ប្រទេសឥណ្ឌានឹងលុបចោលវិធានការ “បិទទីក្រុង 3សប្ដាហ៍” ជាដំណាក់ៗ តាមការឱ្យដឹងរបស់លោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី កាលពីថ្ងៃព្រហស្បតិ៍(ទី2មេសា)ម្សិលមិញ បើទោះជាអាជ្ញាធរព្យាយាមខំរើបម្រះប្រយុទ្ធយ៉ាងខ្លាំងក្លា ដើម្បីគ្រប់គ្រងក្រុមអ្នកឆ្លងមេរោគកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 ដ៏ធំបំផុតរបស់ប្រទេសក្នុងទីក្រុងនីវដេលីយ៉ាងណាក៏ដោយ។
វិធានការបិទប្រទេស ដែលធ្វើឱ្យប្រទេសមានសេដ្ឋកិច្ចធំជាងគេលំដាប់លេខ3 របស់ទ្វីបអាស៊ីមួយនេះធ្លាក់ក្នុងសភាវនៅទ្រឹងនោះ នឹងផុតកំណត់នៅថ្ងៃទី14 មេសាខាងមុខ។
វិធានការនោះ គឺលោកនាយករដ្ឋមន្ត្រី ម៉ូឌី បានបញ្ជាឱ្យប្រជាជនចំនួន 1,300លាននាក់របស់ប្រទេសស្ថិតនៅតែក្នុងផ្ទះ ដើម្បីចៀសវាងពីការឆ្លងមេរោគកូវីដ-19ដ៏ធំធេងមួយ តែយ៉ាងណាក៏ដោយ សភាវបិទប្រទេសដ៏ធំបំផុតរបស់ពិភពលោកមួយនេះ បានបណ្ដាលឱ្យមនុស្សជាច្រើនលាននាក់ត្រូវអស់ការងារធ្វើ និងបង្ខំឱ្យពលករចំណាកស្រុកនាំគ្នារត់ភៀសខ្លួនត្រឡប់ទៅស្រុកកំណើត ជាទីដែលពួកគេល្មមអាចនៅមានកន្លែងជ្រកពួន និងមានអាហារបរិភោគខ្លះៗគ្រាន់នឹងរស់។
លោក ម៉ូឌី បានប្រាប់ទៅគណៈអភិបាលរដ្ឋទាំងឡាយរបស់ប្រទេសឥណ្ឌាថា វិធានការបិទប្រទេសនេះ ជួយកម្រិតការឆ្លងរាលដាលបានមែន តែស្ថានការណ៍ទូទាំងពិភពលោកនៅស្ថិតនៅឆ្ងាយពីកម្រិតដែលគួរឱ្យកក់ក្ដៅច្រើនណាស់ និងជឿថា នឹងមានការឆ្លងរាលដាលរលកទី2 កើតឡើងជាមិនខាន។
រដ្ឋបាលរដ្ឋនានា បានស្រង់សម្ដីរបស់លោកនាយករដ្ឋមន្ត្រីក្នុងអំឡុងការប្រជុំតាមរយៈវីដេអូ ខន់ហ្វើរ៉េនស៍ ថា “នាយករដ្ឋមន្ត្រីប្រាប់ថា វាសំខាន់ណាស់ដែលត្រូវកំណត់យុទ្ធសាស្ត្រចាកចេញពីការបិទប្រទេសរួមគ្នា ដើម្បីចៀសវាងពីការប្រមូលផ្ដុំរបស់ប្រជាជន នៅពេលដែលការបិទប្រទេសត្រូវបញ្ចប់”
