អ្នកវិទ្យាសាស្ត្រចិន ដែលកំពុងធ្វើតេស្ដលើវ៉ាក់សាំងការពារវីរុស COVID-19 នឹងប្រកាសលទ្ធផលលើការធ្វើតេស្ដសាកល្បងលើកទី1 នៅក្នុងខែមេសានេះ។ ជាងនេះទៀត អ្នកជំនាញដដែលសង្ឃឹមថា អាចបន្តធ្វើតេស្ដសាកល្បងក្រោយៗទៀតនៅក្រៅប្រទេសចិន។
លោក Chen Ling អ្នកឯកទេសផ្នែកវីរុសនៅមន្ទីរពិសោធន៍ជំងឺផ្លូវដង្ហើម State Key បានលើកឡើងថា ការធ្វើតេស្ដសាកល្បងនៅដំណាក់កាលទី2 និងទី3 អាចនឹងត្រូវការអ្នកចូលរួមរាប់ពាន់នាក់ និងអាចធ្វើតេស្ដសាកល្បងនៅប្រទេសដែលកំពុងឆ្លងវីរុសខ្លាំង ដើម្បីទទួលបានលទ្ធផលកាន់តែឆាប់ និងត្រឹមត្រូវច្បាស់លាស់។ លោកបន្ថែមថា ប្រទេសអាចទប់ស្កាត់ការឆ្លងវីរុសCOVID-19 បានលឿនពេក គឺធ្វើឱ្យមិនមានករណីឆ្លងសម្រាប់ធ្វើតេស្ដសាកល្បងនៅដំណាក់កាលក្រោយ។
ប្រសិនបើ ធ្វើតេស្ដលើមនុស្ស 10,000នាក់ហើយលទ្ធផលបង្ហាញថា មានតែមនុស្ស 100នាក់អាចបង្កើតជាអង់ទីគ័រប្រឆាំងវីរុសនេះបាន លទ្ធផល 0 ,01% នេះមិនគ្រប់គ្រាន់ក្នុងការប្រើប្រាស់វ៉ាក់សាំងនេះទៅលើមនុស្សទូទៅទេ។
លោកស្រី Chen Wei អ្នកជំនាញជំងឺឆ្លង និងវីរុសនៅសាកលវិទ្យាល័យ វិទ្យាសាស្ត្រវេជ្ជសាស្ត្រយោធា បានប្រាប់ទៅសារព័ត៌មាន China Daily ថា ប្រសិនជាលទ្ធផលតេស្ដលើកដំបូងបញ្ជាក់ថា វ៉ាក់សាំងមានសុវត្ថិភាព និងមានលទ្ធផលតាមដែលចង់បាន ប្រទេសចិននឹងបន្តធ្វើតេស្ដរកប្រសិទ្ធភាពវ៉ាក់សាំងនេះនៅប្រទេសផ្សេង បើវីរុសនេះនៅតែបន្តរាតត្បាត។ អ្នកស្រីបានបន្តទៀតថា មានប្រទេសជាច្រើនមានចំណាប់អារម្មណ៍សហការជាមួយក្រុមអ្នកវិទ្យាសាស្ត្ររបស់ប្រទេសចិនក្នុងការធ្វើតេស្ដវ៉ាក់សាំងនេះ។
ការធ្វើតេស្ដសាកល្បងវ៉ាក់សាំងលើកដំបូងធ្វើឡើងនៅទីក្រុងវូហាននៅថ្ងៃទី16 ខែមីនា ដែលមានអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងនេះ 108នាក់៕