Zoom ក្លាយជាកម្មវិធីមួយដែលទទួលការពេញនិយម ពីមនុស្សរាប់លាននាក់ក្នុងរយៈពេលតែ2 ឬ 3សប្ដាហ៍ចុងក្រោយនេះ បើទោះបីជាកម្មវិធីនេះបានបង្កើតឡើងមកជាង9ឆ្នាំហើយក៏ដោយ។
ដោយសារតែមានតម្រូវការបន្ទាន់នៃកម្មវិធី ដែលមានភាពងាយស្រួលក្នុងការប្រើប្រាស់ជាលក្ខណៈ Video Conferencing ក្នុងអំឡុងពេលនៃការរីករាលដាល មេរោគ កូវីដ-19។ យ៉ាងណា បើយោងតាមអ្នកជំនាញ បានណែនាំដូច្នេះថា វាអាចអនុញ្ញាតឱ្យជនអនាមិកលួចយក លេខសម្ងាត់ វីនដូ (Windows Password) បាន ដោយសារតែមានចំណុចខ្សោយមួយចំនួននៅក្នុងកម្មវិធី Zoom ។
ទោះបី Zoom គឺជាកម្មវិធីមួយដែលមានប្រជាប្រិយភាពសម្រាប់ Online Video Meeting ក៏ដោយ តែវាមិនមែនជាជម្រើសដ៏ល្អបំផុត សម្រាប់ផ្នែកឯកជនភាព (Privacy)និង សន្តិសុខ (Security) នៅឡើយទេ ដូចជាកម្មវិធីនេះពុំមាន end-to-end encrypted ដូចកម្មវិធីគេផ្សេងៗទៀត ដែលអាចធ្វើឱ្យក្រុមហ៊ុនថតចម្លងវីដេអូរបស់លោកអ្នកបាន ប៉ុន្តែកំហុសដ៏ធំមួយទៀតនោះគឺ ជនអនាមិកអាចលួចយក លេខសម្ងាត់ វីនដូ តាមរយៈភាពចន្លោះប្រហោងក្នុងកម្មវិធីនេះ។
ភាពចន្លោះប្រហោងនេះ ដោយសារតែ Zoom ដំណើរការនៅលើប្រព័ន្ធដំណើរការ Windows ដែលប្រើមុខងារ Remote UNC paths ហើយបំប្លែងនូវ URLs ទៅជា Hyperlinks សម្រាប់អ្នកទទួលនៅក្នុងសារ ជាលក្ខណៈផ្ទាល់ខ្លួន ឬក្នុងក្រុម។ ក្រុមអ្នកស្រាវជ្រាវបានផ្ដល់ព័ត៌មាននេះទៅក្រុមហ៊ុន Zoom ហើយ ប៉ុន្តែក្រុមហ៊ុនពុំទាន់បានធ្វើកំណែទម្រង់លើកម្មវិធីនេះទេ ដូច្នេះពួកគេក៏សំណូមពរឱ្យអ្នកប្រើប្រាស់ គួរប្រើកម្មវិធី Zoom តាមរយៈ Web Browser ជាជាងកម្មវិធីផ្ទាល់របស់ Zoom សម្រាប់វីនដូ ឬក៏ប្រើកម្មវិធីផ្សេងទៀតក៏បាន។
កាលពីសប្ដាហ៍មុនក្រុមហ៊ុន Zoom ទើបតែធ្វើបច្ចុប្បន្នភាពកម្មវិធីជាមួយប្រព័ន្ធ iOS ក្រោយពីត្រូវបានគេរកឃើញថា ក្រុមហ៊ុនបានផ្ដល់ទិន្នន័យរបស់អ្នកប្រើប្រាស់ទៅឱ្យក្រុមហ៊ុន Facebook៕
ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department