ឥណ្ឌាបានរកឃើញអ្នកឆ្លងមេរោគហើយ 1,965នាក់ ក្នុងនោះមានស្លាប់ 50នាក់ ដែលចំនួននេះអាចរាប់បានថា តិចតួចខ្លាំងណាស់បើប្រៀបធៀបជាមួយសហរដ្ឋអាមេរិក ចិន អ៊ីតាលី និងអេស្ប៉ាញ តែយ៉ាងណាក៏ដោយ ក៏មានក្ដីកង្វល់ដ៏ធំធេងមួយថា ការប្រមូលផ្ដុំរបស់ប្រជាជននឹងកើតឡើងម្ដងទៀតនៅក្នុងទីក្រុងនីវដេលី បន្ទាប់ពីការប្រមូលផ្ដុំរបស់ក្រុមអ្នកបង្ហាត់សាសនាមូស្លីម 1ក្រុមកាលពីខែមុន ដែលបានក្លាយជាខ្សែដុតបញ្ឆេះនៃករណីឆ្លងរាលដាលមេរោគរាប់សិបនាក់ទូទាំងប្រទេស។
កាលពីសប្ដាហ៍កន្លងទៅ ប្រជាជនឥណ្ឌាចំនួនដ៏ច្រើនបានទៅប្រជ្រៀតគ្នាឡើងជិះរថភ្លើង និងរថយន្តក្រុងឱ្យបានទាន់ មុនពេលកិច្ចការងារអ្វីៗត្រូវបញ្ឈប់យ៉ាងទាន់ហន់ ខណៈដែលមនុស្សម្នាជាច្រើនទៀតសុខចិត្តដើរដោយជើង ដើម្បីត្រឡប់ទៅស្រុកកំណើតរបស់ខ្លួន ក្រោយពីរដ្ឋបាលបានបញ្ជាឱ្យបិទប្រព័ន្ធដឹកជញ្ជូនសាធារណៈ និងទុកតែសេវាកម្មសំខាន់ៗ ដើម្បីគ្រប់គ្រងការចម្លងសាយភាយរបស់មេរោគវីរុស ដែលខណៈនោះមានអ្នកឆ្លងមេរោគរួចហើយជាង 1,000នាក់។
តាមរយៈស្ថិតិរបស់រដ្ឋាភិបាល កាលពីអំឡុងឆ្នាំ2016-2017 បានរកឃើញថា ឥណ្ឌាមានពលករចំណាកស្រុកគ្មានជំនាញ ឬមានជំនាញតិចតួចប្រមាណជា 100លាននាក់ ឬប្រមាណជា 1ភាគ5 នៃកម្លាំងពលកម្មសរុបទូទាំងប្រទេស។
នៅពេលគ្មានការងារឱ្យធ្វើ ពលករភាគច្រើន ជាពិសេសក្នុងរដ្ឋដែលក្រៗ ដូចជា រដ្ឋភិហារ និងរដ្ឋឧតតារៈប្រទេសជាដើម បាននាំគ្នាធ្វើដំណើរឆ្ពោះមកទីក្រុងធំ និងរដ្ឋដែលមានៗ នៅប៉ែកខាងត្បូង។ មនុស្សទាំងនោះត្រូវស្នាក់អាស្រ័យដេកពួននៅក្នុងបន្ទប់ដ៏តូចចង្អៀត និងមានរយៈពេលធ្វើការច្រើនម៉ោងក្នុង 1ថ្ងៃៗ ដោយទទួលបានប្រាក់ឈ្នួលត្រឹមតែបន្តិចបន្តួច និងគ្មានសុវត្ថិភាព និងជំនួយអ្វីទាំងអស់អំពីរដ្ឋ។
ប្រាក់ដែលនៅសល់ពីការចាយវាយ នឹងត្រូវផ្ញើត្រឡប់ទៅទំនុកបម្រុងក្រុមគ្រួសារនៅឯស្រុក។
សារព័ត៌មានឥណ្ឌាបានប៉ាន់ប្រមាណថា វិធានការបិទប្រទេស បានបង្កឱ្យកើតមានការភៀសខ្លួនបំផ្លាស់ទីរបស់ប្រជាជនរាប់សែននាក់៕
ប្រភព៖ សាព័ត៌មានបរទេស