ខាងក្រោមនេះគឺជាបញ្ហាមួយចំនួនសម្រាប់កូនកំលោះ កូនក្រមុំដែលត្រូវតែជួបក្នុងថ្ងៃដ៏សំខាន់នោះ ទាំងរឿងរបស់ខ្លួនឯង និងរឿងផ្សេងៗជាច្រើនដែលសាម៉ីខ្លួនទាំងពីរត្រូវប្រឈម និងកែកុនដោះស្រាយ ដូច្នេះពេលនេះ ឡារ៉ែនសូមលើកយកសំនួរចម្លើយមួយចំនួនដែលពាក់ព័ន្ធនឹងរឿងខាងលើមកជម្រាបមិត្តអ្នកអានដែលស្ថិតក្នុងវ័យប្រុងប្រៀបរៀបអាពាហ៍ពិពាហ៍ដូចតទៅ។
1 – ជាប្រក្រតីខ្ញុំជាមនុស្សដែលដឹងថាខ្លួនឯងគួរតុបតែងខ្លួនបែបណា តែលុះដល់ពេលរៀបការ បែរជាលែងដឹងអីទាំងអស់រឹតតែមើលសៀវភៅដែលមានម៉ូដឈុតរៀបការច្រើនម៉ាកច្រើនម៉ូដផងនោះ រឹតតែរើសលែងត្រូវតែម្តង តើត្រូវធ្វើយ៉ាងណាទៅ?
– មុនគេបង្អស់នោះគឺ អ្នកត្រូវដឹងថា ឈុតអាពាហ័ពិពាហ៍នឹងត្រូវបានជ្រើសរើសយកបែបណានោះ អាស្រ័យលើរូបបែបរបស់ពិធី ដូចជា ពិធីរៀបចំនៅទីណា ទំនើបខ្លាំងតិចប៉ុនណា ជាពិធីនៅពេលយប់ ឬពេលថ្ងៃ។ ការជ្រើសរើសមើលឈុតអាពាហ៍ពិពាហ៍នៅក្នុងទស្សនាវដ្តីនោះគឺជារឿងត្រឹមត្រូវហើយ ព្រោះអ្នកនឹងទទួលបានព័ត៌មានសម្រាប់ត្រៀមទុកជាមុន ថាហាងណាដែលអ្នកចូលចិត្តស្ទីល និងម៉ូដរបស់គេខ្លាំងជាងគេបំផុត។
2 – ជាមនុស្សដែលមានភ្នែកមីញ៉ូបខ្លាំង ចង់ដោះវ៉ែនតាចេញនៅថ្ងៃរៀបការក៏ប្រហែលជាលំបាក តែមិនធ្លាប់ឃើញកូនក្រមុំណាមួយពាក់វ៉ែនតាក្នុងថ្ងៃរៀបការសោះ ឬមួយក៏ពាក់ខន់ថេកស៍លេនស្រួលជាង?
– កុំភ្លេចថា កូនកំលោះរបស់អ្នកនាងមើលឃើញអ្នកនាងថាជានារីដ៏ស្អាតគួរឱ្យស្រឡាញ់របស់គេក៏ព្រោះតែអ្នកនាងពាក់វ៉ែនតានេះមករហូតដែរ កុំគិតថាថ្ងៃអាពាហ៍ពិពាហ៍គឺជាថ្ងៃដែលយើងត្រូវផ្លាស់ប្តូរខ្លួនឯងឱ្យសោះ យើងជាខ្លួនរបស់ខ្លួនយើងក្នុងបែបដែលល្អបំផុតទើបជាការប្រសើរ សាកល្បងគិតទៅមើល បើនៅថ្ងៃអនាគតអ្នកយករូបថតក្នុងថ្ងៃរៀបការដែលអ្នកមិនបានពាក់វ៉ែនតាមកមើល ហើយចំណាំមុខខ្លួនឯងមិនបាននោះ តើអ្នកគិតយ៉ាងណា? ដូច្នេះអ្វីដែលអ្នកត្រូវគិតនៅពេលនេះគឺ តើដងវ៉ែនតាដែលអ្នកពាក់ សមគ្នាជាមួយម៉ូដអាវដែលត្រូវពាក់នៅថ្ងៃនោះដែរឬទេ?។
3 – ស្អប់ការត្រូវក្លាយខ្លួនជាចំណុចលេចធ្លោបំផុត តែកំពុងជិតក្លាយជាកូនក្រមុំ ស្រមៃឃើញខ្លួនឯងរំភើបញាប់ញ័ររហូតខ្យល់គកណ្តាលពិធី តើត្រូវធ្វើយ៉ាងម៉េចទៅ?
