ថ្មីៗនេះក្នុងវីដេអូដែលបង្ហោះលើគណនី Twitter របស់ខ្លួន លោក Tim Cook បានរៀបរាប់ថា Apple នឹងផលិតឧបករណ៍ការពារមុខឱ្យបានច្រើនបំផុត 1លានឧបករណ៍ក្នុង 1សប្ដាហ៍។
Apple បានប្រមូលផ្ដុំនូវអ្នកឌីហ្សាញផលិតផល វិស្វករ ក្រុមប្រតិបត្តិការ និងវេចខ្ចប់ និងដៃគូផ្គត់ផ្គង់របស់ខ្លួន ដើម្បីឌីហ្សាញ ផលិត និងដឹកជញ្ជូនឧបករណ៍ការពារមុខសម្រាប់បុគ្គលិកក្នុងវិស័យសុខាភិបាល។
តាមរយៈចង្វាក់ផលិតកម្មផ្គត់ផ្គង់ ក្រុមហ៊ុនក៏បានផ្ដល់ជូនម៉ាស់ចំនួន 20លានបន្ទះសម្រាប់គ្រូពេទ្យ និងគិលានុបដ្ឋាយិកា ដែលម៉ាស់ទាំងនេះ គឺម៉ាស់គុណភាពខ្ពស់ N95 ដែលអាចការពារកម្ទេចធូលីបានដល់ 95%
រំឭកផងដែរថា ការដឹកជញ្ជូនលើកដំបូងរបស់ Apple គឺដឹកទៅឱ្យមន្ទីរពេទ្យ Kaiser នៅតំបន់ Santa Clara សហរដ្ឋអាមេរិក កាលពីសប្ដាហ៍កន្លងទៅ ដែលទទួលបានការឆ្លើយតបជាវិជ្ជមានពីក្រុមគ្រូពេទ្យ៕