មហាជនជាច្រើនបានស្គាល់យ៉ាងជាក់ច្បាស់ហើយ តារាជើងចាស់អ្នកស្រី អ៊ឹម ផល្លា ឬមានឈ្មោះក្នុងពិភពសិល្បៈហៅថា «ម៉ែផល្លា » មានវ័យ 57 ឆ្នាំ ជាអតីតអ្នករបាំបុរាណម្នាក់ហើយបានផ្លាស់ប្តូរមកសម្តែងក្នុងតួជាម្តាយអ្នកបម្រើមេដោះ ជាដើម អស់រយៈពេលជិត20ឆ្នាំមកហើយ។ ទស្សនិកជនដែលនិយមតាមដានរឿងភាគខ្មែរ តែងតែឃើញគាត់ដើរ តួម្តាយពាក់មាសគ្រឿងអលង្ការស្រោចខ្លួន តែក្នុងរឿងប៉ុណ្ណោះ ចំណែកឯជីវភាពខាងក្រៅសាច់រឿងវិញ ក្ររហូតដល់ថ្នាក់ ចង់សម្លាប់ខ្លួនជាច្រើនលើក ដោយសារតូចចិត្តក្រគ្មានលុយឱ្យថ្លៃបន្ទាប់ជួល ហើយម្ចាស់ផ្ទះចាក់សោរលែងឱ្យគាត់រស់នៅ។
ថ្មីៗឡារ៉ែន ទទួលដំណឹងមកថា ម៉ែផល្លា កំពុងធ្លាក់ខ្លួនឈឺធ្ងន់ និងត្រូវការប្រាក់វះកាត់ជំងឺឆ្អឹងខ្នងជាបន្ទាន់ ដែលក្នុងមួយលើកត្រូវចំណាយយ៉ាងហោចណាស់ 500 ដុល្លារ។ នេះបើតាមការបង្ហោះរបស់តារាសម្ដែង ស្រេន វុធថា នៅលើបណ្ដាញសង្គមហ្វេសប៊ុកប៉ុន្មានម៉ោងមុននេះ បានឱ្យដឹងបន្ថែមថា « តារាសម្តែងជើងចាស់ ម៉ែ ផល្លា គាត់សព្វថ្ងៃនេះមានជំងឺឆ្អឹងខ្នង តម្រូវវះកាត់ ហើយពុំមានថវិការក្នុងការវះកាត់ ដែរត្រូវចំណាយអស់ 500 ដុល្លារ ពេលឈឺម្ដងៗធ្វេីទុក្ខឈឺចាប់ពេញរាងកាយ ហេីយពេលនេះសិល្បៈមិនសូវរកចំណូលបាន គាត់សូមឱ្យបងប្អូនជួយដល់គាត់ផង សូមបងប្អូនជួយដល់គាត់ផង។ ជាពិសេសបងប្អូនអ្នកសិល្បៈសូមកុំមើលរំលងគាត់អី ជួយដល់គាត់ផង លេខម៉ែផល្លា 0967772990 »។
កន្លងកមក លោកស្រីធ្លាប់ថ្លែងទាំងទឹកភ្នែកហូររហាម ប្រាប់អ្នកសារព័ត៌មានថា ដោយសារជំងឺប្រចាំកាយនិងមិនមានការសម្តែងច្រើនដូចមុន ទើបអ្នកស្រីមិនមានចំណូលសម្រាប់បង់ថ្លៃផ្ទះជួល។ មិនមានទីពឹង ខណៈកូនប្រុសត្រូវជាប់ឃុំនៅឡើយ ទើបអ្នកស្រីអស់សង្ឃឹមហើយចង់បញ្ចប់ជីវិតដោយការលោតទឹក ប៉ុន្តែដោយសារអ្នកជិតដិតជាអ្នកសិល្បៈដូចគ្នាជួយលួងលោមលើកទឹកចិត្ត និងរៃគ្នាតិចតួចដើម្បីជួយ ទើបអ្នកស្រីបានប្តូរចិត្ត ។ ដូច្នោះហើយ ប្រសិនបើសប្បុរសជន និងមិត្តសិល្បៈ មានបំណងចិត្តចង់ជួយដល់ការព្យាបាល ម៉ែផល្លា អាចទំនាក់ទំនងផ្ទាល់តាមរយៈទូរស័ព្ទខាងលើនេះ៕