– ការធ្វើជាកូនក្រមុំក្នុងពិធីមង្គលការធ្វើឱ្យអ្នកខ្លាំងជាងចំណុចលេចធ្លោទៅទៀត ព្រោះស្មើនឹងម្ចាស់ក្សត្រីយ៍ឯណោះ ចូរចាំទុកថាភ្ញៀវដែលមកចូលរួមពិធីនោះ គេមកដើម្បីចូលរួមអបអរសាទរ និងគ្រប់គ្នាមានសេចក្តីស្រឡាញ់ ក្តីប្រាថ្នាល្អមកឱ្យអ្នកទាំងអស់គ្មាននរណាម្នាក់តាមសម្លឹងចាប់កំហុសអ្នកនោះទេ។ វិធីតាំងស្មារតីកុំឱ្យរំភើបញាប់ញ៍រជ្រុលពេកនោះគឺ ចូរជឿជាក់លើខ្លួនឯង ក្នុងអំឡុងពេលនិយាយថ្លែងអំណរគុណ បើនៅមិនទាន់បាត់ញាប់ញ័រទៀតនោះ ចូរបំភ្លេចអ្នកដទៃមួយរយៈសិន ហើយសម្លឹងចូលទៅក្នុងកែវភ្នែករបស់កូនកំលោះរបស់អ្នក នោះអ្នកនឹងទទួលបានកម្លាំងចិត្ត និងភាពកក់ក្តៅច្រើនឡើងទៀតមិនខាន។
4 – ប្រាក់មានចំនួនកំណត់សម្រាប់រៀបចំពិធីមង្គលការ កំពុងពិបាកចិត្តណាស់
– ចំនួនលុយមិនមែនជាបញ្ហាដែលធ្ងន់ធ្ងរបំផុតនោះទេ បើអ្នកទាំងពីរឯកភាពគ្នាបាននោះ ពិធីដែលសមល្មម ចាយវាយក្នុងកម្រឹតដែលអ្នកអាចទប់ទល់រួច ទាំងអស់នេះគឺជាវិធីដែលល្អបំផុតរបស់ការរៀបចំពិធីដែលត្រឹមត្រូវ។ សាកល្បងគិតមើលថា ចំនួនភ្ញៀវដែលអ្នកត្រៀមអញ្ជើញមកនោះ ច្រើនជ្រុលពេកឬទេ? ពិធីធំជាមួយការរៀបចំបែបធម្មតាៗ ហើយនិង ពិធីដែលរាងតូចបន្តិច តែមានភាពពិសេសល្អដោយឡែក តើមួយណាល្អជាង?។
5 – នាងខ្ញុំជាកូនក្រមុំ តែជាកូនក្រមុំអាយុ 37 ពេលនេះនឹកមិនឃើញសោះ ថាត្រូវតែងខ្លួនយ៉ាងម៉េចទើបមើលទៅមិនជ្រុលពេក ព្រោះមានអារម្មណ៍ថា ខ្លួនឯងចាស់ចាស់រហូតឡើងអៀន។
– គ្មានអ្វីជ្រុលឡើយសម្រាប់កូនក្រមុំក្នុងថ្ងៃពិសេសរបស់នាងនោះ បើជាអ្វីដែលនាងចូលចិត្ត មិនថាអាយុប៉ុន្មានក៏ដោយអ្វីដែលអ្នកគួរតែនឹកដល់នោះគឺ រឿងរបស់ម៉ូដឈុតដែលចូលគ្នាជាមួយរូបរាងរបស់ខ្លួន និងស៊ីគ្នាជាមួយកូនកំលោះ។ តើអ្នកដឹងទេថាអ្នកជំនាញខាងឈុតអាពាហ៍ពិពាហ៍ជាច្រើននាក់បានប្រាប់ថា នារីៗយើងស្លៀកឈុតពណ៌មាសនឹងស្អាតជាទីបំផុត និងថែមទាំងស័ក្តិសមជាមួយនារីដែលមានអាយុរាងច្រើនបន្តិចទៀតផង តែ អេះ?!… ការពិតទៅ សម័យនេះអាយុ 37 គ្មានអ្នកណាគេថាចាស់ទេ។