បន្ទាប់ពីផ្ទុះបទចម្រៀងរបស់ ឡាំយ៉ៃ ហៃថងខាំ ដែលមានចំណងជើងថា “ผู้สาวขาเลาะ”( ភូសាវខាឡក់) ស្រាប់តែ តារាសម្ដែងប្រុស Mario Maurer ទទួលបានការទាក់ទងឱ្យសម្ដែងក្នុងបទចម្រៀង និងរឿងរបស់តារាស្រី ឡាំយ៉ៃ ដោយសម្តែងជាតួឯកជាមួយគ្នាទៀតផង ក៏ប៉ុន្ដែជាអកុសលមិនទាន់ដឹងអីផងត្រូវបានតារាឯកប្រុសរូបនេះបដិសេធមុនបាត់ទៅហើយ។
មុននេះបន្ដិច មានព័ត៌មានមួយបានចេញផ្សាយថា ក្រុមហ៊ុនផលិតភាពយន្តដ៏ធំមួយគឺ សហមង្គលហ្វ៊ីមល៍ ត្រៀមថតខ្សែភាពយន្ដរឿង “ผู้สาวขาเลาะ”( ភូសាវខាឡក់) ដោយមានតារាឯកស្រីគឺជាតារាចម្រៀងម្ចាស់បទនោះផ្ទាល់តែម្ដង ហើយគ្រោងឱ្យសម្ដែងជាមួយតារាឯកប្រុស Mario Maurer ទៀតផង។ តែយ៉ាងណាមិញនៅទីបំផុត កាលពីថ្ងៃទី25 ខែកក្កដា ឆ្នាំ2017 តារាឯកប្រុសរូបនេះបានឆ្លើយតបទៅវិញថា «ទទួលបានការទាក់ទងឱ្យសម្តែងភាពយន្ដរឿងនេះពិតប្រាកដមែន ក៏ប៉ុន្ដែតារាងការងារពេញអស់ហើយ ច្រើនពេក ទើបត្រូវឡើងទៅនិយាយជាមួយហ៊ា ចៀង ជាម្ចាស់ផលិតកម្មដោយផ្ទាល់ថា មិនអាចទទួលការងារនេះបានទេ ព្រោះបើទទួលទៀតពិតជាទៅមិនរួចទេ ទើបហ៊ា ចៀង បានប្រាប់មកវិញថា ចង់ឱ្យសាកល្បងអានសាច់រឿងនេះបន្ដិច ខ្ញុំក៏បានសាកល្បងអានអត្ថបទ និងព្យាយាមរកពេលទំនេរ តែពុំមានឱកាសសោះ ទើបមានតែរង់ចាំពេលក្រោយ»។
គួរបញ្ជាក់ផងដែរថា ការឆ្លើយតបបែបនេះហាក់បីដូចជាបំបាក់អំនួតតារាស្រី ឡាំយ៉ៃ ហៃថងខាំ បន្តិចដែរ ព្រោះថា បច្ចុប្បន្ននេះនាងកំពុងតែឡើងកូដខ្លាំងមែនទែន ហើយអ្នកណាៗក៏ចង់សម្តែងក្នុងខ្សែភាពយន្តជាមួយនាងដែរ ព្រោះនាងល្បីល្បាញរហូតដល់ថ្នាក់គ្រាន់តែជាបទដំបូងរបស់នាងសោះ ស្រាប់តែមានការទិញយកទៅផលិតជាខ្សែភាពយន្ដខ្នាតធំទៅហើយ៕