ភ្នំពេញ៖ ក្នុងរយៈពេល 6ខែដើមឆ្នាំ2017នេះ ចំណូលពន្ធអាករសរុបដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន 4,769.62លានរៀល ស្មើនឹង 1,112.40លានដុល្លារអាមេរិក ស្មើនឹង69.49% នៃគោលដៅកំណត់។
ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលឆមាសទី1 ឆ្នាំ2017នេះថា ប្រសិនបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ2016 ឃើញថាចំណូលពន្ធអាករគ្រប់ប្រភេទសម្រាប់រយៈពេល06ខែ ឆ្នាំ2017 នេះមានការកើនឡើង 1,060.25ពាន់លានរៀល (ប្រមាណជា 265.07លានដុល្លារអាមេរិក) ឬស្មើនឹងអត្រាកំណើន 32.14%។
ក្នុងឆមាសទី1នេះ អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា មានការកើនឡើងនូវប្រាក់ពន្ធ ស្ទើរគ្រប់ប្រភេទពន្ធ ជាពិសេសប្រភេទពន្ធ-អាករសំខាន់ៗមានជាអាទិ៍៖ ពន្ធលើប្រាក់ចំណូល កើនឡើង32.8% អាករលើតម្លៃបន្ថែមកើនឡើង45.1% ខណៈដែលអាករពិសេសកើនឡើង 10.7% និងពន្ធលើប្រាក់បៀរវត្សរ៍មានការកើនឡើងចំនួន 5.0%។
ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ឋមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកោតសរសើរចំពោះកិច្ចប្រឹងប្រែង ព្រមទាំងផ្តល់ការគាំទ្រ និងឯកភាពចំពោះវិធានការដែលបានដាក់ចេញដោយប្រតិភូរាជរដ្ឋាភិបាលក្នុងន័យបង្កើនផលិតភាពក៏ដូចជាការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ និងកម្មវិធីកំណែទម្រង់ ជាពិសេសការពិនិត្យកែសម្រួល និងរៀបចំលខិតបទដ្ឋានគតិយុត្តនានាដើម្បីធានាបាននូវសង្គតិភាពការងារ អនុវត្តការងារគ្រប់គ្រងប្រមូលពន្ធ។
ជាមួយគ្នានេះដែរ ឯកឧត្តមបានជំរុញឱ្យមានការប្តេជ្ញាផ្តល់សេវាកម្មជូនអ្នកជាប់ពន្ធឱ្យកាន់តែប្រសើរ តាមរយៈការពង្រឹងសមត្ថភាពមន្រ្តី និងបំពាក់សម្ភារបរិក្ខារបច្ចេកវិទ្យា ព្រមទាំងពង្រឹងកិច្ចសហការជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ទៅតាមការចាំបាច់។
លើសពីនេះត្រូវបន្តធ្វើបច្ចុប្បន្នភាពលើអចលនទ្រព្យសម្រាប់ពន្ធលើអចលនទ្រព្យក្នុងក្របខ័ណ្ឌទូទាំងប្រទេស សំដៅធ្វើយ៉ាងណាឱ្យការប្រមូលពន្ធប្រភេទនេះប្រព្រឹត្តទៅដោយរលូន។ យ៉ាងណាក៏ដោយឯកឧត្តមបានជំរុញឱ្យមានការយកចិត្តទុកដាក់ពន្យល់ណែនាំអ្នកជាប់ពន្ធតូចៗ និងលើកទឹកចិត្តឱ្យពួកគាត់ចុះបញ្ជីសម្រាប់អ្នកជាប់ពន្ធដែលមានផលរបរប្រចាំឆ្នាំចាប់ពី250លានរៀលឡើងទៅ ប៉ុន្តែចៀសវាងដាច់ខាត កុំសម្លុតគំរាមកំហែងផ្សេងៗដល់អ្នកជាប់ពន្ធ៕