ ត្រូវបានគេដាក់ឱ្យប្រើប្រាស់សាកល្បងនៅឯមន្ទីរពេទ្យ Bac Thang Long នាទីក្រុងហាណូយ។ តួនាទីរបស់វានៅទីនេះ គឺការយកថ្នាំពេទ្យទៅចែកជូនអ្នកជំងឺCOVID-19 ជំនួសក្រុមគិលានុបដ្ឋាក។ Vibot ត្រូវបានគេកំណត់ឱ្យយកថ្នាំពេទ្យដែលក្រុមគ្រូពេទ្យបានរៀបចំ ធ្វើដំណើរទៅកាន់បន្ទប់របស់អ្នកជំងឺ ហើយអញ្ជើញអ្នកជំងឺឱ្យចេញមកយកថ្នាំ និងអរគុណ រួចជូនពរសុខភាពល្អដល់អ្នកជំងឺ ខណៈចល័តទៅកាន់បន្ទប់ផ្សេងទៀត។ ក្នុងពេលចល័ត រ៉ូបូតនេះថែមទាំងចាក់ចម្រៀងលើកទឹកចិត្តឱ្យប្រជាជនទប់ស្កាត់ COVID-19 ផងដែរ។
ក្នុងដំណាក់កាលដំបូង រ៉ូបូតនេះត្រូវបានរចនាឡើងដើម្បីជញ្ជូនអាហារ និងថ្នាំពេទ្យជាដើមដោយស្វ័យប្រវត្ត ពីខាងក្រៅចូលទៅក្នុងបន្ទប់អ្នកជំងឺ ព្រមទាំងអាចនាំយកសំរាម ឬរបស់របរផ្សេងៗពីបន្ទប់អ្នកជំងឺទៅកាន់កន្លែងដែលគេបានកំណត់។ រ៉ូបូតនេះក៏ថែមទាំងអាចជួយភ្ជាប់ទំនាក់ទំនងពីចម្ងាយរវាងក្រុមគ្រូពេទ្យ និងអ្នកជំងឺទៀតផង។
លោកបណ្ឌិត Tang Quoc Nam អ្នកស្រាវជ្រាវនៅមន្ត្រីបច្ចេកទេសយោធា និងជាអ្នកដឹកនាំគម្រោង បានឱ្យដឹងថា បន្ទាប់ពីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប្រគល់ភារកិច្ច ពួកគេក៏រចនារ៉ូបូតនេះបានដោយជោគជ័យ ដោយចំណាយពេលត្រឹមតែ2សប្ដាហ៍ប៉ុណ្ណោះ។ រ៉ូបូតនេះដំណើរការដោយមានការបញ្ជាពីមជ្ឈមណ្ឌលប្រតិបត្តិការរបស់វា។
ប្រធានមន្ទីរពេទ្យ Bac Thang Long បានវាយតម្លៃខ្ពស់ទៅលើរ៉ូបូតនេះ នៅពេលដែលវាអាចបំពេញភារកិច្ចជាច្រើនជំនួសបុគ្គលិកសុខាភិបាលចាប់ពី3ដល់5នាក់។
រ៉ូបូតខាងលើនេះក៏នឹងត្រូវអភិវឌ្ឍបន្តទៀត។ នេះបើតាមលោក Nguyen Lac Hong អនុប្រធានមន្ទីរស្រាវជ្រាវបច្ចេកទេសយោធានៃក្រសួងការពារជាតិវៀតណាម។ មន្ទីរស្រាវជ្រាវនេះក៏មានមហិច្ឆតាដើរឱ្យទាន់រ៉ូបូត TUG នៃក្រុមហ៊ុន Aethon របស់សហរដ្ឋអាមេរិកទៀតផង៕
ប្រភព៖ សារព័ត៌មានបរទេស