តាមការចុះផ្សាយរបស់សារព័ត៌មានល្បីៗបានឱ្យដឹងថា យ៉ាងហោចណាស់ក៏មានបង្គោលអង់តែន 5G ចំនួន៣ ដែរ ត្រូវបានភ្លើងឆាបឆេះក្នុងរយៈពេល 1សប្ដាហ៍កន្លងទៅ ដោយសារតែជំនឿមិនពិតនៅលើប្រព័ន្ធអនឡាញ ដែលបានចោទថា បង្គោលអង់តែននេះ បានបង្កការរាតត្បាតជំងឺកូវីដ-19។
អ្នកនាំពាក្យក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ Vodafone UK បានបញ្ជាក់ថា មានបង្គោលអង់តែនចំនួន 4 បានក្លាយជាមុខសញ្ញាក្នុងរយៈពេល 24ម៉ោងទៅមុខទៀត។
ពាក្យចចាមអារ៉ាម និងការយល់ឃើញទាក់ទងនឹងការបញ្ចេញសេវា 5G និងការរាតត្បាតនៃជំងឺកូវីដ-19 ត្រូវបានចែករំលែកយ៉ាងទូលំទូលាយលើបណ្ដាញទំនាក់ទំនងសង្គម។
ក្រុមជាច្រើនដែលមានវត្តមានលើ Facebook និង Nextdoor មានសមាជិកក្រុមជាច្រើនបានបន្តចែករំលែកការអះអាងមិនពិតថា 5G គឺបង្កផលប៉ះពាល់។
មានការយល់ឃើញមួយបានអះអាងថា ជំងឺកូវីដ-19 មានប្រភពចេញពីទីក្រុង Wuhan ក៏ព្រោះតែទីក្រុងនៃប្រទេសចិនមួយនេះ បានបញ្ចេញសេវា 5G កាលពីថ្មីៗកន្លងទៅ។ វាអាចរាតត្បាតដល់ទីក្រុងដទៃទៀត ដែលមានប្រើប្រាស់សេវា 5G ដូចគ្នា។
ការយល់ឃើញគ្មានភាពច្បាស់លាស់នេះ បានរំឭកថាជំងឺឆ្លងអាចរាតត្បាតកាន់តែខ្លាំងទៅកាន់ទីក្រុងណាដែលមានប្រជាជនច្រើន និងមានប្រើសេវា 5G។
មកទល់ពេលនេះ គ្មានភ័ស្តុតាងខាងវិទ្យាសាស្ត្រណាមួយ បង្ហាញថា ជំងឺរាតត្បាតកូវីដ-19 មានទាក់ទងនឹង 5G នោះទេ ហើយក៏មិនមានភ័ស្តុតាងបង្ហាញថា 5G មានផលប៉ះពាល់អវិជ្ជមានដល់សុខភាពនោះដែរ៕